ក្នុងរយៈពេលមិនដល់បីថ្ងៃ គណនី TikTok របស់ Trump ទទួលបានអ្នកតាមដានជិត ៥ លាននាក់ វ៉ាដាច់លោក Jo Biden!


លោក Donald Trump បានបង្កការភ្ញាក់ផ្អើលមួយនាពេលថ្មីៗនេះ ដោយលោកបានបង្កើតគណនី TikTok ហើយបានទាក់ទាញអ្នកតាមដានចំនួន៣ លាននាក់ ត្រឹមរយៈពេល១ថ្ងៃដំបូង ហើយឡើងដល់ជិត ៥ លាននាក់ និងអ្នកចូលចិត្ត ៥.២ លាននាក់ចូលចិត្ត ក្នុងរយៈពេលមិនដល់ ៣ ថ្ងៃ វ៉ាដាច់លោក Jo Biden ដែលមានអ្នកតាមដានប្រហែល ៣៥៥,០០០ និង៤.៦ លានចូលចិត្ត។

Trump បានបង្ហោះវីដេអូបង្ហោះនៅលើគណនីរបស់គាត់កាលពីយប់ថ្ងៃសៅរ៍ ដែលវីដេអូនោះ មានអ្នកចូលមើល ៥៦.៤ លានដងគិតត្រឹមល្ងាចថ្ងៃអាទិត្យ។ ចំនួនដ៏ច្រើននេះ ត្រូវបានគេមើលឃើញថា ជាការបង្ហាញពីភាពខ្លាំងអតីតប្រធានាធិបតីរូបនេះនៅលើបណ្ដាញផ្សព្វផ្សាយសង្គម។

គួរកត់សម្គាល់ថា Trump បានព្យាយាមហាមប្រាម TikTok ក្នុងឆ្នាំ២០២០ នៅពេលដែលគាត់ជាប្រធានាធិបតី ប៉ុន្តែត្រូវបានរារាំងដោយតុលាការអាមេរិក លើហេតុផល First Amendment។ ប៉ុន្តែនៅក្នុងខែមីនាឆ្នាំនេះ ទោះបីជាលោក Trump បាននិយាយថាលោកបានយល់ព្រមជាមួយនឹងការព្រួយបារម្ភផ្នែកសន្តិសុខជាតិមួយចំនួនក៏ដោយ លោកក៏បាននិយាយថាការហាមឃាត់នឹងធ្វើឱ្យប៉ះពាល់ដល់មនុស្សមួយចំនួនផ្នែកហិរញ្ញវត្ថុ និងជួយដល់ Facebook របស់ Meta Platforms ដែលលោក Trump បានរិះគន់ជាប្រចាំ។

លោក Trump បានប្រាប់ CNBC ថា “និយាយដោយត្រង់ទៅ មានមនុស្សជាច្រើននៅលើ TikTok ដែលចូលចិត្តវា។ មានក្មេងៗជាច្រើននៅលើ TikTok ដែលនឹងមិនពេញចិត្ត ប្រសិនបើគ្មានវា” ។ Trump មានអ្នកគាំទ្រជាង ៨៧ លាននាក់នៅលើ X និងអ្នកតាមដានជាង៧ លាននាក់នៅលើវេទិកាផ្ទាល់ខ្លួនរបស់គាត់គឺ Truth Social ជាកន្លែងដែលគាត់បង្ហោះស្ទើរតែរាល់ថ្ងៃ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ UFC កាលពីថ្ងៃសៅរ៍ដែលលោក Trump បានចូលរួម គឺជាការចេញជាសាធារណៈលើកដំបូងរបស់អតីតប្រធានាធិបតីរូបនេះ ចាប់តាំងពីគណៈវិនិច្ឆ័យនៅទីក្រុងញូវយ៉កបានរកឃើញថាគាត់មានកំហុសកាលពីថ្ងៃព្រហស្បតិ៍លើការចោទប្រកាន់ចំនួន៣៤ នៃការក្លែងបន្លំកំណត់ត្រាអាជីវកម្ម ដែលជាផ្នែកមួយនៃផែនការដើម្បីជះឥទ្ធិពលដល់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៦។
លោក Trump បាន អះអាង ថា លោក មិន បាន ធ្វើ អ្វី ខុស ឡើយ ហើយ គ្រោង នឹង ប្តឹង ឧទ្ធរណ៍ ចំពោះ សាលក្រម នេះ ខណៈដែលលោកប្រឈម នឹង ការ កាត់ ទោស នៅ ថ្ងៃ ទី ១១ ខែ កក្កដា។

ប្រភព៖ China daily, nbc News