ស្ថានសួគ៍ទេសចរណ៍ម៉ាល់ឌីវ បញ្ចេញកំហឹង និងប្រកាសដាក់ទណ្ឌកម្មលើអ៉ីស្រាអែល ដែលជាសញ្ញាប្រឆាំងនឹងសង្រ្គាមនៅGaza
រដ្ឋាភិបាលម៉ាល់ឌីវ នឹងហាមឃាត់ជនជាតិអ៊ីស្រាអែលពីប្រជុំកោះមហាសមុទ្រឥណ្ឌាដែលត្រូវបានគេស្គាល់ថាជាតំបន់ឆ្នេរខ្សាច់ស និងរមណីយដ្ឋានប្រណិតៗ ខណៈដែលកំហឹងសាធារណៈនៅក្នុងប្រទេសដែលកាន់សាសនាឥស្លាមបានកើនឡើងលើសលុបចំពោះសង្គ្រាមនៅតំបន់ហ្គាហ្សា។
អ្នកនាំពាក្យការិយាល័យរបស់លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតី Mohamed Muizzu “បានសម្រេចចិត្តដាក់បម្រាមលើលិខិតឆ្លងដែនអ៊ីស្រាអែល” ដោយមិនបានផ្តល់ព័ត៌មានលម្អិតអំពីពេលវេលាដែលច្បាប់ថ្មីនឹងចូលជាធរមាន។
Muizzu ក៏បានប្រកាសពីយុទ្ធនាការរៃអង្គាសថវិកាជាតិមួយដែលមានឈ្មោះថា “Maldivians in Solidarity with Palestine”។ ជនជាតិអ៊ីស្រាអែលជិត ១១,០០០ នាក់បានទៅលេងម៉ាល់ឌីវកាលពីឆ្នាំមុន ដែលស្មើនឹង០.៦ ភាគរយនៃចំនួនអ្នកទេសចរសរុប។
ទិន្នន័យផ្លូវការក៏បង្ហាញពីចំនួនប្រជាជនអ៊ីស្រាអែលដែលទៅលេងម៉ាល់ឌីវបានធ្លាក់ចុះដល់ ៥២៨ នាក់ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំនេះធ្លាក់ចុះ ៨៨ ភាគរយបើប្រៀបធៀបទៅនឹងរយៈពេលដែលត្រូវគ្នាកាលពីឆ្នាំមុន។
គណបក្សប្រឆាំង និងសម្ព័ន្ធមិត្តរដ្ឋាភិបាលនៅម៉ាល់ឌីវ បានដាក់សម្ពាធលើលោក Muizzu ឱ្យហាមឃាត់ជនជាតិអ៊ីស្រាអែល ជាសញ្ញានៃការតវ៉ាប្រឆាំងនឹងសង្រ្គាម Gaza ។ យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីនចំនួន ៣៦.៤៣៩ នាក់ត្រូវបានសម្លាប់ និង ៨២.៦២៧ នាក់រងរបួសនៅក្នុងជម្លោះចាប់តាំងពីថ្ងៃទី ៧ ខែតុលា។
ម៉ាល់ឌីវបានដកបម្រាមពីមុនលើអ្នកទេសចរអ៊ីស្រាអែលនៅដើមទសវត្សរ៍ឆ្នាំ១៩៩០ ហើយបានផ្លាស់ប្តូរដើម្បីស្តារទំនាក់ទំនងឡើងវិញក្នុងឆ្នាំ២០១០។ ទោះជាយ៉ាងណាក៏ដោយ ការប៉ុនប៉ងធ្វើឱ្យមានលក្ខណៈធម្មតាត្រូវបានកាត់បន្ថយបន្ទាប់ពីការផ្តួលរំលំប្រធានាធិបតី Mohamed Nasheed ក្នុងខែកុម្ភៈ ឆ្នាំ២០១២។ ជាការឆ្លើយតបទៅនឹងការហាមប្រាមនេះ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីស្រាអែលបានជំរុញឱ្យពលរដ្ឋបច្ចុប្បន្ននៅក្នុងប្រទេសម៉ាល់ឌីវចាកចេញ។
ជាមួយគ្នានេះដែរ អ្នកកាន់លិខិតឆ្លងដែនអ៊ីស្រាអែលក៏មិនត្រូវបានអនុញ្ញាតឱ្យចូលប្រទេសជាច្រើនដូចជា អាល់ហ្សេរី បង់ក្លាដែស ប្រ៊ុយណេ អ៊ីរ៉ង់ អ៊ីរ៉ាក់ គុយវ៉ែត លីបង់ លីប៊ី ប៉ាគីស្ថាន អារ៉ាប៊ីសាអូឌីត ស៊ីរី និងយេម៉ែន។
ប្រភព៖ Aljazeera