វត្តមាននៃម្ហូបខ្មែរនៅបរទេស


ពេលដែលជនជាតិខ្មែរធ្វើដំណើរកម្សាន្តទៅបរទេស គេតែងស្វែងរកអាហារ ឬមុខម្ហូបណាដែលជារសនិយមរបស់ខ្លួន។ ជាធម្មតានៅពេលទៅប៉ុន្មានថ្ងៃដំបូង គេអាចនឹងសាករសជាតិអាហារប្រចាំតំបន់ ឬមុខម្ហូបដែលពេញនិយមនៅក្នុងប្រទេសនោះ។ ជាក់ស្ដែង ប្រសិនបើទៅ Italia ប្រហែលពួកគេមិនចោលឡើយ Pizza ឬ Spaghetti។ បើទៅអាល្លឺម៉ង់ គេក៏ប្រហែលជាមិនរំលង hotdog អាល្លឺម៉ង់ ឬភ្លៅជ្រូកអាំងឡើយ ហើយបើពួកគេទៅជប៉ុន ពួកគេប្រហែលជាទ្រាំមិនភ្លក្ស Shushi, tempura ឬ sashimi បាននោះដែរ។

ប៉ុន្តែមិនបានប៉ុន្មានទេ គេប្រាកដជាចាប់ផ្តើមនឹកដល់រសជាតិម្ហូបខ្មែរ ហើយស្វះស្វែងរកម្ហូបខ្មែរជាក់ជាមិនខាន។ ប៉ុន្តែគួរឱ្យសោកស្ដាយ អ្នកទាំងនោះ ចុងក្រោយបែរទៅអង្គុយក្នុងភោជនីយដ្ឋានថៃ ឬចិន ឬវៀតណាមទៅវិញ។ នេះក៏ដោយសាររសនិយមនៃម្ហូបរបស់ប្រទេសទាំងនេះ មិនខុសគ្នាប៉ុន្មានពីរសនិយមបែបខ្មែរទេ។ ប៉ុន្តែនេះមិនមែនជាមូលហេតុចម្បងនោះទេ ហេតុផលដែលសំខាន់ជាងគេបំផុតនោះ គឺពួកគេពិបាកក្នុងការស្វែងរកហាងលក់ម្ហូបខ្មែរ ដែលស្ទើរតែមិនមានតែម្តងនៅលើទីផ្សារអន្តរជាតិ។

ហេតុអ្វីបានជាខ្វះខាតយ៉ាងនេះ? តើម្ហូបខ្មែរគ្មានរសនិយមទាល់តែសោះសម្រាប់បរទេស ឬមកពីជនជាតិខ្មែរគ្នាឯងមិនបានចូលរួមគាំទ្រម្ហូបរបស់ខ្លួន? ឬមួយលទ្ធភាពប្រកួតប្រជែងនៃការបើកហាងរបស់យើងនៅមានកម្រិត? ទាំងនេះសុទ្ធតែជាសំណួរពិបាករកចម្លើយណាមួយឱ្យសុក្រឹតណាស់។

ប្រហែលជាចម្លើយដែលត្រូវឆ្លើយមុនគេ គឺលទ្ធភាពប្រកួតប្រជែង។ ពិតណាស់ លទ្ធភាពរបស់វិនិយោគិនរបស់យើងនៅមានកម្រិត។ ទាំងសមត្ថភាព វិជ្ជាជីវៈ និងថវិកាប្រកួតប្រជែង។ សម្រាប់អនេកជនខ្មែរ ដែលទៅរស់នៅបរទេសកាលពីជំនាន់សង្រ្គាម ពួកគាត់ភាគច្រើនទន់ខ្សោយស្ទើរគ្រប់អន្លើ។ ក្នុងន័យនេះ ពួកគាត់ពិបាកក្នុងការបើកភោជនីយដ្ឋាន ដែលមានគុណភាព ទទួលបាននូវការទុកចិត្ត និងមាននិរន្តរភាព។ ខុសពីប្រទេសជិតខាង ដែលមិនបានឆ្លងកាត់សង្រ្គាមរ៉ាំរ៉ៃ អ្នកដែលចេញទៅវិនិយោគខាងក្រៅក្នុងពេលដំណាលគ្នា សុទ្ធតែជាអ្នកមានលទ្ធភាព និងធនធានគ្រប់គ្រាន់ក្នុងការប្រកួតប្រជែង។

ខណៈដែលកម្ពុជាមានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ វិនិយោគិនមួយចំនួន បានចាប់ផ្តើមបោះជំហានចេញទៅវិនិយោគលើវិស័យចំណីអាហារនៅបរទេស ប៉ុន្តែភាពជោគជ័យរបស់ពួកគេគឺនៅឆ្ងាយខុសពីក្តីរំពឹង។ អ្នកមួយចំនួនដែលទ្រាំមិនបាន ក៏សម្រេចចិត្តបោះបង់។ ឯអ្នកដែលនៅបន្ត គ្មានអ្វីក្រៅពីការព្យាយាមបង្ហាញនូវឧត្តមគតិជាតិ ដោយបន្តធ្វើដើម្បីកុំឱ្យថាគ្មានម្ហូបខ្មែរសោះលើឆាកអន្តរជាតិ។ នៅពេលសួរថា តើមកពីមូលហេតុអ្វី? តើយើងត្រូវធ្វើអ្វីទៀតដើម្បីជំរុញលើការងារនេះ? ពួកគាត់ភាគច្រើនទាមទារឱ្យមានការឧបត្ថម្ភធន និងការយកចិត្តទុកដាក់បន្ថែមពីរដ្ឋដើម្បីឱ្យពួកគាត់រក្សាជំហរបាន។

ពិតណាស់ បើធៀបទៅនឹងវិនិយោគិននៃប្រទេសជិតខាង កម្សោយទុនវិនិយោគ និងការគាំទ្រពីរដ្ឋនៅតែជាបញ្ហាចោទខ្លាំងសម្រាប់វិនិយោគិនកម្ពុជានៅបរទេស។ លើសពីដំណាក់កាលនៃការឧបត្ថម្ភធន រដ្ឋនៃបណ្តាប្រទេសជិតខាង បានឈានដល់ដំណាក់កាលមួយនៃការប្រមូលពន្ធចំណេញពីអ្នកវិនិយោគរបស់ខ្លួននៅបរទេស ខណៈដែលអាជីពរបស់ពួកគេកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ។ ប៉ុន្តែទម្រាំដល់ដំណាក់កាលនេះ ការឧបត្ថម្ភពីរដ្ឋ បានស្រោចស្រពដូចភ្លៀងរលឹម ដែលក្នុងនោះរួមមានទាំងការឧបត្ថម្ភធនដោយផ្ទាល់ដល់វិនិយោគិនមួយចំនួន ដែលមានផែនការវិនិយោគត្រឹមត្រូវ ការសម្របសម្រួលពន្ធគយ នៃការនាំចេញវត្ថុធាតុដើម និងគ្រឿងផ្សំ ការជំរុញនយោបាយការទូតចំណីអាហារដល់ជនបរទេស តាមរយៈអ្នកការទូតរបស់គេ និងការជំរុញប្រជាជនរបស់គេឱ្យងាកមកគាំទ្រម្ហូបជាតិរបស់ខ្លួនពេលនៅបរទេស។ល។ នេះជាអ្វីដែលកម្ពុជាត្រូវគិតជាកញ្ចប់ និងជំរុញការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព។

ម្ហូបខ្មែរគ្មានរសនិយមសម្រាប់បរទេស? ពិតជាមិនដូច្នោះទេ។ ម្ហូបខ្មែរជាច្រើន ទទួលបានការគាំទ្រជាបន្តបន្ទាប់ពីមិត្តភក្តិបរទេស។ បញ្ហានៅត្រង់ថា យើងមិនចាប់អារម្មណ៍ ហើយមិនបានធ្វើវាឱ្យកាន់តែល្អ។ បរទេសស្ទើរគ្រប់រូប នៅពេលបានសាកអាម៉ុកត្រីខ្មែរហើយ​ ពួកគេសរសើរពីរសជាតិមិនដាច់ពីមាត់។ ក៏ដូចគ្នាដែរ សាច់ក្រកគោខ្មែរទទួលបានការពេញនិយមនៅក្នុងសហគមន៍ប្រទេសអ៊ីស្លាមក្នុងតំបន់ រហូតដល់ទៅគេដាក់ឈ្មោះឱ្យថា Cambodian Hotdog។ ជាមួយគ្នានេះ គេក៏មិនគួរភ្លេចថា ឡុកឡាក់សាច់គេខ្មែរ និងលតឆាខ្មែរ បានជាប់ចំណាត់ថា្នក់ជាប្រភេទឆា ដែលពេញនិយមជាងគេទាំង២០ ក្នុងចំណោមម្ហូបបែបឆាពេញនិយមលើលោកផងដែរ។ ក្រៅពីនេះ ក៏យើងនៅមានម្ហូបមួយចំនួនទៀត ដែលអាចទាក់ទាញបរទេសបាន ដែលក្នុងនោះរួមមាន នំបញ្ចុកកំពត គុយទាវភ្នំពេញ។ល។ ដែលមានក្លិន និងរសនិយមបែបបរទេស។

ក្រៅពីការជ្រើសរើសឱ្យបានត្រឹមត្រូវនូវមុខម្ហូបជាតិដែលមានរសនិយមបរទេស ការបន្តពិនិត្យ និងតាមដានរសនិយមត្រូវធ្វើជាបន្តបន្ទាប់។ ក្នុងន័យនេះ គឺមិនគួរធ្វើឱ្យរសនិយមបែបខ្មែរត្រូវស្លាប់បាត់ដោយគ្មានការធ្វើឱ្យប្រសើរឡើងនោះឡើយ ពោលគឺអ្នកធ្វើម្ហូបត្រូវមានភាពបត់បែនតាមដែលអាចធ្វើទៅបាន ឱ្យតែការច្នៃប្រឌិតនោះនៅរក្សាបាននូវអត្តសញ្ញាណជាតិយើង។ ក៏ដូចគ្នានេះដែរ រសជាតិម្ហូបខ្មែរ គួរត្រូវបានគិតលើសពីរសនៃអណ្តាត ពោលគឺត្រូវផ្តោតលើរសនៃភ្នែកផងដែរ ដោយត្រូវចេះវបង្កើននូវសិល្បៈ និងសោភណ្ឌភាព ជាការចាំបាច់។

ក្រៅពីធនធាន វិជ្ជាជីវៈ និងរសនិយម ការតាំងចិត្តគាំទ្រម្ហូបខ្មែរពីខ្មែរគ្នាឯង ក៏ជាកត្តាស្លាប់រស់នៃវប្បធម៌រូបិយ (ម្ហូប) នេះដែរ។ ឪពុកម្តាយច្រើនណាស់ ដែលប្រាប់កូនថា កុំឱ្យញ៉ាំប្រហុក ព្រោះវាមានមេរោគច្រើន។ ពិតណាស់ វាមានមេរោគ ប៉ុន្តែការរកវិធីកំចាត់មេរោគចេញពីប្រហុក គឺសំខាន់ជាងការកំចាត់ប្រហុកនោះទាំងស្រុងតែម្តងចេញពីឆាកម្ហូបខ្មែរ។ ការណ៍នេះ បានធ្វើឱ្យក្មេងជំនាន់ក្រោយ រើសអើងម្ហូបជាតិខ្លួន ដោយយោងលើកត្តាអនាម័យ និងទំនុកចិត្ត។ ជារឿយៗ ការមិនទុកចិត្តនេះ បានបំផ្លាញនូវចំណង់ និងបានបង្កើតនូវគំនិតផ្អឹប (stereotype) ដោយឱ្យតែគិតដល់ម្ហូបខ្មែរ គឺធ្វើឱ្យពួកគេនឹកឃើញដល់ភាពគ្មានអនាម័យ។

ទំនុកចិត្តលើម្ហូបខ្លួន ត្រូវផ្តើមចេញពីកូនខ្មែរខ្លួនឯង។ បើខ្មែរទុកចិត្ត ទំនុកចិត្តទាំងនោះ នឹងរាលដាលដល់បរទេស។  ជាមួយគ្នានេះ ការកសាងទំនុកចិត្តឱ្យអតិថិជន ស្ថិតក្នុងកណ្តាប់ដៃវិនិយោគិនម្ហូបអាហារទាំងស្រុង។ សូមកុំឱ្យអតិថិជនខ្លួនឆ្ងាញ់មាត់ លើគំនរសំរាមនៃក្រដាសជូតមាត់។ លើសពីនេះ បើនិយាយដល់ការឧបត្ថម្ហធន ឬ/និងការគាំទ្រជាអាទិភាពពីរដ្ឋ ពិតណាស់ ចំណោទថវិកាជាតិ នឹងត្រូវលើកឡើង។ ប៉ុន្តែត្រង់នេះ យើងអាចសួរត្រឡប់វិញថា ពេលណាជាតិនឹងមានថវិកា? ចម្លើយនៃសំណួរនេះគឺ វាទាក់ទងទៅនឹងតថភាពពិតប្រាកដមួយគឺ នៅពេលគ្មានកូន ថវិកាសន្សំបង់សាលាមិនមានឡើយ ប៉ុន្តែ ពេលដែលមានកូន ស្រាប់តែថវិកានោះអាចលៃលកបាន។ ចុងក្រោយ រឿងដែលសំខាន់ គឺកត្តាអាទិភាព។