|

សសយក ក្រើនរំឭកដល់សមាជិករបស់ខ្លួន ឱ្យត្រៀមខ្លួនរួចជាស្រេច ក្នុងការទប់ស្កាត់កូវីដជាមួយរដ្ឋាភិបាល


សហភាពសហព័ន្ធយុវជនកម្ពុជា(សសយក) នៅថ្ងៃទី១៥ ខែមីនានេះ បានចេញនូវសេចក្តីណែនាំបន្ថែមដល់សមាជិក សមាជិកាខ្លួន ដើម្បីជំរុញ និងលើកទឹកចិត្តឱ្យចូលរួម បន្តចូលរួម និងត្រៀមខ្លួនចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។

ស្របពេលជំងឺកូវីដ-១៩ កំពុងវាយលុកខ្លាំងក្នុងប្រទេសកម្ពុជារយៈពេលចុងក្រោយនេះ សសយក ដែលមានលោក ហ៊ុន ម៉ានី ជាប្រធាន បានក្រើនរំឭកដល់ក្រុមការងារ សសយក រាជធានី-ខេត្ត ត្រូវបន្តអនុវត្តឱ្យទូលំទូលាយនូវយុទ្ធនាការ«បញ្ជ្រាបការយល់ដឹងពីគ្រោះថ្នាក់នៃជំងឺកូវីដ-១៩ដល់ប្រជាពលរដ្ឋកម្ពុជា» ដោយការអនុវត្តយុទ្ធនាការនេះ ត្រូវប្រកាន់ភ្ជាប់នូវវិធានការការពារសុវត្ថិភាព ដែលណែនាំដោយក្រសួងសុខាភិបាល។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ សសយក។

ខ្លឹមសារនៃសេចក្ដីជូនដំណឹងបានសរសេររៀបរាប់ថា៖ «សមាជិក សមាជិកា រាជធានី-ខេត្ត គ្រប់រូប ត្រូវត្រៀមចូលរួមសហការ និងឧបត្ថម្ភគាំទ្រតាមលទ្ធភាពជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក្នុងយុទ្ធនាការប្រឆាំងជំងឺកូវីដ-១៩ ជាពិសេសការបង្ការ និងការទប់ស្កាត់ការរីករាលដាលនៅមូលដ្ឋាននីមួយផ្ទាល់តែម្ដង។»

សេចក្ដីជូនដំណឹងដដែល បានបញ្ជាក់ទៀតថា៖«រាល់សកម្មភាពទាំងអស់របស់គណៈកម្មាធិការរាជធានី-ខេត្ត ត្រូវអនុវត្តស្របតាមវិធានការ និងគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងជាពិសេសក្រោមការដឹកនាំសម្របសម្រួលពីរដ្ឋបាលរាជធានី-ខេត្ត និងអាជ្ញាធរមូលដ្ឋាន ដោយសកម្មភាពនានាត្រូវចៀសរៀងការប្រមូលផ្ដុំ ត្រូវគោរពវិធានការណ៍ ៣ការពារ និង៣កុំ ឱ្យបានខ្ជាប់ខ្ជួន។»

សូមបញ្ជាក់ថា សសយក ដែលមានសមាជិកសកម្មប្រមាណជាង១៦ម៉ឺននាក់ ទូទាំងប្រទេស និងដែលត្រូវបានចាត់ទុកថា ជាអង្គការក្រៅរដ្ឋាភិបាល ដែលធំជាងគេបង្អស់នៅកម្ពុជា បាននិងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលដាលនូវជំងឺនេះ។ ខណៈដែលក្រុមការងាររាជរដ្ឋាភិបាល បាននិងកំពុងបើកយុទ្ធនាការរៀបចំមជ្ឈមណ្ឌលចត្តាឡីស័ក កំណត់មុខសញ្ញា និងការព្យាបាល សសយកបានបើកយុទ្ធនាការបង្ការការឆ្លងតាមរយៈការបញ្ជ្រៀបការយល់ដឹង និងការការពារដល់ប្រជាពលរដ្ឋគ្រប់ខេត្តក្រុង៕

ដោយ៖ ង៉ាយ ណៃ