ឯកឧត្តមបណ្ឌិត សោម រតនា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រទទួលស្គាល់គុណភាពអប់រំពេញសិទ្ធិ ជូនសាកលវិទ្យាល័យធនធានមនុស្ស


នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីប្រគល់វិញ្ញាបនបត្រទទួលស្គាល់គុណភាពអប់រំពេញសិទ្ធិ ពីគណៈកម្មាធិការធានាគុណភាពអប់រំនៃកម្ពុជា ជូនសាកលវិទ្យាល័យធនធានមនុស្ស។

ថ្លែងប្រសាសន៍នៅក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត បានលើកឡើងថា អ្វីដែលសាកលវិទ្យាល័យធនធានមនុស្សទទួលបាននៅក្នុងថ្ងៃនេះ មិនត្រឹមតែបានឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំសាកលវិទ្យាល័យ និងសាស្ត្រាចា្ររ្យ បុគ្គលិកអប់រំរបស់សាកលវិទ្យាល័យផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែនេះក៏ជាកិត្តិយសមួយរបស់ក្រសួងអប់រំ យុវជន និងកីឡា ហើយក៏ជាក្ដីសង្ឃឹមមួយរបស់រាជរដ្ឋាភិបាលដំណាក់កាលទី៧ ដែលយើងមានសាកលវិទ្យាល័យមួយទៀតហើយដែលទទួលបាននូវការទទួលស្គាល់គុណភាព ដោយមានន័យថានិស្សិតដែលចេញពីសាកលវិទ្យាល័យធនធានមនុស្សទៅ គឺជានិស្សិតដែលមានគុណភាព មានសមត្ថភាពឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងសង្គម។

ឯកឧត្តមបណ្ឌិតបានបន្ថែមថា ការទទួលស្គាល់គុណភាពអប់រំ គឺធានាបាននូវគ្រប់ទិដ្ឋភាពទាំងអស់ ទាំងភាពខ្លាំងនៃកម្មវិធីសិក្សាដែលមានភាពពាក់ព័ន្ធជាមួយការវិវត្តរបស់សង្គមជាបន្តបន្ទាប់ ភាពខ្លាំងនៃបុគ្គលិកសិក្សា សាស្ត្រាចារ្យមានគុណភាព សមត្ថភាពរបស់និស្សិត រួមទាំងការធានាធនធានហិរញ្ញវត្ថុថាសាកលវិទ្យាល័យនឹងបន្តទៅមុខទៀតមិនអាចក្ស័យធននោះទេ ដែលទាំងនេះជាមោទកភាពរបស់គណៈគ្រប់គ្រងសាស្ត្រាចារ្យ និងនិស្សិតទាំងអស់។ ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ពីដំណាក់កាលនីមួយៗនៃដំណើរការវាយតម្លៃការទទួលស្គាល់គុណភាពអប់រំ គឺបានអនុវត្តយ៉ាងតឹងរឹង និងប្រកបដោយសុក្រឹតភាព ដែលអាចជឿទុកចិត្តបានយ៉ាងពិតប្រាកដ។

ឯកឧត្តមបណ្ដិត សោម រតនា ក៏បានផ្ដល់អនុសាស៍ដល់សាកលវិទ្យាល័យធនធានមនុស្សថា បច្ចុប្បន្ននេះបរិបទនៃការអប់រំមានការប្រែប្រួល ដោយសារការរងឥទ្ធិពលពីបច្ចេកវិទ្យាព័ត៌មាន ដូច្នេះសាកលវិទ្យាល័យត្រូវធ្វើយ៉ាងណាបន្តពង្រឹងសមត្ថភាពរបស់ខ្លួនជាប្រចាំ មិនត្រូវព្រលែងដៃនោះទេ ដើម្បីធានាគុណភាពអប់រំក្នុងស្ថាប័ន និងចូលរួមចំណែកក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយប្រសិទ្ធភាព៕