| |

វិទ្យាស្ថានគរុកោសល្យបាត់ដំបង នឹងត្រូវប្រែក្លាយទៅជាទៅជាមជ្ឈមណ្ឌលឧត្តមភាព ក្នុងការបណ្តុះបណ្តាលគ្រូ


នេះជាបប្រសាសន៍លើកឡើងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងឱកាសអញ្ជើញជាអធិបតីភាពនៅក្នុងពិធីប្រកាសចូលកាន់ដំណែងនាយកនៃវិទ្យាស្ថានគរុកោសល្យបាត់ដំបង និងបើកកម្មវិធីពិព័រណ៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ប្រចាំឆ្នាំ២០២៤ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ នៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង។

ក្នុងគោលដៅគាំទ្រ ការប្តេជ្ញាចិត្តអនុវត្តកម្មវិធីកំណែទម្រង់គ្រឹះស្ថានបណ្ដុះបណ្តាលគ្រូ ដើម្បីប្រែក្លាយវិទ្យាស្ថានគរុកោសល្យ បាត់ដំបង ទៅជាមជ្ឈមណ្ឌលឧត្តមភាព ក្នុងការបណ្តុះបណ្តាលគ្រូ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍មួយចំនួនដូចជា៖ (១). ត្រូវផ្តល់ឱកាសឱ្យ លោក លោកស្រីជាគ្រូឧទ្ទេស ទៅស្វែងយល់សិក្សាបន្តបង្កើនសមត្ថភាពទាំងនៅក្នុង និងក្រៅប្រទេស (២). ផ្តល់ឱកាសដើម្បីសហការជាមួយគ្រឹះស្ថានសិក្សាក្នុងប្រទេសក៏ដូចជាក្រៅប្រទេសជាពិសេសដើម្បីស្វែងយល់ពីកម្មវិធីកំណែទម្រង់វិស័យអប់រំ ដែលក្រសួងបាន និងកំពុងដាក់ឱ្យអនុវត្ត (៣). ស្វែងយល់ និងចូលរួមក្នុងការអនុវត្ត សាលារៀនជំនាន់ថ្មី៖ ក្រសួងអប់រំ យុវជន និងកីឡា មានគោលដៅប្រែក្លាយវិទ្យាល័យ នេត យ៉ង់ ឱ្យក្លាយទៅជាសាលារៀនជំនាន់ថ្មីដែល ជាសាលាមានហេដ្ឋារចនាសម្ព័ន្ធប្រើប្រាស់វិធីសាស្ត្របង្រៀនថ្មីៗ បច្ចេកវិទ្យា ព័ត៌មានវិទ្យា សំដៅផ្តល់ឱកាសដល់យុវជនកម្ពុជាទទួលបាននូវបំណិនសតវត្សទី ២១ (៤). វិទ្យាសា្ថន ត្រូវខិតខំប្រឹងប្រែងស្វែងយល់ និងបង្កើតជាក្រុមការងារដោយសហការជាមួយនឹងមន្ទីរ អប់រំ យុវជន និងកីឡា ដើម្បីស្វែងយល់ និងចុះទៅជួយគាំទ្រសាលារៀនគំរូនៅក្នុងទីរួមខេត្តបាត់ដំបង និងតំបន់ជិតៗនេះ (៥). ដើម្បីឆ្លើយតបទៅ នឹងតម្រូវការពង្រឹងគុណភាពអប់រំ គឺត្រូវពង្រឹងពីមូលដ្ឋានគ្រឹះ ចាប់ពីការអប់រំកុមារតូច ។ ក្នុងន័យនេះ វិទ្យាសា្ថនត្រូវស្វែងយល់ដើម្បីបណ្តុះបណ្ដាល អ្នកឯកទេសខាងមត្តេយ្យសិក្សា ឱ្យមានទំនាក់ទំនងទៅបឋមសិក្សាដោយផ្តោតលើការបង្រៀន កញ្ចប់អំណានដំបូង និងគណិតវិទ្យាដំបូង (៦). ការដាក់ឱ្យអនុវត្តកញ្ចប់ អំណានដំបូងនេះ គឺជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបាន នៅគ្រប់សាលាបឋមសិក្សាទាំងអស់ ។ ដូច្នេះការបណ្ដុះបណ្ដាលនៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង ត្រូវតែឆ្លើយតបនឹងវិជ្ជាជីវៈគ្រូបង្រៀន ដើម្បីធានាបានថា គ្រូដែលចេញពីវិទ្យាស្ថានគរុកោសល្យ បាត់ដំបង គឺជាគ្រូដែលមានមូលដ្ឋានគ្រឹះសម្រាប់អភិវឌ្ឍខ្លួន ឱ្យសម្រេចបានទៅតាមស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន យល់ច្បាស់ពីការអភិវឌ្ឍរបស់កុមារ ចំណេះដឹងខាងផ្នែកមុខវិជ្ជា និងផ្នែកជំនាញ និងភាសាបរទេសផងដែរ (៧). គរុនិស្សិតត្រូវតែផ្សារភ្ជាប់ ការសិក្សារៀនសូត្រជាមួយការ អនុវត្ត នូវវិជ្ជាជីវៈជាក់ស្តែងនៅពេលចុះទៅធ្វើកម្មសិក្សា។ វិទ្យាស្ថានត្រូវ វាយតម្លៃជាប្រចាំ ចំពោះការចុះធ្វើកម្មសិក្សា និងផ្តល់ឱកាសឱ្យគរុនិស្សិតអាចស្វែងយល់កាន់តែច្បាស់ អំពីការអនុវត្តវិធីសាស្ត្របង្រៀន ដោយមានអ្នកឯកទេសជួយគាំទ្រ ជាពិសេសគឺទីប្រឹក្សាគរុកោសល្យប្រចាំនៅសាលានីមួយៗ ហើយវិទ្យាសា្ថនក៏ត្រូវមានអ្នកឯកទេសដើម្បីជួយគាំទ្រដល់គរុសិស្សនៅពេលចុះធ្វើកម្មសិក្សាផងដែរ (៨). ឯកសារជំនួយសម្រាប់ ការអានរបស់សិស្សថ្នាក់ទី១ ថ្នាក់ទី២ ថ្នាក់ទី៣ គឺជាឯកសារដែលឆ្លើយតបនឹងវិធីសាស្ត្រអំណានសម្រាប់ការធ្វើរង្វាយតម្លៃថ្នាក់តំបន់ និងរង្វាយតម្លៃថ្នាក់អន្តរជាតិ។ ដូច្នេះវិទ្យាស្ថានគរុកោលស្យ បាត់ដំបង ត្រូវតែមានឯកសារទាំងនោះ ហើយទាំងគ្រូឧទ្ទេស និងគរុសិស្សត្រូវយល់ឱ្យច្បាស់ពីមូលដ្ឋានគ្រឹះនៃវិធីសាស្ត្របង្រៀន នៅក្នុងកញ្ចប់ អំណានដំបូង (៩). ការចូលរួមគាំទ្រសាលារៀនគំរូ នឹងជួយពង្រឹងសមត្ថភាពសាស្ត្រាចារ្យ ដែលជាគ្រូឧទ្ទេស លោកគ្រូ អ្នកគ្រូ និងដើម្បីបណ្តុះបណ្ដាលគរុនិស្សិត ឱ្យក្លាយជាទៅជាគ្រូដែលមានស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន សីលធម៌វិជ្ជាជីវៈ។ (១០). លើកទឹកចិត្តឱ្យវិទ្យាស្ថានគរុកោសល្យបាត់ដំបងប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ក្នុងការគ្រប់គ្រងវិទ្យាស្ថានដោយ សហការជាមួយនាយកដ្ឋានព័ត៌មានវិទ្យា និងនាយកដ្ឋានបដិវត្តកម្មឌីជីថលរបស់ក្រសួងអប់រំ យុវជន និងកីឡា។

នៅក្នុងឱកាសនេះដែរ តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានចូលរួមអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តខិតខំប្រឹងប្រែងរបស់លោក នាយកវិទ្យាស្ថានថ្មី គណៈគ្រប់គ្រងលោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំទាំងអស់នៃវិទ្យាស្ថានគរុកោសល្យបាត់ដំបងក្នុងការបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចចក្ខុវិស័យរបស់វិទ្យាស្ថានក្នុងការបណ្តុះបណ្តាលគ្រូបង្រៀនសតវត្សទី២១ ប្រកបដោយគុណភាព ឧត្តមភាព ដែលជាសសរស្តម្ភនៃការអភិវឌ្ឍ វិស័យអប់រំនៅកម្ពុជា ក្នុងដំណាក់កាលដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងអនុវត្តកម្មវិធីកំណែទម្រង់វិស័យអប់រំ និងការធ្វើសមាហរណកម្មសង្គមសេដ្ឋកិច្ចចូលក្នុងតំបន់អាស៊ាន និងពិភពលោក៕

ប្រភព៖ MoEYS