| |

អ្វីទៅជាបណ្ដាញសាកលវិទ្យាល័យសាយប័រកម្ពុជា (ប.ស.ស.ក)?


សាយប័រ » មានន័យថា ប្រព័ន្ធសុវត្ថិភាពលើអ៉ឺនធើណិត ដែលមានទាំងការការពារ និងការវាយប្រហារ ។ យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល បានសម្រេចបង្កើតជាផ្លូវការ លើកដំបូងបង្អស់នូវបណ្ដាញសាកលវិទ្យាល័យសាយប័រកម្ពុជា – Cambodian Cyber University Network ដែលស្ថិតនៅស្ថិតនៅក្រោមអាណាព្យាបាលរបស់ក្រសួងអប់រំ យុវជន និងកីឡា។ សាកលវិទ្យាល័យសាយប័រកម្ពុជា នឹងធ្វើការបណ្ដុះបណ្ដាលពីចម្ងាយតាមប្រព័ន្ធបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន និងបច្ចេកវិទ្យាឌីជីថលលើវគ្គសិក្សា និងមុខវិជ្ជា ឬមុខជំនាញនៃកម្មវិធីសិក្សានិមួយៗ ដែលបាន ទទួលអាជ្ញាប័ណ្ណពីក្រសួងអប់រំ យុវជន និងកីឡា។

ថ្លែងនៅក្នុងឱកាសដឹកនាំកិច្ចប្រជុំ ស្ដីពីការត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់បណ្ដាញសាកលវិទ្យាល័យសាយប័រកម្ពុជា (ប.ស.ស.ក) ដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្តី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ថា បណ្ដាញសាកលវិទ្យាល័យសាយប័រកម្ពុជា ត្រូវបានរៀបចំឡើងក្នុងគោលបំណងកែលម្អគុណភាព និងសមធម៌នៃការអប់រំឧត្តមសិក្សា ដើម្បីកសាងសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពសង្គមផ្អែកលើចំណេះដឹង ដោយក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវ “កម្មវិធីវិនិយោគសាធារណៈអនុវិស័យឧត្តមសិក្សា ២០២២-២០២៣ ស្តីពីបណ្ដាញសាកលវិទ្យាល័យសាយប័រកម្ពុជា” នៅខែមិថុនា ឆ្នាំ២០២២។

ដើម្បីអាចវាស់ផលសម្រេចនៃវត្ថុបំណងកម្មវិធីវិនិយោគនេះ មានសូចនាករវត្ថុបំណងអភិវឌ្ឍន៍កម្មវិធីវិនិយោគ ចំនួន០៣ ដូចជា៖ (សូចនាករ ១). ចំនួនមុខវិជ្ជាដែលបានដាក់ឱ្យប្រើប្រាស់ក្នុងកម្មវិធីបណ្ដាញសាកលវិទ្យាល័យសាយប័រ (សូចនាករ ២). ចំនួនកម្មវិធីសិក្សាបរិញ្ញាបត្រដែលអនុវត្តកម្មវិធីបណ្ដាញសាកលវិទ្យាល័យសាយប័រ និង (សូចនាករ ៣). ចំនួនគ្រឹះស្ថានដែលមាន និងដំណើរការហេដ្ឋារចនាសម្ព័ន្ធសាកលវិទ្យាល័យសាយប័រ៕

ប្រភព៖ MoEYS
រូបភាព៖ ITC e-Learning Center