តើអ្វីទៅជាទេសចរណ៍ឌីជីថល? តើអនាគតទេចរណ៍ឌីជីថលនៅកម្ពុជាមានលក្ខណៈបែបណា?
ទេសចរណ៍ឌីជីថល គឺជាពាក្យដែលរួមបញ្ចូលរវាងបច្ចេកវិទ្យាឌីជីថល ឬឧបករណ៍ឌីជីថល និងទេសចរ។ ទេសចរណ៍ឌីជីថល អាចឱ្យអ្នកធ្វើដំណើររៀបចំការធ្វើដំណើររបស់ពួកគេឱ្យកាន់តែប្រសើរឡើង។ វាអាចជួយសម្រួលគ្រប់ដំណាក់កាលនៃការធ្វើដំណើរ ចាប់ពីការធ្វើផែនការ និងការកក់កន្លែង រហូតដល់បទពិសោធន៍ជាក់ស្តែង ដោយវាធ្វើឱ្យវាគ្មានភាពតានតឹង និងបង្កភាពងាយស្រួលជាងមុន។
ទេសចរណ៍ឌីជីថលកំពុងផ្លាស់ប្តូរជាវិជ្ជមាននូវរបៀបដែលមនុស្សធ្វើដំណើរ និងបទពិសោធន៍ជុំវិញពិភពលោក។
តើអ្វីជាទេសចរណ៍ឌីជីថលពិតប្រាកដ?
ទេសចរណ៍ឌីជីថលមិនគ្រាន់តែជាឧបករណ៍ គេហទំព័រ និងកម្មវិធីដែលអ្នកធ្វើដំណើរប្រើដើម្បីស្វែងរកកន្លែងស្នាក់នៅល្អបំផុត ជើងហោះហើរថោកបំផុត និងភោជនីយដ្ឋានដែលនៅជិតបំផុតនោះទេ។ វាក៏រួមបញ្ចូលនូវអ្វីៗជាច្រើនទៀតដែលទាក់ទងនឹងឧស្សាហកម្មទេសចរណ៍ផងដែរ។ វាគឺជាការរួមបញ្ចូលនូវបច្ចេកវិទ្យាថ្មីៗនៅក្នុងឧស្សាហកម្មទេសចរណ៍ ដែលអាចអនុវត្តចំពោះប្រតិបត្តិករទេសចរណ៍ និងប្រតិបត្តិករអាជីវកម្មផ្សេងទៀត ដែលមានទំនាក់ទំនងជាមួយឧស្សាហកម្មទេសចរណ៍ និងមនុស្សដែលប្រើប្រាស់ឧបករណ៍ទេសចរណ៍ឌីជីថល ដើម្បីបង្កើនបទពិសោធន៍របស់ពួកគេ។ វាបានផ្លាស់ប្តូររបៀបដែលមនុស្សគិតអំពីវិស័យទេសចរណ៍នៅក្នុងវិធីវិជ្ជមានមួយចំនួន ហើយមានអត្ថប្រយោជន៍ជាច្រើនសម្រាប់អ្នកពាក់ព័ន្ធទាំងអស់។
ពាក្យនេះក៏ត្រូវបានគេប្រើដើម្បីពិពណ៌នាអំពីវិស័យដ៏ស្មុគស្មាញ និងទូលំទូលាយ ហើយធាតុផ្សំសំខាន់ពីរគឺ អ៊ីនធឺណែត និងនិន្នាការបច្ចេកវិទ្យា។
នៅក្នុងប្រទេសរីកចម្រើន ទេសចរណ៍ឌីជីថលក៏រួមបញ្ចូលផងដែរនូវឧបករណ៍ដែលប្រើប្រាស់ក្នុងអំឡុងពេលវិស្សមកាល ឬបទពិសោធន៍ធ្វើដំណើរ ដើម្បីស្វែងរកកន្លែងដែលអ្នកទេសចរចង់ទៅ កំណត់ទីតាំងបន្ទប់ទឹកសាធារណៈដែលនៅជិតបំផុត និងការព្យាករណ៍អាកាសធាតុផងដែរ។ ជាមួយគ្នានេះ វាក៏ជាបច្ចេកវិទ្យាដែលអនុញ្ញាតឱ្យយើងថតរូប ហើយបន្ទាប់មកបញ្ជូនវាទៅកាន់គេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គម VPNs ដែលអនុញ្ញាតឱ្យយើងភ្ជាប់ទៅសេវាកម្មសុវត្ថិភាពនៅពេលធ្វើដំណើរ និងច្រើនទៀត។
សម្រាប់បរិបទកម្ពុជាដែលជាប្រទេសកំពុងរីកចម្រើន វិស័យទេសចរណ៍ គឺជាសសរស្ដម្ភដ៏សំខាន់មួយក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ក្នុងន័យនេះ រាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការអភិវឌ្ឍវិស័យទេសចរណ៍ តាមរយៈការជំរុញ និងលើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធចាប់យកជំនាញឌីជីថល ដើម្បីឆ្លើយតបនឹងបរិបទនៃការរីកចម្រើនផ្នែកបច្ចេកវិទ្យា ដែលជាគន្លឹះសំខាន់ ក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ឱ្យចូលមកទស្សនាកម្សាន្តនៅកម្ពុជា។
ជាក់ស្ដែង ឯកឧត្តម ថោង ខុន អតីតរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ធ្លាប់បានមានប្រសាសន៍ថា ៖ « ការគិតគូរអំពីអក្ខរកម្មឌីជីថលក្នុងវិស័យទេសចរណ៍ គឺពិតជា មានសារៈសំខាន់ដើម្បីបង្ហាញនូវជំនាញថ្មីមួយ ក្នុងការជំរុញ ការកសាងវិស័យទេសចរណ៍វៃឆ្លាតនៅកម្ពុជា តាមរយៈ ការទាញយកសក្តានុពលពីការប្រើប្រាស់បច្ចេកវិទ្យាបម្រើដល់ ការគ្រប់គ្រង និងការអភិវឌ្ឍវិស័យទេសចរណ៍ជាតិ ស្របតាមតម្រូវការ និងបរិបទជាក់ស្តែង » ។
ដោយឡែក នៅក្នុងអាណត្តិរដ្ឋមន្ត្រីក្រសួងទេសចរណ៍ថ្មី ឯកឧត្តម សុខ សូកេន គេសង្កេតឃើញមានការបន្តការយកចិត្តទុកដាក់លើចំណុចគន្លឹះមួយនេះផងដែរ តាមរយៈការគូសបញ្ជាក់ពីចក្ខុវិស័យក្នុងការជំរុញទេសចរណ៍ឌីជីថលនៅកម្ពុជា រួមទាំងការដាក់ចេញនូវចង្កោមការងារអាទិភាពនានា ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ សម្រាប់ការកសាងនិងការការពារមាតុភូមិ ២០២៣-២០២៨ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ក៏ដូចជាគោលនយោបាយ និងផែនការយុទ្ធសាស្ត្រសំខាន់ៗពាក់ព័ន្ធនឹងវិស័យទេសចរណ៍ និងគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រ «បង្កើន៥» និង «អភិវឌ្ឍ៣» (BUILD plus 3Ds)។
ស្របតាមចក្ខុវិស័យនេះ អនាគតទេសចរណ៍កម្ពុជា នឹងវិវត្តទៅជាទេសចរណ៍ឌីជីថល ដោយសេវាកម្មទេសចរណ៍ បដិសណ្ឋារកិច្ច អាជីវកម្មទេសចរណ៍ជាដើម គឺត្រូវពឹងផ្អែកលើឌីជីថល។ រការរីកលូតលាស់ផ្នែកឌីជីថលនេះ នឹងជួយបង្កើនសក្តានុពលវិស័យទេសចរណ៍នៅកម្ពុជា និងធានា ឧត្តមភាព ប្រកួតប្រជែងរបស់វិស័យទេសចរណ៍កម្ពុជាផងដែរ។
យ៉ាងណាមិញ សម្រាប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវ ទាំងរដ្ឋ និងឯកជន គឺចាំបាច់ត្រូវចូលរួមអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈ របស់ខ្លួនលើជំនាញឌីជីថល ដើម្បីឆ្លើយតបនឹងតម្រូវការស្របតាមបរិបទជាក់ស្តែង។
ប្រភព៖ Breaking travel, ក្រសួងទេសចរណ៍