|

ឱកាសល្អសម្រាប់និស្សិតកម្ពុជា! ក្រសួងអប់រំកម្ពុជា កំពុងពន្លឿនអនុស្សរណៈនៃការយោគយល់គ្នាក្នុងវិស័យអប់រំឧត្តមសិក្សា និងការស្រាវជ្រាវវិទ្យាសាស្ត្រ ជាមួយរដ្ឋាភិបាលរដ្ឋកាតា


នារសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Khalid Ali Abdullah Abel ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃរដ្ឋកាតា ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ក្នុងគោលបំណងដើម្បីពិនិត្យ និងពន្លឿនដំណើរការនៃការរៀបចំសេចក្តីព្រាងអនុស្សារណៈ នៃការយោគយល់គ្នា សម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំឧត្តមសិក្សា និងការស្រាវជ្រាវវិទ្យាសាស្ត្រ រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និង រដ្ឋាភិបាលនៃ រដ្ឋកាតា។

ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានបង្ហាញចំណាប់អារម្មណ៍ក្នុងការបន្តពង្រឹងពង្រីកចំណងមិត្តភាព ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ និងវិទ្យាសាស្ត្ររវាងប្រទេសទាំងពីរ ដោយរំពឹងថានឹងឃើញយុវជនខ្មែរកាន់តែច្រើនទៅបន្តការសិក្សា ចូលរួមកម្មវិធីបណ្ដាញ សន្និសីទ និងវគ្គបណ្តុះបណ្ដាលផ្សេងៗ នៅរដ្ឋកាតា។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់រដ្ឋាភិបាលកាតាលើគ្រប់វិស័យនៅកម្ពុជា ជាពិសេសគឺការលើកកម្ពស់វិស័យអប់រំ យុវជន និងកីឡា និងបានបង្ហាញចំណាប់អារម្មណ៍ លើកការបន្តបញ្ជូនសិស្សនិស្សិត លោកគ្រូ អ្នកគ្រូ អ្នកជំនាញលើការងារអប់រំឱ្យកាន់តែច្រើនបន្ថែមទៀត ទៅបន្តការសិក្សាកម្រិតឧត្តមសិក្សា ចូលរួមវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព លើផ្នែកវិទ្យាសាស្ត្រ AI ផ្នែកអភិវឌ្ឍយុវជន និងកីឡា ក៏ដូចជាកម្មវិធីទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធនៅរដ្ឋកាតា៕

ប្រភព៖ MoEYS