|

ក្រសួងអប់រំ គាំទ្រឱ្យបង្កើតសៀវភៅស្តីពីអប់រំចិត្តសម្រាប់សិស្សានុសិស្ស និងយុវជនទូទៅ


ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូ នៃអង្គការសម្ព័ន្ធយុវជនអន្តរជាតិ (IYF) មកពីបណ្ដាប្រទេសក្នុងតំបន់ ដឹកនាំដោយ លោកបណ្ឌិត Ock Soo PARK ស្ថាបនិកនៃអង្គការសម្ព័ន្ធយុវជនអន្តរជាតិ (IYF) នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ។

លើកឡើងក្នុងឱកាសនេះ លោកបណ្ឌិតស្ថាបនិកនៃអង្គការសម្ព័ន្ធយុវជនអន្តរជាតិ បានឱ្យដឹងថាអង្គការរបស់លោកកំពុងធ្វើការងារជាមួយប្រទេសជាច្រើនដើម្បីលើកកម្ពស់កម្មវិធីអប់រំចិត្តទៅកាន់យុវជន និងសិស្សានុសិស្សនៅតាមបណ្ដាលសាលា ដោយសង្កត់ធ្ងន់ពីសារៈសំខាន់នៃការអប់រំចិត្តក្នុងកម្មវិធីសិក្សា ដែលបង្រៀនឱ្យយុវជនចេះត្រិះរិះពិចារណាស៊ីជ្រៅ ចេះត្រួសត្រាយជីវិតខ្លួនឯងទៅរកផ្លូវត្រូវ និងបច្ចុប្បន្ន អង្គការរបស់លោកក៏កំពុងរៀបចំបង្កើតសៀវភៅស្តីពីអប់រំចិត្ត ដើម្បីផ្សព្វផ្សាយចែករំលែកចំណេះដឹង និងបទពិសោធល្អៗ ពាក់ព័ន្ធការអប់រំចិត្តនេះឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានគាំទ្រដល់ការលើកឡើងខាងលើ ដោយបានគូសបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងអប់រំ យុវជន និងកីឡា ក៏បាន និងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើការលើកកម្ពស់សុខភាពផ្លូវចិត្តសិស្សានុសិស្ស ដោយបានដាក់បញ្ចូលការអប់រំចិត្តទៅក្នុងកម្មវិធីសិក្សានៅតាមសាលា និងតាមរយៈកម្មវិធីក្រៅម៉ោងសិក្សា ដែលមានដូចជា ការធ្វើសមាធិ ការអប់រំចរិយាធម៌ និងសីលធម៌ តាមបែបពុទ្ធសាសនាជាដើម ដែលទាំងអស់នេះសុទ្ធសឹងតែរួមចំណែកគាំទ្រដល់គោលដៅរួម នៃការអប់រំ ៣ចំណុច គឺផ្ដល់ចំណេះដឹង បំណិនជីវិត និងជំរុញឱ្យយុវជនមានភាពជាពលរដ្ឋសាកល តបតាមអនុសាសន៍វិធានគន្លឹះទាំង៤ ក្នុងវិស័យអប់រំ របស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានអបអរសាទរ និងគាំទ្រចំពោះគំនិតផ្តួចផ្តើមនៃការបង្កើតឱ្យមានសៀវភៅស្តីពីអប់រំផ្លូវចិត្ត ដែលនឹងជួយជំរុញឱ្យយុវជនជំនាន់ក្រោយកាន់តែងាយស្រួលក្នុងការស្វែងយល់ និងធ្វើស្វ័យសិក្សាបន្ថែមដោយខ្លួនឯងឱ្យកាន់តែស៊ីជម្រៅអំពីការអប់រំចិត្ត ក៏ដូចជាបន្តប្រើប្រាស់ដើម្បីបង្រៀនកាន់តែទូលំទូលាយពីមួយជំនាន់ទៅមួយជំនាន់៕