|

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងចូលរួមសហការនូវរាល់គំនិតផ្ដួចផ្ដើមទាំងឡាយណាដែលគាំទ្រដល់ការលើកកម្ពស់វិស័យអប់រំកម្ពុជា


ការថ្លែងបញ្ជាក់នេះត្រូវបានធ្វើឡើង នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ក្នុងឱកាសដែលឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឱ្យ លោក Johnny Mo ប្រធាននាយកដ្ឋានអភិវឌ្ឍន៍យុវជន នៃសភាពាណិជ្ជកម្មអន្តរជាតិកម្ពុជា សមាគមក្រុមប្រឹក្សាអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា-ចិន ( Cambodia International Chamber of Commerce, Cambodia-China Association for Economic Development) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ដើម្បីស្វែងរកការគាំទ្រកិច្ចសហការកម្មវិធីការផ្លាស់ប្តូរទស្សនកិច្ចសិក្សា និងដកស្រង់បទពិសោធយុវជន និងយុវជន កម្ពុជា-ចិន។

ក្នុងឱកាសជំនួបនេះដែរ ភាគីសភាពាណិជ្ជកម្មអន្តរជាតិកម្ពុជា សមាគមក្រុមប្រឹក្សាអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា-ចិន បានធ្វើបទបង្ហាញអំពីកម្មវិធីការផ្លាស់ប្តូរយុវជន នៃប្រទេសទាំងពីរ និងកម្មវិធីពាក់ព័ន្ធអប់រំយុវជនជាច្រើនទៀតរបស់សមាគម ដែលត្រូវការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា។

ឆ្លើយតបនឹងការលើកឡើងខាងលើ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការរៀបចំឱ្យមានកម្មវិធីផ្លាស់ប្តូរបទពិសោធ និងវប្បធម៌ រវាងយុវជនកម្ពុជា និងចិន ព្រមទាំងគូសបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា នឹងចូលរួមសហការនូវរាល់គំនិតផ្ដួចផ្ដើមទាំងឡាយណាដែលគាំទ្រដល់ការលើកកម្ពស់វិស័យអប់រំកម្ពុជា ក្នុងបុព្វហេតុអភិវឌ្ឍមូលធនមនុស្ស ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០។

ប្រភព៖ Moeys