ក្រុមការពារដំណែងជើងឯក បឹងកេត បរាជ័យក្នុងការប្រកួតដំបូងរបស់ខ្លួន ក្រោមថ្វីជើងរបស់ណាហ្គាវើលដ៍
ក្រុមការពារដំណែងជើងឯក បឹងកេត បានរងបរាជ័យក្នុងការប្រកួតដំបូង ក្រោមថ្វីជើងរបស់ណាហ្គាវើលដ៍លទ្ធផល០ទល់នឹង១ នៅកីឡាដ្ឋានខេមបូឌា អ៊ែរវ៉េ សម្រាប់ការប្រកួតសប្ដាហ៍ទីមួយនៃពានរង្វាន់មិត្តហ្វូនខេមបូឌានលីគឆ្នាំ២០២១។
ជំនួបរវាងក្រុមទាំងពីរបានដំណើរការទៅយ៉ាងជក់ចិត្ត ដិតអារម្មណ៍ បើទោះបីជា ការប្រកួតនេះមិនអនុញ្ញាតឱ្យមានអ្នកគាំទ្រផ្ទាល់នៅកីឡាដ្ឋានដោយសារបញ្ហាកូវីដ-១៩ក៏ដោយ។ នៅដើមតង់ទីមួយ ក្រុមភ្ញៀវណាហ្គាវើលដ៍ព្យាយាមគ្រប់គ្រងបាល់ និងបង្កើតឱកាសច្រើន រហូតរកបានគ្រាប់បាល់នាំមុខនៅនាទីទី៧ ក្រោយខ្សែបម្រើ កីឡាករ សុះ ស៊ូហាណា ស៊ុតបាល់បញ្ចូលទីបានយ៉ាងល្អ។
ក្រោយត្រូវបាននាំមុខ០ទល់នឹង១ ក្រុមម្ចាស់ផ្ទះបឹងកេត បានកែប្រែទម្រង់លេងភ្លាមៗ ដោយផ្ដូរពីការការពារមកលេងប្រយុទ្ធច្រើន។ ខ្សែប្រយុទ្ធជួរមុខ ចាន់ វឌ្ឃនាកា និងសៀង ចន្ធា ព្យាយាមបង្កើតឱកាសជាបន្តបន្ទាប់ ប៉ុន្តែនៅតែមិនអាចទម្លុះរបាំងការពាររបស់ក្រុមណាហ្គាវើលដ៍បាន។ ចប់ការប្រកួត៩០នាទី ណាហ្គាវើលដ៍រកបាន៣ពិន្ទុដ៏មានសារៈសំខាន់ក្នុងសប្ដាហ៍ទីមួយនេះ។
គួរបញ្ជាក់ផងដែរថា នៅថ្ងៃអាទិត្យទី៧ ខែមីនា ឆ្នាំ២០២១នេះមានការប្រកួតបីគូ ក្នុងនោះ ណាហ្គាវើលដ៍យកឈ្នះបឹងកេត១-០ គីរីវង់សុខសែនជ័យ យកឈ្នះ អាស៊ីអារ៉ុបយូណាយធីត ៤-២ ចំណែក វិសាខា ស្មើរគ្នា ជាមួយ កងយោធពលខេមរភូមិន្ទ ក្នុងលទ្ធផល ០-០។ តាមរយៈលទ្ធផលប្រកួតក្នុងសប្ដាហ៍ទីមួយ ក្រុមភ្នំពេញក្រោនឈរលើកំពូលតារាងនៃពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ ជាបណ្ដោះអាសន្ន ក្រោយយកឈ្នះក្រុមសូទីឡូអង្គរក្នុងលទ្ធផលមិនគួរឱ្យជឿ ៧ទល់នឹង១៕
រូបភាព៖ បឹងកេត
ដោយ៖ ង៉ាយ ណៃ