|

ប្រជាជនថៃអបអរការប្រារព្ធសង្ក្រាន្តរយៈពេល ២១ ថ្ងៃទាំងភ័យព្រួយ!


ការស្ទង់មតិបានរកឃើញថា មនុស្សកាន់តែច្រើននឹងធ្វើដំណើរក្នុងអំឡុងពិធីបុណ្យសង្ក្រាន្តឆ្នាំនេះជាងឆ្នាំមុន ប៉ុន្តែពួកគេនឹងមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការចំណាយរបស់ពួកគេ ដោយសារតែតម្លៃនៃការរស់នៅ និងបំណុលគ្រួសារកើនឡើង ខណៈដែលសេដ្ឋកិច្ចប្រទេសនេះកំពុងធ្លាក់ក្នុងវិបត្តិ។

ការស្ទង់មតិដែលធ្វើឡើងដោយមជ្ឈមណ្ឌលព្យាករណ៍សេដ្ឋកិច្ច និងធុរកិច្ចនៃសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ បានវាយតម្លៃមតិរបស់មនុស្សចំនួន ១,២៨០ នាក់ក្នុងមុខរបរផ្សេងៗគ្នាចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ៣០ ខែមីនា។រហូតដល់ទៅ៦៦% នៃអ្នកឆ្លើយសំណួរបាននិយាយថា ពួកគេមានបំណងប្រារព្ធពិធីបុណ្យសង្ក្រាន្តដោយការធ្វើបុណ្យ,៤២% ដោយការទៅលេងសាច់ញាតិ,៤១.៦% ដោយការលេងចាក់ទឹកគ្នាទៅវិញទៅមកនិង៣៩.២% នៅក្នុងពិធីជប់លៀង។

ជាងពាក់កណ្តាលនៃអ្នកឆ្លើយសំណួរបាននិយាយថាពួកគេនឹងធ្វើដំណើរ ប៉ុន្តែភាគច្រើនគឺធ្វើដំណើរនៅក្នុងខេត្តរៀងៗខ្លួន២៦% បាននិយាយថាពួកគេនឹងស្នាក់នៅផ្ទះ និង១០.៦% បាននិយាយថាពួកគេនឹងធ្វើដំណើរទៅខេត្តផ្សេងទៀត។

គោលដៅទេសចរណ៍ក្នុងស្រុកដែលពេញនិយមបំផុតគឺ ឈុនបុរី អយុធ្យា រ៉ាយ៉ុង សុខោទ័យ ឈៀងម៉ៃ នគររាជសីម៉ា ភូកេត ក្រាប៊ី នគរស៊ីធម្មរាត និងបាងកក។ ការចំណាយធ្វើដំណើរក្នុងស្រុកជាមធ្យមក្នុងម្នាកើត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៦,៤២៥ បាត (១៧៥ដុល្លារអាមេរិក) ខណៈដែលការចំណាយលើការធ្វើដំណើរក្រៅប្រទេសជាមធ្យមត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន ៤០,១២៩ បាតក្នុងម្នាក់។

លោក Thanawat Pholvichai ទីប្រឹក្សាមជ្ឈមណ្ឌលព្យាករណ៍ និងសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ បាននិយាយថា ការចំណាយរបស់ភ្ញៀវទេសចរបរទេស និងក្នុងស្រុកក្នុងអំឡុងពេលពិធីបុណ្យក្នុងខែនេះ ត្រូវបានគេប៉ាន់ស្មានថាមានចន្លោះពី ១៤០ ពាន់លាន ទៅ ២០៩ ពាន់លានបាត។

លោកបានបន្តថា សង្ក្រាន្តឆ្នាំនេះទំនងជាមានភាពរស់រវើកហើយព្រឹត្តិការណ៍បុណ្យនានា ត្រូវបានគេរំពឹងថា នឹងបង្កើតការចំណាយកើនឡើងដោយលោកបានបន្ថែមថា ក្នុងខែមេសាតែមួយភ្ញៀវទេសចរបរទេសប្រមាណ ៣,២ លាន នាក់ត្រូវបានរំពឹងថានឹងមកលេងប្រទេសថៃ។

លោកប៉ាន់ប្រមាណថា ពិធីបុណ្យសង្ក្រាន្តនឹងជំរុញកំណើនសេដ្ឋកិច្ចពី ២,០១% ទៅ ២,៥០%។ ពិធីបុណ្យនេះនឹងត្រូវប្រារព្ធឡើងនៅទូទាំងប្រទេសក្នុងរយៈពេល ២១ ថ្ងៃ ប៉ុន្តែជាពិសេសរយៈពេល ៥ ថ្ងៃចាប់ពីថ្ងៃទី១២-១៦ខែមេសា ដើម្បីអបអរការទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីដោយអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (យូណេស្កូ)។

ប្រភព៖ VN Express