ការបញ្ជ្រាបសិល្បៈវប្បធម៌ខ្មែរចូលទៅក្នុងសាច់រឿងជារឿងដ៏ចំណេញសម្រាប់កម្ពុជា

តម្លៃវប្បធម៌ ឬ The Value of Culture ជាខ្សែវីដេអូអប់រំខ្លីដំបូងដែលក្រុមយុវជនស្ម័គ្រចិត្ត Brandbodia រួមសហការជាមួយនឹងក្រុមយុវជនសិល្បៈស្ម័គ្រចិត្តនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានចាប់ដៃគ្នាផលិតឡើងកាលពីឆ្នាំ២០១៩កន្លងទៅ ក្នុងគោលបំណងចូលរួមលើកកម្ពស់ដល់ការអភិរក្ស និងការអភិរឌ្ឍសម្បត្តិវប្បធម៌ដ៏សម្បូរបែបរបស់បុព្វបុរសខ្មែរឲ្យកាន់តែមានភាពថ្កុំថ្កើង។

ប្រិយមិត្តអ្នកនិយមតាមដានខ្សែភាពយន្តខ្មែរប្រាកដជាបានស្គាល់ពីប្រជាប្រិយភាពរបស់តារាសម្តែងសាច់ហាប់ ខ្ពស់ស្រឡះ លោក សន ពិសិដ្ឋ ក៏មានវត្តមានចូលរួមសម្តែងក្នុងខ្សែវីដេអូខ្លីអប់រំរបស់យើងដែរ ជាហេតុញ៉ាំងឱ្យដំណើររឿងទាំងមូលកាន់តែគួរឱ្យចង់គយគន់ និងចែករំលែក។

ជាមួយនឹងបទសម្ភាសន៍ផ្ទាល់តាមបែបគន្លងថ្មីជាមួយនឹង BRANDMEDIA តារាសម្តែងរាងសង្ហាមានទីកំណើតនៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺរូបនេះបានលើកឡើងជាមួយនឹងសម្លេងមួយៗច្បាស់ៗថា៖ ក្នុងនាមបងជាតារាសម្តែងខ្មែរមួយរូប បងចង់ជំរុញ និងលើកទឹកចិត្តដល់ផលិតករខ្មែរគ្រប់រូបចូលរួមផ្សព្វផ្សាយសិល្បៈវប្ប ធម៌ដ៏ច្រើនទម្រង់របស់ខ្មែរយើងតាមរយៈការបញ្ជ្រាបចូលទៅក្នុងសាច់រឿងរបស់ពួកគាត់ឱ្យបានច្រើនទៅតាមលទ្ធភាព។

ដកដង្ហើម និងសញ្ជឹងបានបន្តិច តារាសម្តែងញញឹមស្រស់បន្តជាមួយនឹងសម្លេងបែបសុភាពបុរសរបស់ខ្លួនយ៉ាងដូច្នេះថា៖ បងគិតថា វាជារឿងចំណេញមែនទែនសម្រាប់ខ្មែរយើងខ្លួនឯង ដែលផលិតករម្នាក់ៗអាចសៀតចូលនូវផ្នែកណាមួយនៃសិល្បៈវប្បធម៌ខ្មែរយើងចូលទៅក្នុងសាច់រឿងរបស់គាត់ មិនថាជាខ្សែភាពយន្តក្តី ខ្សែវីដេអូបែបកំសាន្តក្តី អប់រំ ឬវីដេអូចម្រៀងក្តី។

“ជាក់ស្តែងដូចជាក្រុមប្អូន ក្រុម Brandbodia អ៊ីចឹង បងសូមកោតសរសើរមែនទែនដែលបានផលិតនូវខ្សែវីដេអូអប់រំ តម្លៃវប្បធម៌នេះឡើង ព្រោះវាជាចំណែកដ៏ប្រសើរមួយដែរ ក្នុងការរុញសិល្បៈវប្បធម៌ខ្មែរយើងឱ្យបានល្អ និងថ្កុំថ្កើងទៅមុខ” គាត់បានបញ្ជាក់បន្ថែមដូច្នេះ។

ប៉ុន្មាននាទីក្រោយនៃកិច្ចសម្ភាសន៍ តារាសម្តែងមាឌមាំប្រៀបដូចជាទ័ពចម្បាំងខ្មែរអង្គរបានផ្តាំផ្ញើនូវសារខ្លីទៅកាន់ប្រិយមិត្ត និងសាធារណៈជនយ៉ាងដូច្នេះថា៖ យ៉ាងណា យើងទាំងអស់គ្នាគួរតែកុំភ្លេចខ្លួន អំឡុងពេលនៃការទទួលយកនូវឥទ្ធិពលវប្បធម៌សម័យថ្មី យើងក៏មិនគួរភ្លើតភ្លើនរហូតភ្លេចខ្លួនពីស្នូលតម្លៃរបស់យើងដែរ យើងនឹងរុញតម្លៃវប្បធម៌ខ្មែរឱ្យទៅមុខជាមួយគ្នា។

ជាការពិតទៅ ចំពោះប្រិយមិត្តដែលតែងតែតាមដាន និងគាំទ្រដល់ស្នាដៃក្រុមគ្រួសារ Brandbodia កន្លងមក ប្រាកដជាបានទស្សនានូវខ្សែវីឌីអូអប់រំខ្លីនេះជាក់ជាមិនខាន និយាយដោយឡែកចំពោះប្រិយមិត្តដែលពុំទាន់បានទស្សនាអាចចូលតាមរយៈតំណភ្ជាប់នេះ (https://www.youtube.com/watch?v=f60edmIGZA8)

  •  
  •  
  •  
  •