ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសបើកសន្និបាតបូកសរុបការងារអប់រំយុវជន និងកីឡាឆ្នាំ២០២២-២០២៣ និងទិសដៅឆ្នាំសិក្សា ២០២៣-២០២៤ ក្រោមប្រធានបទ “ឧត្តមានុវត្តនៃកំណែទម្រង់គ្រឹះស្ថានឧត្តមសិក្សា”
នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ក្រសួងអប់រំយុវជន និងកីឡា បានរៀបចំពិធីបើកសន្និបាតបូកសរុបការងារអប់រំយុវជន និងកីឡាឆ្នាំ២០២២-២០២៣ និងទិសដៅឆ្នាំសិក្សា ២០២៣-២០២៤ ក្រោមប្រធានបទ “ឧត្តមានុវត្តនៃកំណែទម្រង់គ្រឹះស្ថានឧត្តមសិក្សា”ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមវណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
មានប្រសាសន៍ទៅកាន់អង្គសន្និបាត ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកឡើងថា សន្និបាតបូកសរុបការងារអប់រំយុវជន និងកីឡា ត្រូវបានធ្វើឡើងក្នុងគោលបំណងពិនិត្យពិភាក្សាលើវឌ្ឍនភាពនៃការអនុវត្តការងារអប់រំដែលក្រសួងសម្រេចបាននៅក្នុងឆ្នាំ២០២៣ និងពិគ្រោះយោបល់ កំណត់បញ្ហាប្រឈម ផ្ដល់អនុសាសន៍លើកទិសដៅនៃការអនុវត្តការងារសម្រាប់ឆ្នាំ២០២៤។
ឯកឧត្តម បានបន្ថែមថា សន្និបាតនាឱកាសនេះក៏ជាការចាប់ផ្ដើមដ៏សំខាន់របស់ក្រសួងអប់រំយុវជន និងកីឡាក្នុងការចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលបានចាត់ទុកវិស័យអប់រំ ជាវិស័យអាទិភាពទី១ ឈានឆ្ពោះទៅការអភិវឌ្ឍមូលធនមនុស្សប្រកបដោយសមត្ថភាព ភាពច្នៃប្រឌិត ស្មារតីសហគ្រិនភាព នវានុវត្ត និងក្រមសីលធម៌ខ្ពស់ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចប្រកបដោយចីរភាព។ ជាមួយគ្នានេះ ឯកឧត្តម បានលើកឡើងពីវិធានការគន្លឹះចំនួន ៤ ដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញនៅក្នុងកិច្ចប្រជុំដំបូងរបស់គណៈរដ្ឋមន្ត្រីនីតិកាលទី៧ របស់រដ្ឋសភាក្នុងគោលដៅពង្រឹងគ្រឹះស្ថានសិក្សារាប់ចាប់ពីថ្នាក់មតេយ្យសិក្សាដល់មធ្យមសិក្សារួមមាន៖ ១) ការពង្រឹងអភិបាលកិច្ចសាលារៀន ២) ការពិនិត្យកែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យសមស្របទៅនឹងតម្រូវការនៃការពង្រឹងចំណេះដឹង វិន័យ និងសីលធម៌ និងឥរិយាបថរបស់សិស្ស ៣) ការយកចិត្តទុកដាក់លើសុខភាពសិស្ស តាមរយៈកម្នវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យចំណីអាហារនៅតាមសាលារៀន និងទី៤ ការចូលរួមជំរុញ និងលើកទឹកចិត្តដល់ មាតាបិតា អាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំ ស្របតាមទិសស្លោក «ភាពជាដៃគូរដ្ឋ និងសហគមន៍ដើម្បីការអប់រំ»។
បន្ថែមលើនេះ ក្រសួងបានដាក់ចេញនូវវិធានការគន្លឹះ ៤ បន្ថែមទៀត គឺទី៥ ការអប់រំឌីជីថល ទី៦ ការបង្កើតមជ្ឈមណ្ឌលឧត្តមភាពនៅឧត្តមសិក្សា ទី៧ ការកសាងប្រព័ន្ធ និងអភិវឌ្ឍសមត្ថភាពស្ថាប័ន ទី៨ ការអភិវឌ្ឍការអប់រំកាយ និងកីឡា។
សូមជម្រាបថា សន្និបាតបូកសរុបការងារអប់រំយុវជន និងកីឡាឆ្នាំ២០២២-២០២៣ និងទិសដៅឆ្នាំសិក្សា ២០២៣-២០២៤ នឹងប្រព្រឹត្តទៅរយៈពេល ០៣ ថ្ងៃចាប់ពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ដល់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤៕