| |

តើអ្វីជាគោលបំណងនៃ មូលនិធិ ស.គ.ន របស់ក្រសួងអប់រំ?


មូលនិធិ ស.គ.ន មកពីពាក្យពេញថា “មូលនិធិសម្រាប់ការស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍” និងហៅជាភាសាអង់គ្លេសថា The Research Creativity and Innovation Fund ដែលហៅកាត់ជាភាសាអង់គ្លេសថា ÒRCI Fund” បង្កើតឡើងក្នុងគោលបំណងរួមចំណែកលើកកម្ពស់វប្បធម៌នៃការស្រាវជ្រាវ បំផុសគំនិតច្នៃប្រឌិត និងជំរុញការធ្វើនវានុវត្តន៍ ដើម្បីជាប្រយោជន៍ដល់វិស័យអប់រំ យុវជន និងកីឡា ដែលឆ្លើយតបទៅនឹងទីផ្សារពលកម្ម និងសាកលភាវូបនីយកម្ម។

មូលនិធិនេះ បានបង្កើតឡើងដោយមានការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីឆ្លើយតបទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបាន និងកំពុងបន្តពង្រឹង អភិវឌ្ឍការអប់រំនៅឱ្យឆ្ពោះទៅរកការស្រាវជ្រាវ និងនវានុវត្តន៍ ដើម្បីពង្រឹងសមត្ថភាព និងជំនាញរបស់ធនធានមនុស្សនៅកម្ពុជាឱ្យសមស្របទៅនឹងបរិបទថ្មីនៃការអភិវឌ្ឍ ជាពិសេសការពង្រឹងសហគ្រិនភាពក្នុងការរៀបចំម៉ូដែលធុរកិច្ចថ្មីៗ។ នេះដោយយោងតាមឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យសមិទ្ធផល និងវឌ្ឍនភាព និងការលើកទិសដៅបន្តនៃការអនុវត្តថវិកាកម្មវិធី “មូលនិធិសម្រាប់ការស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍” នៃក្រសួងអប់រំ យុវជន និងកីឡានារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤។

ជាមួយគ្នានេះដែរ ការបង្កើតមូលនិធិ ស.គ.ន គឺដើម្បីចាប់យកកាលានុវត្តភាពពីបដិវត្តន៍ឧស្សាហកម្មទី៤ និងសេដ្ឋកិច្ចឌីជីថល ដែលកំពុងផុសផុលឡើង ស្របពេលរាជរដ្ឋាភិបាលបានជំរុញឱ្យមានការបង្កើតឡើងនូវប្រព័ន្ធអេកូឡូហ្ស៊ីដែលបង្កលក្ខណៈអំណោយផលដល់ការបង្កើតថ្មី នវានុវត្តន៍ការស្រាវជ្រាវ និងអភិវឌ្ឍន៍។

គួរបញ្ជាក់ដែរថា ក្នុងរយៈពេល ៣ឆ្នាំ ចាប់តាំងពីការបង្កើតមូលនិធិ ស.គ.ន រហូតដល់បច្ចុប្បន្ននេះ ក្រសួងអប់រំ យុវជន និងកីឡា បានអនុវត្តថវិកាកម្មវិធីក្នុងទំហំថវិកា ១២ពាន់លានរៀល លើគម្រោងចំនួន២៦ ដោយ មានកិច្ចសហការជាមួយស្ថាប័នចំនួន៣០ ដែលក្នុងនោះមាន២១ជាគ្រឹះស្ថានឧត្តមសិក្សា ០៣ជាអង្គភាពនាយកដ្ឋាន ០១ជាគ្រឹះស្ថានមធ្យមសិក្សា និង០៥ជាស្ថាប័នឯកជន ឬដៃគូអភិវឌ្ឍ។

ប្រភព៖ MoEYS