តើក្រុម ISIS-K ជានរណា? ហេតុអ្វីពួកគេរវាយប្រហារយ៉ាកក្រើកនៅកន្លែងប្រគុំតន្ត្រីក្នុងទីក្រុងមូស្គូ?


ក្រុម ISIS បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារដ៏សាហាវកាលពីថ្ងៃសុក្រលើកន្លែងប្រគុំតន្ត្រីនៅទីក្រុងមូស្គូ ដោយបានបញ្ចេញវីដេអូក្រាហ្វិក ដោយបង្ហាញពីខ្មាន់កាំភ្លើងរបស់ខ្លួនដែលកំពុងធ្វើការការវាយប្រហារភេរវកម្មដ៏អាក្រក់បំផុតរបស់រុស្ស៊ីក្នុងរយៈពេលជាច្រើនទសវត្សរ៍។

អាជ្ញាធររុស្ស៊ីបានចោទប្រកាន់បុរសបួននាក់មកពីអតីតសាធារណរដ្ឋតាជីគីស្ថាន ថាជាអ្នកនៅពីក្រោយការវាយប្រហារដែលបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់១៣៧ នាក់ស្លាប់ និងជាង ១០០ នាក់រងរបួស។ ជនសង្ស័យដែលត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តអំពើភេរវកម្ម និងអាចប្រឈមមុខនឹងការជាប់ពន្ធនាគារអស់មួយជីវិតនោះ ត្រូវបានបញ្ជូនទៅកាន់ឃុំខ្លួនបណ្តោះអាសន្នរហូតដល់ថ្ងៃទី ២២ ខែឧសភា បន្ទាប់ពីបង្ហាញខ្លួននៅក្នុងតុលាការនៅទីក្រុងមូស្គូកាលពីថ្ងៃអាទិត្យ។

មន្ត្រីអាមេរិកបានភ្ជាប់ការវាយប្រហារនេះទៅនឹង ISIS-K ដែលជាសាខាដែលប្រតិបត្តិការនៅអាស៊ីកណ្តាល ដែលបានក្លាយជាក្រុមភេរវកម្មដ៏ឃោរឃៅ និងគួរឱ្យខ្លាចបំផុតមួយនៅក្នុងតំបន់។ ក្រោយការវាយប្រហារ មានព័ត៌មានលេខលឺថា សហរដ្ឋអាមេរិកបានទទួលព័ត៌មាននៃការស៊ើបការណ៍សម្ងាត់ថា ISIS-K នឹងវាយប្រហារនៅក្នុងប្រទេសរុស្ស៊ី ហើយបានបញ្ជូនសារព្រមានទាំងនោះទៅកាន់ទីក្រុងម៉ូស្គូ។

តើ ISIS-K ជានរណា?
ISIS-K ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៥ ហើយបានធ្វើសកម្មភាពនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ប៉ាគីស្ថាន និងអ៊ីរ៉ង់។ វាគឺជាសាខារបស់ក្រុម ISIS ដែលជាក្រុមភេរវករដែលបានផុសឡើងនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ ដែលបានបានគ្រប់គ្រងទឹកដីដ៏ធំទូលាយមួយ។ ប្រាំឆ្នាំចាប់តាំងពីការដួលរលំនៃ caliphate ដែលប្រកាសដោយ ISIS ផ្ទាល់នៅទូទាំងអ៊ីរ៉ាក់ និងស៊ីរី ក្រុមនេះបានក្លាយទៅជាបណ្តាញភេរវកម្មមួយដែលមានកោសិការីករាលដាលនៅជុំវិញពិភពលោក រួមទាំងនៅអាហ្វ្រិក មជ្ឈិមបូព៌ា អាស៊ីកណ្តាល និងអាស៊ីអាគ្នេយ៍។

ទំនាក់ទំនងរវាង ISIS-K និងក្រុមមេរបស់ពួកគេគឺមិនច្បាស់លាស់ទាំងស្រុងនោះទេ។ នៅឆ្នាំ ២០១៨ ក្រុម ISIS-K ជាប់ចំណាត់ថ្នាក់ជាក្រុមភេរវករដែលស្លាប់ច្រើនជាងគេទី ៤ របស់ពិភពលោក នេះបើយោងតាមវិទ្យាស្ថានសេដ្ឋកិច្ច និងសន្តិភាព ដែលឃ្លាំមើលអំពើភេរវកម្មសកល។ ការដណ្តើមកាន់កាប់អាហ្វហ្គានីស្ថានរបស់ពួកតាលីបង់ក្នុងខែសីហា ឆ្នាំ ២០២១ និងការដកទ័ពអាមេរិកចេញពីប្រទេសនេះ បានជំរុញឱ្យក្រុម ISIS-K ក្លាយជាការចាប់អារម្មណ៍ជាសកល ជាពិសេសបន្ទាប់ពីក្រុមនេះបានរៀបចំការទម្លាក់គ្រាប់បែកដ៏សាហាវនៅខាងក្រៅអាកាសយានដ្ឋានកាប៊ុល ដែលបានសម្លាប់បុគ្គលិកយោធាអាមេរិក ១៣ នាក់ និងជនជាតិអាហ្វហ្គានីស្ថានចំនួន ១៧០ នាក់។

អង្គការសហប្រជាជាតិបានប៉ាន់ប្រមាណក្នុងឆ្នាំ ២០២១ ថាក្រុមនេះមានយុទ្ធជនស្នូលរហូតដល់ ២,២០០ នាក់ដែលមានមូលដ្ឋាននៅក្នុងខេត្ត Kunar និង Nangarhar របស់ប្រទេសអាហ្វហ្គានីស្ថាន។

តើពួកគេចង់បានអ្វី?
ដូចអង្គការមេរបស់ខ្លួនដែរ ISIS-K មានគោលបំណងបង្កើត “រដ្ឋអ៊ីស្លាមសុទ្ធ” យោងទៅតាម CSIS ដែលពិពណ៌នាអំពីចក្ខុវិស័យរបស់ក្រុមនៃ “កាលីហ្វាតសកល” ដែលគ្រប់គ្រងដោយច្បាប់ Sharia ។ ISIS-K មានការស្អប់គ្នាទៅវិញទៅមកចំពោះពួកតាលីបង់ ហើយទាក់ទាញអ្នកដែលមានទស្សនៈរ៉ាឌីកាល់ជាងក្រុមអ៊ីស្លាមនិយមដែលគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថាន។ ពួកគេបដិសេធមិនទទួលស្គាល់ពួកតាលីបង់ថាជាមេដឹកនាំអ៊ីស្លាមស្របច្បាប់ទេ។ ដូចនេះ ការវាយប្រហារនាពេលថ្មីៗនេះរបស់ក្រុម ISIS-K ភាគច្រើន គឺសំដៅទៅលើក្រុមតាលីបង់ និងគោលដៅផ្សេងទៀត ក៏ដូចជាទៅលើជនជាតិភាគតិច Shia Muslim របស់ប្រទេសអាហ្វហ្គានីស្ថាន ជាពិសេសក្រុមជនជាតិភាគតិច Hazaras។ គំនុំគុំគួនរបស់ក្រុមលោកខាងលិច រួមទាំងសហរដ្ឋអាមេរិក អង់គ្លេស និងអឺរ៉ុប ក៏ជាចំណែកមួយនៃសកម្មភាពរបស់ពួកគេផងដែរ។

ហេតុអ្វីបានជាពួកគេវាយប្រហាររុស្ស៊ី?
អ្នកជំនាញជាច្រើនបានប្រាប់ CNN ថា ISIS មានគំនុំជាយូរមកប្រឆាំងនឹងរុស្ស៊ី និងលោកពូទីន។ន
លោក Daniel Byman នាយកកម្មវិធីសិក្សាសន្តិសុខរបស់សាកលវិទ្យាល័យ Georgetown បាននិយាយថា “ប្រទេសរុស្ស៊ីបានស្ថិតនៅតារាងកំពូលនៃបញ្ជីគោលដៅ ក្រុម ISIS អស់រយៈពេលជាច្រើនឆ្នាំមកហើយ” ។ លោកបានចង្អុលបង្ហាញពី តួនាទីសំខាន់របស់ក្រុងម៉ូស្គូក្នុងសង្រ្គាមស៊ីវិលស៊ីរីនៅពេលដែលខ្លួនបានធ្វើអន្តរាគមន៍ក្នុងការគាំទ្ររដ្ឋាភិបាលស៊ីរី និងប្រឆាំងនឹងក្រុម ISIS។ លោក Byman បានបន្ថែមថា ISIS-K ក៏បានរិះគន់ក្រុមតាលីបង់ផងដែរ សម្រាប់ការស្និទ្ធស្នាលជាមួយរុស្ស៊ី។

នៅឆ្នាំ ២០២២ ក្រុម ISIS-K បានអះអាងទទួលខុសត្រូវចំពោះការបំផ្ទុះអត្តឃាតនៅជិតស្ថានទូតរុស្ស៊ីនៅទីក្រុងកាប៊ុល ដែលបានសម្លាប់មនុស្ស ៦ នាក់ រួមទាំងបុគ្គលិកកុងស៊ុលពីរនាក់ផងដែរ។ យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA Novosti បានឱ្យដឹងថា ក្នុងរយៈពេលមួយខែកន្លងមកនេះ ប្រទេសរុស្ស៊ីបានរារាំងឧប្បត្តិហេតុពាក់ព័ន្ធនឹង ISIS ជាច្រើន។ RIA បានរាយការណ៍ថា យ៉ាងហោចណាស់ឧប្បត្តិហេតុចំនួន ៤ នៅក្នុងខែមីនាតែមួយត្រូវបានរាយការណ៍នៅទូទាំងប្រទេសរុស្ស៊ី ដែលអាជ្ញាធរក្នុងតំបន់បាននិយាយថា ពាក់ព័ន្ធនឹងមនុស្សដែលមានទំនាក់ទំនងជាមួយ ISIS ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ីបានរាយការណ៍កាលពីថ្ងៃទី ៧ ខែមីនាថា FSB ដែលជាសេវាសន្តិសុខរបស់រុស្ស៊ីបានរារាំងការវាយប្រហាររបស់ ISIS ទៅលើសាលាប្រជុំមួយក្នុងទីក្រុងមូស្គូ។ របាយការណ៍បាននិយាយថា អ្នកវាយប្រហារក្រុម ISIS ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយកាំភ្លើង។

តើមានការវាយប្រហារអ្វីទៀតដែលបង្កឡើងដោយពួក ISIS-K?
រហូតមកដល់ពេលនេះ ការវាយប្រហារដ៏សាហាវបំផុតរបស់ ISIS-K ភាគច្រើនគឺនៅអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន ដែលការបំផ្ទុះអាកាសយានដ្ឋានកាប៊ុល គឺជាឧទាហរណ៍ដ៏លេចធ្លោមួយ។ ឧទាហរណ៍ផ្សេងទៀតរួមមានការវាយប្រហារក្នុងខែឧសភា ឆ្នាំ ២០២០ ទៅលើមណ្ឌលសម្ភពក្រុងកាប៊ុល ដែលបានសម្លាប់មនុស្ស ២៤ នាក់ និងការវាយប្រហារលើសាកលវិទ្យាល័យកាប៊ុលក្នុងខែវិច្ឆិកា ឆ្នាំ ២០២០ ដែលបានសម្លាប់មនុស្ស ២២ នាក់ នេះបើយោងតាម CSIS ។ ISIS-K ក៏ត្រូវបានគេជឿថាជាអ្នកនៅពីក្រោយការបំផ្ទុះគ្រាប់បែកក្នុងរថយន្តដ៏គួរឱ្យរន្ធត់មួយនៅខាងក្រៅវិទ្យាល័យរបស់ក្មេងស្រីក្នុងខែឧសភាឆ្នាំ ២០២១ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៨៥ នាក់។

ក្រុមនេះមានសកម្មភាពច្រើននៅអំឡុងឆ្នាំ ២០១៨ នៅពេលដែលអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត ISIS-K បានសម្លាប់មនុស្ស ១២៨ នាក់នៅឯការជួបជុំបោះឆ្នោតនៅទីក្រុង Mastung ប្រទេសប៉ាគីស្ថាន ដែលជាការវាយប្រហារដ៏បង្ហូរឈាមបំផុតមួយនៅគ្រប់ទីកន្លែងក្នុងពិភពលោកក្នុងឆ្នាំនោះ។ បច្ចុប្បន្ននេះ ក្រុម ISIS-K នៅតែបន្តរៀបចំផែនការវាយប្រហារនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ វាជាក្រុមភេរវកម្មសកម្មបំផុតនៅក្នុងប្រទេស ដែលបង្កឱ្យមានមនុស្សស្លាប់ចំនួន ៧៣ នាក់ក្នុងឆ្នាំ ២០២៣ នេះបើយោងតាមវិទ្យាស្ថានសេដ្ឋកិច្ច និងសន្តិភាព។

តើពួកគេអាចបង្កការគំរាមកំហែងជាសាកលយ៉ាងទូលំទូលាយឬទេ?
ការវាយប្រហារនៅអាកាសយានដ្ឋានក្រុងកាប៊ុលបានធ្វើឱ្យមានការព្រួយបារម្ភជាសកលថា ISIS-K អាចបង្កការគំរាមកំហែងធំនៅទូទាំងតំបន់ និងលើសពីនេះ។ នៅក្នុងខែមីនា ឆ្នាំ២០២៣ ប្រមុខបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិកបានប្រាប់សមាជិកសភាថា ISIS-K កាន់តែមានភាពក្លាហាន ហើយអឺរ៉ុប ឬអាស៊ីទំនងជាគោលដៅសម្រាប់ការវាយប្រហារភេរវកម្មដែលមានដើមកំណើតនៅអាហ្វហ្គានីស្ថានជាងសហរដ្ឋអាមេរិក។

នៅក្នុងរបាយការណ៍វាយតម្លៃការគំរាមកំហែងឆ្នាំ២០២៣ ដោយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក ការិយាល័យនាយកស៊ើបការណ៍ជាតិបាននិយាយថា ISIS-K “ស្ទើរតែប្រាកដជារក្សានូវចេតនាដើម្បីធ្វើប្រតិបត្តិការនៅលោកខាងលិច ហើយនឹងបន្តការខិតខំប្រឹងប្រែងដើម្បីវាយប្រហារនៅខាងក្រៅប្រទេសអាហ្វហ្គានីស្ថាន”។ ដោយឡែកកាលពីដើមឆ្នាំនេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានព្រមាននៅក្នុងរបាយការណ៍មួយថា ISIS-K កំពុងរៀបចំផែនការ ឬធ្វើ “ផែនការប្រតិបត្តិការ” នៅអឺរ៉ុប។ ក្រុមប្រឹក្សាបាននិយាយថា មនុស្សប្រាំពីរនាក់ដែលមានទំនាក់ទំនងជាមួយក្រុមនេះត្រូវបានចាប់ខ្លួនក្នុងប្រទេសអាឡឺម៉ង់កាលពីឆ្នាំមុន ខណៈដែលកំពុងរៀបចំផែនការសម្រាប់ “ការវាយប្រហារភេរវកម្មដែលមានឥទ្ធិពល”។

អ្នកជំនាញរុស្ស៊ីពន្យល់ពីមូលហេតុដែលលោក ពូទីន ចាត់ទុកការព្រមានរបស់អាមេរិកអំពីការវាយប្រហារភេរវកម្មដែលអាចកើតមានថាជា “សំបុត្រខ្មៅ”។ វាមិនមែនជាលើកទីមួយទេដែល ISIS វាយលុកកន្លែងប្រគុំតន្ត្រី។ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៥ ខ្មាន់កាំភ្លើង ISIS បានវាយប្រហាររោងមហោស្រព Bataclan ក្នុងទីក្រុងប៉ារីស ដែលជាផ្នែកមួយនៃការវាយលុកដែលបានវាយប្រហារគោលដៅផ្សេងទៀតនៅក្នុងទីក្រុង ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់១៣០ នាក់។ ជាមួយគ្នានេះ កាលពីខែឧសភា ឆ្នាំ២០១៧ ក្រុមនេះបានសារភាពចំពោះការបំផ្ទុះគ្រាប់បែកអត្តឃាតនៅឯការប្រគុំតន្ត្រី Ariana Grande ក្នុងទីក្រុង Manchester Arena ប្រទេសអង់គ្លេស ដែលបានសម្លាប់មនុស្ស ២២ នាក់។ ISIS ក៏បានបំផុសបំផុលភេរវករនៅក្នុងសហរដ្ឋអាមេរិក រួមទាំងខ្មាន់កាំភ្លើងដែលបានសម្លាប់មនុស្ស ៤៩ នាក់នៅក្លឹបរាត្រី Pulse ក្នុងទីក្រុង Orlando រដ្ឋ Florida ក្នុងឆ្នាំ២០១៦ ផងដែរ។

ប្រភព៖ CNN