ប្រធានរដ្ឋឡាវលើកឡើងថា ប្រទេសឡាវមានសំណាងណាស់ដែលជាប្រទេសភូមិផងរបងជាមួយប្រទេសកម្ពុជា
នេះជាការលើកឡើងរបស់ឯកឧត្តម ថងលុន ស៊ីសុលីត (Thongloun Sisoulith) ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
ឯកឧត្តមប្រធានរដ្ឋ បានគូសបញ្ជាក់ថា ប្រទេសឡាវមានសំណាងណាស់ដែលជាប្រទេសភូមិផងរបងជាមួយប្រទេសកម្ពុជា និងបានបង្ហាញក្តីសង្ឃឹមថា ប្រទេសទាំងពីរនឹងនៅតែរក្សាបាននូវទំនាក់ទំនងជាប្រពៃណី និងប្រវត្តិសាស្រ្តនេះ ព្រមទាំងរួមគ្នាដោះស្រាយនូវបញ្ហាប្រឈមជាមួយគ្នា ដើម្បីឱ្យទំនាក់ទំនងនេះកាន់តែប្រសើរឡើងថែមទៀត សម្រាប់ជាឧត្តមប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។
ទន្ទឹមនោះ ឯកឧត្តមប្រធានរដ្ឋ បានសម្ដែងនូវការពេញចិត្តចំពោះលទ្ធផលនៃកិច្ចពិភាក្សាជាមួយសម្តេចធិបតី ដែលនេះជាលទ្ធផលប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅជាទីបំផុតចំពោះទំនាក់ទំនងនៃប្រទេសទាំងពីរ ក្នុងស្មារតីនៃការអនុវត្តលើចំណុចដែលបានឯកភាពគ្នា និងការបន្តកិច្ចសហប្រតិបត្តិការ ប្រកបដោយលក្ខណៈមិត្តភាព សាមគ្គីភាព និងភារតភាព។ ឯកឧត្តមប្រធានរដ្ឋបានបង្ហាញពីការប្ដេជ្ញាចិត្តរបស់ភាគីឡាវក្នុងការរកដំណោះលើបញ្ហា ដែលនៅសេសសល់ ជាពិសេលើផ្នែកថាមពល កិច្ចការព្រំដែន និងកិច្ចសហប្រតិបត្តិការសំខាន់ៗ ដទៃទៀត ដើម្បីឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរកាន់តែប្រសើរឡើង៕
ប្រភព៖ STPM