មកដឹងការពិត! ក្រសួងពាណិជ្ជកម្ម បញ្ជាក់ច្បាស់ៗថា កម្ចីអនឡាញឈ្មោះ «កម្ពុជាកម្ចីរហ័ស» ពុំបានចុះបញ្ជីពាណិជ្ជកម្ម និងពុំមានអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដូចការផ្សព្វផ្សាយឡើយ
កាលពីពេលថ្មីៗនេះ កម្ចីអនឡាញឈ្មោះ «កម្ពុជាកម្ចីរហ័ស» បានធ្វើការផ្សព្វផ្សាយ ដោយអះអាងថា អាជីវកម្មរបស់ខ្លួនបានធ្វើការចុះបញ្ជីពាណិជ្ជកម្មត្រឹមត្រូវ និងមានការទទួលស្គាល់ពីក្រសួងពាណិជ្ជកម្ម ព្រមទាំងបានប្រើប្រាស់រូបសញ្ញា (Logo) របស់ក្រសួងពាណិជ្ជកម្មក្នុងការផ្សាយពាណិជ្ជកម្មភូតកុហកធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ ដើម្បីទាញយកប្រយោជន៍ដល់អាជីវកម្មរបស់ខ្លួន។
ជុំវិញបញ្ហានេះ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីប្រកាសព័ត៌មាន បដិសេធទាំងស្រុងនូវការផ្សព្វផ្សាយរបស់អាជីវកម្មកម្ចីអនឡាញឈ្មោះ «កម្ពុជាកម្ចីរហ័ស»។
ក្រសួងបានបញ្ជាក់ថា អាជីវកម្មកម្ចីអនឡាញឈ្មោះ «កម្ពុជាកម្ចីរហ័ស» ពុំបានចុះបញ្ជីពាណិជ្ជកម្ម និងពុំមានលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកពីក្រសួង ពាណិជ្ជកម្មទេ។ អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មានជៀសវាងការចាញ់បោក និងមានការខាតបង់ទ្រព្យសម្បត្តិ ជាយថាហេតុ។