| |

លោក គ្រី ម៉ះផល ត្រូវបានតុលាការអាមេរិកដោះលែង និងរួចទោសពីបទសមគំនិតក្នុងការរត់ពន្ធសត្វព្រៃជិតផុតពូជ បន្ទាប់ពីត្រូវបានឃុំខ្លួនអស់រយៈពេល ០១ឆ្នាំ ០៤ ខែ


យោងតាមសេចក្ដីជូនដំណឹងរបស់ក្សសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា លោក គ្រី ម៉ះផល ប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះ នៃរដ្ឋបាលព្រៃឈើ ត្រូវបានតុលាការរដ្ឋហ្លរីដា សហរដ្ឋអាមេរិក សម្រេចកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ថាគ្មានទោសដូចការចោទប្រកាន់នៅក្នុងសំណុំរឿងសមគំនិតក្នុងការរត់ពន្ធសត្វស្វាក្ដាម ទៅសហរដ្ឋអាមេរិកនោះទេ។

បើយោងតាមក្រសួងកសិកម្មបានបញ្ជាក់ថា រយៈពេល ០១ឆ្នាំ ០៤ ខែមកនេះ រាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីអាណត្តិទី៦ ដល់អាណត្តិទី៧ បានខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីស្វែងរកយុត្តិធម៌ជូនមន្ត្រីរបស់ខ្លួន។

គួរបញ្ជាក់ថា លោក គ្រី ម៉ះផល គឺជាបុគ្គលម្នាក់ក្នុងចំណោមបុគ្គលប្រាំបីនាក់ដែលត្រូវបានចោទប្រកាន់ដោយតុលាការសហរដ្ឋអាមេរិកសម្រាប់ការចោទប្រកាន់ថាបានរំលោភលើអនុសញ្ញាពាណិជ្ជកម្មអន្តរជាតិនៃប្រភេទសត្វជិតផុតពូជនៃសត្វព្រៃ និងរុក្ខជាតិ (CITES) និងច្បាប់ Lacey Act និងច្បាប់ប្រភេទសត្វជិតផុតពូជរបស់សហរដ្ឋអាមេរិក។ លោក គ្រី ម៉ះផល ត្រូវបានអាជ្ញាធរអាមេរិកប្រើអំណាចចាប់ខ្លួននៅឯអាកាសយានដ្ឋានអន្តរជាតិ ចន អេហ្វ កេណ្ណេឌី ក្នុងពេលលោកកំពុងរង់ចាំបន្តដំណើរទៅចូលរួមកិច្ចប្រជុំអង្គកាសហប្រជាជាតិ ស្ដីពីអនុសញ្ញាពាណិជ្ជកម្មអន្តរជាតិ លើប្រភេទសត្វ និងរុក្ខជាតិព្រៃដែលកំពុងរងគ្រោះថ្នាក់ (CITES) នៅប្រទេសប៉ាណាម៉ា។ ការចាប់ខ្លួនដោយអយុត្តិធម៌ពីសំណាក់រដ្ឋអាជ្ញា និងទីភ្នាក់ងារមច្ឆជាតិ និងសត្វព្រៃអាមេរិក បានធ្វើឱ្យលោក គ្រី ម៉ះផល ត្រូវឃ្លាតឆ្ងាយពីគ្រួសារ និងមាតុប្រទេស អស់រយៈពេល ១ឆ្នាំ ៤ខែ និង១០ថ្ងៃ។