ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការធ្វើបុរេវិនិច្ឆ័យបែបអវិជ្ជមាន រហូតឈានដល់ការប្រើពាក្យសម្ដីមិនសមរម្យលើសមត្ថកិច្ច ឬអាជ្ញាធរ មិនគួរកើតមានឡើយ
នេះជាការលើកឡើងរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឆ្លើយតបទៅនឹង កិច្ចខិតខំប្រឹងប្រែងរបស់ស្នងការដ្ឋាននគរបាលខេត្ត អាជ្ញាធរ និងកងកម្លាំងចម្រុះ ជាពិសេសកម្លាំងពន្លត់អគ្គិភ័យ ដែលបានប្រតិបត្តិការសង្គ្រោះ និងពន្លត់ប្រកបដោយវិជ្ជាជីវៈ និងការលះបង់ខ្ពស់ ដើម្បីបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយឧប្បទ្ទវហេតុគ្រោះអគ្គិភ័យ នៅក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង កាលពីវេលាម៉ោង ៧:២០យប់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤។
ឯកឧត្តមបានលើកឡើងថា «ស៊ូស្លាប់បាកុំឱ្យស្លាប់មេ ស៊ូលិចទូកកណ្ដាលទន្លេកុំឱ្យភ្លើងឆេះផ្ទះ» យើងក៏យល់ច្បាស់នូវអារម្មណ៍ភ័យព្រួយខ្លាំងរបស់ប្រជាពលរដ្ឋដូចគ្នាដែរ។ យ៉ាងណាក៏ដោយ សូមបងប្អូនទុកលទ្ធភាពនេះ ជូនសមត្ថកិច្ចធ្វើការបានពេញដៃពេញជើង ពីព្រោះមានតែសមត្ថកិច្ចជំនាញទេដែលមានបទពិសោធ និងមានការសន្និដ្ឋានបែបបច្ចេទេសចំពោះសភាពការណ៍ជាក់ស្ដែង ជាពិសេសគោលដៅអាទិភាពត្រូវបាញ់ទឹកពន្លត់បន្ទាន់ និងគោលដៅបន្ទាប់ត្រូវការពារជាដើម។ ការធ្វើបុរេវិនិច្ឆ័យបែបអវិជ្ជមានផ្សេងៗ រហូតឈានដល់ការប្រើពាក្យសម្ដីមិនសមរម្យលើសមត្ថកិច្ច ឬអាជ្ញាធរ និងការចូលទៅរំខានផ្សេងៗ ក៏មិនគួរកើតមានឡើយ ក្នុងពេលដែលពួកគាត់កំពុងយកជីវិតទៅប្ដូរដើម្បីពួកយើង។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត បានអំពាវនាវដល់បងប្អូនជនរួមជាតិទូទាំងប្រទេស សូមមានស្មារតីប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះអគ្គិភ័យគ្រប់ទីកន្លែង ទាំងនៅក្នុងផ្ទះ ផ្សារ រោងចក្រ សហគ្រាសអាជីវកម្ម ទីតាំងសាធារណៈផ្សេងៗ ស្រែចំការ និងព្រៃជាដើម ជាពិសេសក្នុងស្ថានភាពដែលប្រទេសយើង កំពុងស្ថិតក្នុងរដូវក្ដៅ។ ជាមួយគ្នានេះ សូមកម្លាំងពន្លត់អគ្គិភ័យទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បន្តត្រៀមលក្ខណៈប្រតិបត្តិការផ្ដល់សេវាជួយសង្គ្រោះជូនប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា ដើម្បីរួមគ្នាសម្រេចគោលដៅរួម គឺ«ធ្វើអ្វីៗដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ»៕
ប្រភព៖ ក្រសួងមហាផ្ទៃ