ចំនួនអ្នកឆ្លងកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ក្នុងខេត្តព្រះសីហនុ កើនឡើងដល់៣០នាក់ហើយ


រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៧ ខែកុម្ភៈនេះ បានអះអាងថាចំនួនអ្នកវិជ្ជមានកូវីដ-១៩ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ក្នុងខេត្តព្រះសីហនុ បានកើនឡើងដល់ចំនួន៣០នាក់ហើយ ក្រោយធ្វើតេស្តវត្ថុសំណាកលើជនបរទេស និងជនជាតិខ្មែរដែលមានជាប់សង្ស័យក្នុងព្រឹត្តិការណ៍សហគមន៍លើកនេះ។

សេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តបានសរសេរថា៖«ករណីវិជ្ជមានកូវីដទាំង៣០នាក់នេះ ត្រូវបានរកឃើញនៅទីតាំង១៦ផ្សេងគ្នាក្នុងក្រុងព្រះសីហនុ។ មកដល់ពេលនេះ ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត បានយកសំណាកតេស្ដពីអ្នកពាក់ព័ន្ធជាមួយទីតាំងទាំងអស់សរុបចំនួន ៤១១៩នាក់ ក្នុងនោះ ស្រី១៦៧៦នាក់។»

សេចក្ដីជូនដំណឹងដដែលបន្តថា៖ ម្ចាស់ទីតាំងអាជីវកម្មមួយចំនួនដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះ បានស្ម័គ្រចិត្តផ្អាកដំណើរការអាជីវកម្មរបស់ខ្លួន និងរៀបចំធ្វើចត្តាឡីស័កស្របតាមការណែនាំរបស់ក្រសួងសុខាភិបាលរួមមាន សណ្ឋាគារ១០ទីតាំង កាស៊ីណូចំនួន៦ទីតាំង រមណីយដ្ឋាន១កន្លែង ភោជនីយដ្ឋាន១កន្លែង និងទីតាំងគុជអាស៊ី១កន្លែង។

រដ្ឋបាលខេត្តព្រះសីហនុ តាមរយៈសេចក្ដីជូនដំណឹង បានអំពាវនាវឱ្យេពលរដ្ឋ ក៏ដូចជាជនបរទេសដែលកំពុងស្នាក់នៅខេត្តព្រះសីហនុ គោរពតាមវិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ ដោយសារកំណើរអ្នកឆ្លងកូវីដ-១៩ មានការកើនឡើងជាបន្តបន្ទាប់គួរឱ្យព្រួយបារម្ភ ហើយក្រុមឆ្លើយតបបន្ទាន់កំពុងមមាញឹកយកវត្ថុសំណាកតេស្តពីអ្នកសង្ស័យមានចំនួនច្រើនឡើងៗ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ រដ្ឋបាលខេត្តព្រះសីហនុ ក៏បានផ្អាកដំណើរការជាបន្ទាន់នៅមន្ទីរពេទ្យឯកជនមួយកន្លែង ដែលមានទីតាំងនៅស្ថិតនៅផ្លូវវិមានឯករាជ្យ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ក្រោយមានបុរសជនជាតិចិនម្នាក់ ឈ្មោះ Feng Jian Ming អាយុ២៩ឆ្នាំ ដែលធ្លាប់ចូលព្យាបាលជំងឹនៅទីនោះ ត្រូវបានរកឃើញថាមានវិជ្ជមានកូវីដ-១៩៕

ដោយ៖ ង៉ាយ ណៃ