អ្នកជាតិនិយមថៃ នៅតែមិនបោះបង់គំនិតខ្លាចកម្ពុជាដណ្ដើមយកកោះគុតមកវិញ
កាលពីពេលថ្មីៗកន្លងទៅនេះ សារព័ត៌មានថៃបានចុះផ្សាយពីបញ្ហាភាពមិនចុះសម្រុងគ្នារវាងប្រជាជន និងរដ្ឋាភិបាលថៃ។ ជាក់ស្ដែង រដ្ឋាភិបាលថៃបានរងការវាយប្រហារផ្នែកនយោបាយជុំវិញដោយអះអាងថាកោះគួដស្ថិតក្នុងគ្រោះថ្នាក់ដែលត្រូវទាមទារដោយកម្ពុជា។ ការវាយប្រហារទាំងនេះបានកើតឡើងបន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជាបានទៅជួបមិត្តជិតស្និទ្ធគឺ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃនៅគេហដ្ឋានរបស់លោកក្នុងទីក្រុងបាងកកកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០២៤។
ដំណើរទស្សនកិច្ចនេះបានបង្កើតឱ្យមានពាក្យចចាមអារ៉ាមនិងការរំពឹងទុកថាកោះគុតអាចជាប្រធានបទក្នុងការ ចរចានាពេលអនាគតជុំវិញតំបន់ជម្លោះសមុទ្ររវាងថៃនិងកម្ពុជា។
ជម្លោះដែនសមុទ្រទំហំ ២៦,០០០ គីឡូម៉ែត្រការ៉េ រវាងប្រទេសថៃ និងកម្ពុជាបាននៅទ្រឹងចាប់តាំងពីប្រទេសទាំងពីរបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា (MOU) ក្នុងឆ្នាំ២០០១ ដោយបានយល់ព្រម “ការចរចាព្រំដែនសមុទ្រខណៈពេលដែលរួមគ្នាអភិវឌ្ឍធនធានប្រេង” ។
គេជឿថា តំបន់ជម្លោះនៅឈូងសមុទ្រថៃ អាចមានឧស្ម័នធម្មជាតិ ១១ទ្រីលានហ្វីតគូប ដែលមានតម្លៃ ៣.៥ពាន់ពាន់លានបាត និងប្រេង ៥០០លានបារ៉ែល ដែលមានតម្លៃ ១.៥ពាន់ពាន់លានបាត។ ប្រទេសទាំងពីរអាចទទួលបានអត្ថប្រយោជន៍ពីការចែករំលែកធនធានទាំងនេះ។
ទោះជាយ៉ាងណាអស្ថិរភាពនយោបាយក្នុងប្រទេសថៃរួមទាំងរដ្ឋប្រហារយោធាបានរារាំងដល់ការរីកចម្រើនក្នុងការចរចា។ ជាមួយនឹងការកើនឡើងរបស់លោកស្រី Paetongtarn លើការដឹកនាំគណបក្សភឿថៃ អ្នកខ្លះជឿថានាងអាចជួយធ្វើឱ្យកិច្ចព្រមព្រៀងដែលត្រូវបានផ្តួចផ្តើមឡើងដោយឪពុករបស់នាងឡើងវិញ ដោយសារធ្លាប់មានពាក្យចចាមអារាមថា ប្រទេសថៃអាចនឹងប្រគល់កោះមួយផ្នែកទៅឱ្យកម្ពុជា ជាថ្នូរនឹងផលប្រយោជន៍ផ្ទាល់ខ្លួនសម្រាប់គ្រួសារទាំងពីរដែលពាក់ព័ន្ធ។
យ៉ាងណាមិញ លោក Sutin Khlangsaeng រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បានច្រានចោលការអះអាងនេះថា មិនអាចទៅរួចនោះទេ។ ជាមួយគ្នានេះ ប្រធានសមាគមអភិរក្ស និងការពារធនធានធម្មជាតិខេត្តត្រាត និងជាទីប្រឹក្សាអភិបាលខេត្ត បានបញ្ជាក់ថា កោះគុតជាកម្មសិទ្ធិរបស់ប្រទេសថៃទាំងស្រុង យោងតាមសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧។ នៅពេលនោះកម្ពុជាជាអាណានិគម របស់បារាំងហើយមិនមានជម្លោះអធិបតេយ្យភាពរបស់ថៃលើកោះនេះទេ។ សន្ធិសញ្ញាបានចែងថា ព្រំដែនដីគោកដែលលាតសន្ធឹងទៅក្នុងសមុទ្រឆ្ពោះទៅកោះគុត គឺគ្រាន់តែចង់បង្ហាញពីចំណុចបញ្ចប់នៃព្រំដែនគោករវាងប្រទេសទាំងពីរនៅមាត់សមុទ្រ និងមិនបង្កើតជាព្រំដែនសមុទ្រត្រួតស៊ីគ្នានោះទេ៕
ប្រភព៖ Khaosodeng