| |

អ្វីទៅជាប្រព័ន្ធ EFMS របស់ក្រសួងអប់រំ? តើប្រព័ន្ធ EFMS ត្រូវបានបង្កើតឡើងដើម្បីអ្វី?


ប្រព័ន្ធ EFMS គឺជាប្រព័ន្ធសម្រាប់ធ្វើស្វ័យប្រវត្តិកម្មនូវដំណើរការការងារការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយគ្របដណ្ដប់ទាំងការរៀបចំថវិកា ការអនុវត្តថវិកា កិច្ចបញ្ជិកា របាយការណ៍ ការត្រួតពិនិត្យស្ថានភាពថវិកា និងការធ្វើសវនកម្មលើប្រព័ន្ធ (Audit Trials) លើប្រភពថវិការដ្ឋ និងថវិកាដៃគូអភិវឌ្ឍន៍ ជាពិសេសត្រូវបានអភិវឌ្ឍន៍ដោយក្រុមការងារបច្ចេកវិទ្យាព័ត៌មាននៃនាយកដ្ឋានហិរញ្ញវត្ថុផ្ទាល់ ហើយត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការតាមរយៈលិខិតលេខ ២៤០៣ អយក.ហវ ចុះថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២។

ដោយឡែក តាមរយៈលិខិតលេខ ៦៦២ អយក.ហវ ចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវមុខងារថ្មី គឺមុខងារគ្រប់គ្រងបេសកកម្មក្នុង និងក្រៅប្រទេស ដោយបានបង្កើតឡើងសម្រាប់កត់ត្រារាល់ប្រតិបត្តិការបំពេញបេសកកម្មទាំងក្នុង និងក្រៅប្រទេស ក្នុងន័យពង្រឹងប្រសិទ្ធភាពចំណាយ និងការគ្រប់គ្រងការបំពេញបេសកកម្ម ដូចជាស្ទួនថ្ងៃ លើសចំនួនថ្ងៃកំណត់ ការគណនាសោហ៊ុយបេសកកម្ម ការត្រួតពិនិត្យស្ថានភាពថវិកាសោហ៊ុយបេសកកម្ម ព្រមទាំងជួយសម្រួលដល់ការផលិតតារាង និងរបាយការណ៍នានាដែលចាំបាច់សម្រាប់ភ្ជាប់ជាមួយឯកសារទូទាត់បានយ៉ាងងាយស្រួល ឆាប់រហ័ស និងចំណេញពេលវេលា។

គួរបញ្ជាក់ថា ប្រព័ន្ធ EFMS ត្រូវបានដាក់ឱ្យប្រើប្រាស់ សម្រាប់អង្គភាពថ្នាក់រដ្ឋបាលកណ្ដាល គ្រឹះស្ថាន បណ្ដុះបណ្ដាលគ្រូ មន្ទីរអប់រំយុវជន និងកីឡា រាជធានី-ខេត្ត ការិយាល័យអប់រំយុវជន និងកីឡា និងសាលារៀន សាធារណៈទូទាំងប្រទេស ដែលត្រូវបានអភិវឌ្ឍដោយ ក្រុមការងារបច្ចេកទេសព័ត៌មានវិទ្យា នៃនាយកដ្ឋាន ហិរញ្ញវត្ថុផ្ទាល់៕

ប្រភព៖ MoEYS