មន្ទីរពេទ្យឯកជនមួយកន្លែងក្នុងខេត្តព្រះសីហនុ ត្រូវបានផ្អាកដំណើរជាបណ្ដោះអាសន្ន ក្រោយអ្នកជំងឺដែលធ្លាប់ចូលព្យាបាលនៅទីនោះ រកឃើញមានវិជ្ជមានកូវីដ


រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចផ្អាកដំណើរជាបណ្ដោះអាសន្ន មន្ទីរពេទ្យឯកជនមួយកន្លែង ក្នុងខេត្តព្រះសីហនុ ក្រោយរកឃើញករណីវិជ្ជមានកូវីដ-១៩ លើបុរសជនជាតិម្នាក់ ដែលធ្លាប់បានទៅពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យនោះ។

សេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានឱ្យដឹងថា៖«ក្រុមឆ្លើយតបរហ័សនៃមន្ទីរសុខាភិបាលខេត្ត បានយកសំណាកតេស្តពីបុរសជនជាតិចិនម្នាក់ឈ្មោះ Feng Jian Ming អាយុ ២៩ឆ្នាំ ដែលធ្លាប់បានទៅពិនិត្យព្យាបានជំងឺនៅមន្ទីរពេទ្យឯកជន ថៃខាង ដែលស្ថិតនៅផ្លូវឯករាជ្យ សង្កាត់លេខ៤ ក្រុងព្រះសីហនុ  ខេត្តព្រះសីហនុ ហើយលទ្ធផលតេស្តវិជ្ជមានកូវីដ-១៩។»

ក្រោយដឹងលទ្ធផលនេះ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចផ្អាកដំណើរការមន្ទីរពេទ្យនេះជាបន្ទាន់ ដោយមិនអនុញ្ញាតឱ្យមានអ្នកជំងឺថ្មីចូលពិនិត្យ ព្យាបាល ហើយក៏មិនអនុញ្ញាតឱ្យអ្នកជំងឺ និងអ្នកបម្រើការដទៃទៀតដែលកំពុងស្នាក់នៅ ព្យាបាលក្នុងមន្ទីរពេទ្យចេញ-ចូល ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចឡើយ។

បន្ថែមពីនេះ រដ្ឋបាលខេត្តព្រះសីហនុ ក៏បានបញ្ជាក់ថា៖«ក្នុងដំណាក់កាលនេះ អ្នកពាក់ព័ន្ធទាំងអស់នៅក្នុងមន្ទីរពេទ្យត្រូវតែយកសំណាកតេស្ត និងធ្វើចត្តាឡីស័កគ្រប់ៗគ្នាឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសខាភិបាល។»

គួរបញ្ជាក់ផងដែរថា ក្រោយរកឃើញករណីវិជ្ជមានកូវីដ-១៩ លើស្ត្រីជនជាតិចិនពីរនាក់ដែលមកធ្វើដំណើរមកពីរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែកុម្ភៈ កន្លងទៅ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចផ្អាកដំណើរការគ្រឹះស្ថានអប់រំសាធារណៈ និងឯកជន ក្លិបហាត់ប្រាណ និងទីតាំងប្រមូលផ្ដុំផ្សេងៗ ជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលចូលក្នុងសហគមន៍៕

ដោយ៖ ង៉ាយ ណៃ