គិតត្រឹមថ្ងៃនេះ មនុស្ស២៣៤នាក់ត្រូវបានរកឃើញថាមានវិជ្ជមានកូវីដ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ


គិតត្រឹមថ្ងៃទី២៦ ខែកុម្ភៈនេះ មនុស្ស២៣៤នាក់ត្រូវបានគេរកឃើញថាមានវិជ្ជមានកូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ហើយក្នុងនោះអ្នកឆ្លងភាគច្រើនគឺជាជនជាតិចិន និងវៀតណាមដែលរស់នៅក្នុងរាជធានីភ្នំពេញ។

ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ គឺជាការឆ្លងចូលសហគមន៍លើកទីបីនៅក្នុងប្រទេសកម្ពុជា។ រដ្ឋាភិបាលបានវាយតម្លៃការឆ្លងចូលសហគមន៍លើកនេះថា មានលក្ខណៈធំជាង និងសាំញុំាជាងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ដោយត្រឹមរយៈពេល៦ថ្ងៃប៉ុណ្ណោះ ក្រសួងសុខាភិបាលបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ សរុប២៣៤នាក់ ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។​ ចំនួននេះ បានជំរុញឱ្យចំនួនអ្នកឆ្លងកូវីដ-១៩ សរុបនៅក្នុងប្រទេសកម្ពុជាកើនឡើងដល់៧៤១នាក់ និងស្ថិតនៅលំដាប់ទីប្រាំបីក្នុងចំណោមបណ្ដាប្រទេសនៃតំបន់អ៊ាសាន។

គិតត្រឹមថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកំណត់បានទីតាំងជាង៦០កន្លែង​ ដែលពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ក្នុងនោះ​ អ្នកជាប់ទាក់ទងទាំងអស់ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក និងធ្វើចត្តាឡីស័ក ដើម្បីតាមដានរកជំងឺកូវីដ-១៩។

ជាមួយគ្នានេះដែរ ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី២៣ ខែកុម្ភៈ កន្លងទៅ បានសម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនជាបណ្ដោះអាសន្នរយៈពេល ២សប្ដាហ៍នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដើម្បីបញ្ចៀសការឆ្លងចូលសាលារៀន និងរីករាលដាលក្នុងសហគមន៍ទ្រង់ទ្រាយធំ។ ក្រោយមកទៀត សាលារៀនរដ្ឋ និងឯកជននៅក្នុងខេត្តព្រះសីហនុក៏ត្រូវបានផ្អាកដំណើរការជាបណ្ដោះអាសន្នដូចគ្នា ក្រោយរកឃើញករណីវិជ្ជមានកូវីដ-១៩ លើស្ត្រីជនជាតិចិនពីរនាក់ ដែលធ្វើដំណើរមកពីរាជធានីភ្នំពេញ។

ដើម្បីទប់ស្កាត់ស្ថានការណ៍កុំឱ្យវិវត្តទៅរកសភាពកាន់តែធ្ងន់ធ្ងរជាងនេះ រដ្ឋាភិបាលតាមរយៈក្រសួងសុខាភិបាល បានបង្កើនល្បឿននៃការចាក់វ៉ាក់សាំងជូនដល់ក្រុមមនុស្សអាទិភាព នៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួនដូចជា ខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ប៉ៃលិន កោះកុង ព្រះសីហនុ ស្វាយរៀង ពោធិ៍សាត់ និងខេត្តកែប។

បើតាមក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ មានអ្នកស្ម័គ្រចិត្តមកចាក់វ៉ាក់សាំងកូវីដ-១៩ ស៊ីណូហ្វាម សរុបចំនួន១៦០៤៥នាក់ ក្នុងនោះមាន ១៣១០១នាក់បានចាក់វ៉ាក់សាំងនេះរួចហើយ​ ចំណែកឯអ្នកស្ម័គ្រចិត្ត២៩៤៤នាក់ផ្សេងទៀត មិនទាន់ត្រូវបានអនុញ្ញាតឱ្យចាក់វ៉ាក់សាំងនេះនៅឡើយ ដោយសារបញ្ហាសុខភាព៕

ដោយ៖ ង៉ាយ ណៃ