|

ខ្សែជីវិតសង្ខេបរបស់កីឡាករបារាំង Kylian Mbappe


Kylian Mbappe កីឡាករស្នូលរបស់ក្លិបអ្នកមាន Paris Saint-Germain  និងក្រុមជម្រើសជាតិបារាំង មានប្រវត្តិតស៊ូមិនធម្មតា មុននឹងមានកេរ្តិ៍ឈ្មោះល្បីដូចសព្វថ្ងៃនេះ។ Mbappe ជាប់ឈ្មោះជាកីឡាករម្នាក់ក្នុងចំណោមកីឡាករវ័យក្មេងបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ ដែលឈ្នះពាន់រង្វាន់បាល់ទាត់ពិភពលោក ដោយកាលនោះ គេបានឈ្នះពាននេះជាមួយក្រុមជម្រើសជាតិបារាំង កាលពីឆ្នាំ២០១៨។

Kylian Mbappe មានឈ្មោះពេញថា Kylian Mbappe Lottin កើតនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ១៩៩៨ នៅភាគខាងភាគឦសាននៃទីក្រុងប៉ារីសប្រទេសបារាំង។ រូបគេបានកើត៦ខែក្រោយប្រទេសបារាំងឈ្នះពាន world cup នៅឆ្នាំ១៩៩៨ ដែលនេះអាចចាត់ទុកថាជារឿងចៃដន្យមួយកម្រកើតឡើង។

កីឡាករវ័យ២២ឆ្នាំរូបនេះស្រឡាញ់បាល់ទាត់ជាងអ្វីៗទាំងអស់។ គេបានខិតខំហ្វឹកហាត់តាំងពីកុមារភាព រហូតទទួលបាននូវភាពស្ទាត់ជំនាញលើការលេងបាល់ទាត់នេះ។ ឪពុករបស់ Kylian បានបង្ហើបថា កូនរបស់គាត់ស្រឡាញ់បាល់ទាត់ខ្លាំងណាស់ ដែលគេតែងតែលេងពេញមួយថ្ងៃ ហើយអាចមើលការប្រកួតបាល់ទាត់ ៤ទៅ៥ ប្រកួតជាប់ៗគ្នា។

បន្ថែមពីលើចំណូលចិត្តពីកំណើត កីឡាករកម្ពស់១៧៨សង់ទីម៉ែត មានឪពុកជាគ្រូបង្ហាត់បាល់ទាត់ និងម្ដាយជាអតីតអ្នកលេង Handball អាជីព ដែលសុទ្ធសឹងជាកម្លាំងចិត្តក្នុងការជំរុញឱ្យខ្លួនគេក្លាយទៅជាកីឡាករបាល់ទាត់អាជីព។

Kylian Mbappe បានចាប់ផ្ដើមឈានចូលវិថីបាល់ទាត់ក្រោ​មការបង្វឹកពីសំណាក់ឪពុករបស់គេផ្ទាល់ នៅ AS Bondy ហើយគេក៏បានបន្តទៅ Clairefontaine Academy ជាថ្នាលមួយដែលអ្នកល្បីៗដូចជា Thierry Henny William Galla និង Blaise Matuidi ជាដើម បានអភិវឌ្ឍខ្លួននិងបញ្ចប់ការហាត់នៅទីនោះ។ Kylian បានបញ្ចប់ការហាត់នៅថ្នាលល្អបំផុតមួយនៅបារាំងនេះនៅឆ្នាំ ២០១១ ដោយបង្ហាញទម្រង់លេងបានយ៉ាងល្អ។​

ដោយសារតែទេពកោសល្យរបស់គេ Mbappe ត្រូវបានក្លិបយក្សនៅបារាំង និងអេស្ប៉ាញជាច្រើនសម្លឹងឃើញហើយព្យាយាមចុះកុងត្រាជាមួយរូបគេ។ សូម្បីតែលោក Zinedine Zidane ក៏បានប៉ុនប៉ងយករូបគេចូលក្លិប Real Madrid តែដោយសារមូលហេតុមួយចំនួន ឪពុករបស់គេពេញចិត្តនឹងក្លិប  AS Monaco ជាង។

Mbappe នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ បានបង្ហាញខ្លួនជាផ្លូវការដំបូង ហើយក៏បានបំបែកកំណត់ត្រាជាកីឡាករក្មេងបំផុតប្រចាំក្លិប AS Monaco ដែលបានចូលលេងលើកដំបូងនៅអាយុ ១៦ ឆ្នាំ និង៣៤៧ថ្ងៃ។  ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦ ជាថ្ងៃដែលកីឡាករវ័យក្មេងរូបនេះរកបានគ្រាប់បាល់ដំបូងបង្អស់នៅក្របខណ្ឌលីគ១។ មិនតែប៉ុណ្ណោះ គេបានក្លាយជាកីឡាករក្មេងបំផុតដែលរកបានគ្រាប់បាល់ hat-trick នៅអាយុ ១៨ឆ្នាំ ២ខែ។ នៅរដូវកាលនោះ គេបានបង្ហាញខ្លួន៤៤ លើក រកបាន២៦ គ្រាប់ ហើយក៏បានរួមចំណែកឱ្យ AS Monaco គ្រងជើងឯកលើកដំបូងនៃក្របខណ្ឌកំពូលរបស់បារាំងគិតចាប់តាំងពីឆ្នាំ ២០០០។

ដោយសារការបង្ហាញទម្រង់លេងបានយ៉ាងល្អកីឡាករក្មេងខ្ចី Kylian Mbappe ត្រូវបានផ្ទេរមកក្លិបយក្សបារាំង PSG នៅថ្ងៃទី៣១ ខែសីហា​ ឆ្នាំ២០១៧ ក្នុងលក្ខខណ្ឌខ្ចីជើង។ ថែមលើនេះ គេបានបង្ហាញខ្លួនឱ្យជម្រើសជាតិបារាំងលើកដំបូងនៅថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៧ ដោយប្រកួតទល់នឹងក្រុមជម្រើសជាតិលុចសំបួក្នុងការប្រកួតជម្រុះ  World Cup ឆ្នាំ២០១៨ នៅទីក្រុងប៉ារីស។

នាឆ្នាំដដែលនេះ កីឡាកសម្បុរស្រអែមស្រស់បានរួមចំណែកជួយឱ្យជម្រើសជាតិបារាំងគ្រងដំណែងជើងឯកពិភពលោក ក្រោយយកឈ្នះក្រុមជម្រើសជាតិក្រូអាតនៅវគ្គផ្ដាច់ព្រ័ត្រក្នុងលទ្ធផល ៤-២។ ក្នុងព្រឹត្តិការណ៍នោះ Mbappe រកបានគ្រាបបាល់៤គ្រាប់នៅរុស្ស៊ី ដែលមានមួយគ្រាប់រកបាននៅពេលប្រកួតជាមួយក្រូអាត ហើយក៏ត្រូវបានមហាជនហៅថាកីឡាករវ័យក្មេងដ៏ឆ្នើមបំផុតមួយរូប។

គេក៏ជាកីឡាករសញ្ជាតិបារាំងវ័យក្មេងបំផុតដែលរកគ្រាប់បាល់នៅក្នុងការប្រកួត World Cup និងជាកីឡាករក្មេងបំផុតទី២បន្ទាប់ពី Pele ដែលរកគ្រាប់បាល់បាននៅវគ្គផ្ដាច់ព្រ័ត្រនៃពានរង្វាន់ World Cup ផងដែរ។

ជារួម Kylian Mbappe បានរួមចំណែកក្នុងការឈ្នះជើងឯករួមមាន ពានរង្វាន់លីគ១ឆ្នាំ ២០១៧/១៨ជាមួយ AS Monaco ពានរង្វាន់លីគកំពូលឆ្នាំ២០១៨/១៩ Coupe de France និងលីគ Cup ជាមួយ PSG ថែមទាំងពាន European Cup ជាមួយបារាំង ដែលជាកំណត់ត្រាដ៏អស្ចារ្យបំផុតប្រចាំឆ្នាំ ២០១៨ ។

គួរបញ្ជាក់ផងដែរថា កីឡាករជំនាញជើងស្ដាំរូបនេះបានចុះកុងត្រាជាផ្លូវការជាមួយ PSG តាំងទីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ ក្នុងទំហំទឹកប្រាក់ ១៨០លានអឺរ៉ូដែលជាតម្លៃខ្លួនខ្ពស់បំផុតលំដាប់ទីពីរដោយទទួលបានចំណូលប្រចាំសប្ដាហ៍គឺ ២០.៧លានអឺរ៉ូ។ ហើយកុងត្រានេះនឹងហួសសុពលភាពនៅថ្ងៃទី២២ ខែមិថុនា​ ឆ្នាំ២០២២។ ដោយឡែក បច្ចុប្បន្ន Mbappe រកបាន ១១៤គ្រាប់ក្នុងការបង្ហាញខ្លួន ១៦៧លើកនៃ៤រដូវកាលនៅ PSG៕

ដោយ៖ ម៉ាន់ ហ៊ុយលាង

កែសម្រួល៖ ង៉ាយ ណៃ