ត្រៀមខ្លួន! ក្រសួងកំពុងសិក្សាពីការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាទំនើប ក្នុងការដកពិន្ទុប័ណ្ណបើកបរឱ្យកាន់តែមានប្រសិទ្ធភាព
ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងបន្តសហការជាមួយ ក្រសួងមហាផ្ទៃ ក្នុងការអភិវឌ្ឍការងារពាក់ព័ន្ធតាមប្រព័ន្ធបច្ចេកវិទ្យាទំនើប ក្នុងនោះមាន កម្មវិធីដកពិន្ទុប័ណ្ណបើកបរឱ្យកាន់តែមានប្រសិទ្ធភាព និងតម្លាភាព។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឱកាសអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤។
ក្នុងឱកាសនោះ ឯកឧត្តម បានលើកឡើងថា ក្រសួងបាននិង បន្តជំរុញការជួសជុលថែទាំអភិវឌ្ឍផ្លូវថ្នល់ ការសាងសង់ផ្លូវល្បឿនលឿន ផ្លូវដែក និងផ្លូវ ទឹកឱ្យស្របតាមកំណើនយានជំនិះ ដើម្បីកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាខិតខំអប់រំផ្សព្វផ្សាយ ពញ្ញាក់ស្មារតីអ្នកប្រើប្រាស់ផ្លូវ ឱ្យប្រុងប្រយ័ត្ននិងគោរពច្បាប់ ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ ហើយបន្ថែមពីនេះ ក្រសួងក៏នឹងបន្តសហការជាមួយ ក្រសួងមហាផ្ទៃ ក្នុងការអភិវឌ្ឍការងារពាក់ព័ន្ធតាមប្រព័ន្ធបច្ចេកវិទ្យាទំនើប ក្នុងនោះមាន កម្មវិធីដកពិន្ទុប័ណ្ណបើកបរឱ្យកាន់តែមានប្រសិទ្ធភាព និងតម្លាភាព។
ទន្ទឹមនឹងនេះ បានប្តេជ្ញានឹងបន្តខិតខំបន្ថែមទៀត ក្នុងការរួមចំណែកធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពចរាចរណ៍នៅកម្ពុជា តាមរយៈការសាងសង់ កែលម្អ លើកកម្រិតគុណភាពសុវត្ថិភាពផ្លូវថ្នល់ បទដ្ឋានគតិយុត្ត និងការ គ្រប់គ្រងការងារ និងមធ្យោបាយដឹកជញ្ជូនទាំងផ្លូវគោក ផ្លូវទឹក និងកំពង់ផែ។ ក្នុងនោះ ក្រសួងនឹងជំរុញបញ្ចប់សេចក្តីព្រាងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី និងកៀរគរឱ្យអស់លទ្ធភាពនូវធនធានសម្រាប់ អនុវត្តសកម្មភាពការងារឱ្យបានជោគជ័យ ក្នុងការកាត់បន្ថយចំនួនអ្នកស្លាប់និងរបួស និង ផលប៉ះពាល់ពីគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅកម្រិតទាបបំផុត៕
ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
រូបភាព៖ AKP