រដ្ឋបាលខេត្តព្រះសីហនុ៖ ជនជាតិចិនពីរនាក់មកពីរាជធានីភ្នំពេញ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩


មន្ទីរសុខាភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ បានប្រកាសរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួនពីរករណីលើស្រ្តីជនជាតិចិន ដែលធ្វើដំណើរមកពីរាជធានីភ្នំពេញ ហើយបានស្នាក់នៅសណ្ឋាគារពីរកន្លែងផ្សេងគ្នាក្នុងខេត្តព្រះសីហនុ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ ចេញផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

សេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុបានរៀបរាប់ថា៖ ករណីវិជ្ជមានជំងឺកូវីដ-១៩ ពីរករណីនៅខេត្តព្រះសីហនុ ត្រូវបានគេរកឃើញលើស្រ្តីជនជាតិចិន អាយុ៣៥ឆ្នាំ មកពីរាជធានីភ្នំពេញកាលពីយប់ថ្ងៃទី១៦ ខែកុម្ភៈ ហើយបានស្នាក់នៅសណ្ឋាគារជីនបុីព័រអ៊ី ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ចំណែកឯអ្នកវិជ្ជមានម្នាក់ទៀត គឺជាស្ត្រីជនជាតិចិន អាយុ២២នាក់ មកពីរាជធានីភ្នំពេញកាលពីយប់ថ្ងៃទី២០ ខែកុម្ភៈ ហើយស្នាក់នៅសណ្ឋាគារ ហ័ងហ្គ័នជាលី ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជាមួយសង្សារ។

បច្ចុប្បន្ន ស្ត្រីទាំងពីរនាក់ ត្រូវបានដាក់នៅដាច់ដោយឡែក និងផ្ដល់ការព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ សេចក្ដីជូនដំណឹងបានបញ្ជាក់យ៉ាងដូច្នេះ។

សេចក្ដីជូនដំណឹងដដែលបានឱ្យដឹងទៀតថា រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចផ្អាកអាជីវកម្មសណ្ឋាគារជីនបុីទាំងបីសាខា និងអគារស្នាក់នៅរួមរបស់បុគ្គលិកក្រុមហ៊ុនជីនបុីក្រុងព្រះសីហនុ ព្រមទាំងសណ្ឋាគារ ហ័ងហ្គ័នជាលី ជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។

បន្ថែមពីនេះ រដ្ឋបាលខេត្តព្រះសីហនុ ក៏បានអំពាវនាវទៅដល់អ្នកដែលធ្លាប់មានវត្តមានចេញចូល នៅសណ្ឋាគារជីនបុីទាំងបីសាខា និងអគារស្នាក់នៅរួមរបស់បុគ្គលិកក្រុមហ៊ុនជីនបុី ចាប់ពីយប់ថ្ងៃទី១៦ ខែកុម្ភៈ និងសណ្ឋាគារហ័ងហ្គ័នជាលី ចាប់ពីយប់ថ្ងៃទី២០ ខែកុម្ភៈ ស្ម័គ្រចិត្តទៅធ្វើតេស្ដរកជំងឺកូវីដ-១៩ ឱ្យបានទាន់ពេលវេលា។

គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានប្រកាសរកឃើញករណីវិជ្ជមានកូវីដ-១៩ សរុបចំនួន៤០ករណី ដោយក្នុងនោះ ៣៨ករណី មានជាប់ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ៕

ដោយ៖ ង៉ាយ ណៃ