| |

ឱកាស និងការត្រៀមខ្លួនដើម្បីទទួលបានអាហារូបករណ៍ទៅសិក្សានៅបរទេស


ការសិក្សា គឺជាការអប់រំពេញមួយជីវិត និងគ្មានដែនកំណត់នោះទេ។ ស្របពេលដែលប្រទេសជាតិកាន់តែអភិវឌ្ឍ យុវជនកាន់តែត្រូវការសិក្សាពង្រីកចំណេះដឹងឥតឈប់ឈរ។ ដូច្នេះហើយ ក្រោយបញ្ចប់ថ្នាក់បរិញ្ញាបត្រ មាននិស្សិតកម្ពុជាជាច្រើនដែលបានសម្រេចចិត្តបន្តការសិក្សាថ្នាក់ក្រោយឧត្តម ដើម្បីអភិវឌ្ឍសមត្ថភាពទៅតាមជំនាញដែលខ្លួនពេញចិត្ត និងស្របទៅនឹងតម្រូវការទីផ្សារការងារផងដែរ។ នៅក្នុងនោះ ឱកាសទទួលបានអាហារូបករណ៍ទៅបន្តការសិក្សានៅបរទេស គឺជាគោលដៅរបស់និស្សិតភាគច្រើន។

ប៉ុន្តែតើនិស្សិតត្រូវត្រៀមខ្លួនបែបណា ដើម្បីអាចទទួលបានអាហាររូបករណ៍ទៅសិក្សាក្រៅប្រទេស?

កញ្ញា ម៉ុក សុខរស្មី អតីតនិស្សិតអាហារូបករណ៍ផ្នែកច្បាប់ការងារ និងការគ្រប់គ្រងធនធានមនុស្សនៅសកលវិទ្យាល័យ Nantes នៅឯប្រទេសបារាំង បានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនទាក់ទងនឹងការសិក្សានៅបរទេសយ៉ាងដូច្នេះថា៖ «ការទទួលបានឱកាសក្នុងការបន្តការសិក្សានៅបរទេស ពិតជាសារៈសំខាន់សម្រាប់និស្សិតក្នុងយុគសម័យទំនើបនេះ។ វាបានផ្ដល់ឱកាសឱ្យនិស្សិតទទួលបានបទពិសោធន៍ថ្មីៗ ពុទ្ធិថ្មីៗ ស្គាល់ពីវប្បធម៌ទំនៀមទម្លាប់ក្នុងប្រទេសនោះ ជាពិសេសនោះគឺបង្កើនចំណេះដឹងលើមុខជំនាញដែលយើងកំពុងសិក្សាក្នុងបរិបទបរទេស។»

ជាក់ស្ដែង សម្រាប់កញ្ញាផ្ទាល់បានសម្រេចចិត្តបន្តអនុបណ្ឌិតខាងផ្នែកច្បាប់ការងារ និងការគ្រប់គ្រងធនធានមនុស្សនៅប្រទេសបារាំង ដោយសារសង្កេតឃើញតម្រូវការនៃអ្នកឯកទេស ក្នុងការផ្តល់ប្រឹក្សាដល់អ្នកដែលត្រូវការជំនួយទាក់ទងនឹងបញ្ហាច្បាប់ និងចំណង់ចំណូលចិត្តផ្ទាល់ខ្លួនក្នុងការចង់សិក្សាស្វែងយល់ពីច្បាប់ការងារទាំងក្នុងប្រទេស និងការអនុវត្តច្បាប់ការងារនៅប្រទេសដទៃ ខណៈដែលនៅកម្ពុជាយើងពុំទាន់មានការយល់ដឹងទូលំទូលាយទាក់ទងនឹងសិទ្ធិពលកម្ម សិទ្ធិបុគ្គលិក ក្នុងចំណោមពលរដ្ឋទូទៅនោះទេ។

ជាមួយគ្នានេះ អតីតនិស្សិតរូបនេះ បានសង្កត់ធ្ងន់ថា៖ ឱកាសក្នុងការទទួលបានអាហារូបករណ៍ដើម្បីបន្តការសិក្សានៅក្រៅប្រទេសមិនមែនផ្តោតតែលើសមត្ថភាព និងសំណាងនោះទេ ប៉ុន្តែវាគួបផ្សំជាមួយកិច្ចខិតខំប្រឹងប្រែង និងការព្យាយាមរបស់ខ្លួន។ កញ្ញាបានចែករំលែកទៅលើចំណុចគោលមួយចំនួនចំពោះអ្នកមានបំណងចង់បន្តការសិក្សានៅក្រៅប្រទេសថា “ជាជំហានដំបូង ត្រូវមានទំនាក់ទំនងល្អជាមួយសិស្សច្បង និងលោកគ្រូអ្នកគ្រូដើម្បីទទួលបានព័ត៌មាននិងយោបល់ផ្សេងៗ។ ចំណុចទី២ នោះ គឺបង្កើនសមត្ថភាពភាសា ព្រោះការចេះភាសាផ្សេងបន្ថែមលើភាសាអង់គ្លេស និស្សិតអាចទទួលបានឱកាសកាន់តែច្រើន ជាពិសេសអ្នកដែលមានបំណងទៅសិក្សានៅអ៊ឺរ៉ុប។ ចំណុចទី៣ គឺតាមដានព័ត៌មានព័ត៌មានអាហារូបករណ៍នៅលើបណ្ដាញសង្គមរបស់ស្ថានទូតប្រទេសទាំងនោះ។ និងចំណុចសំខាន់ទី៤ គឺភាពច្បាស់លាស់ នៅពេលដែលបំពេញឯកសារ និងការបំពេញតាមលក្ខខណ្ឌដែលគេបានកំណត់។

កញ្ញាក៏បានបញ្ជាក់បន្ថែមថា “ ភាពជោគជ័យគឺជាការចាប់យកឱកាស មិនមែនគ្រាន់តែទទួលវានោះទេ។”

អត្ថបទដោយ៖ កឹម សុម៉ាលី