កំណើនឥណទាននៅកម្ពុជា បានថមថយមកកម្រិតទាបបំផុតក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយ
ប្រព័ន្ធធនាគារដែលបន្តគ្របដណ្តប់វិស័យហិរញ្ញវត្ថុ បាន ដើរតួនាទីយ៉ាងសកម្មក្នុងការគាំទ្រដល់វិស័យសេដ្ឋកិច្ចចម្បងៗផងដែរ បើទោះបីល្បឿនកំណើន ឥណទានបានថមថយក៏ដោយ។ កំណើនឥណទានបានថមថយមកត្រឹម ៤,៨% ដែលជាអត្រាទាប បំផុតក្នុងរយៈពេល ២ទសវត្សរ៍ចុងក្រោយ ដោយសារការងើបឡើងយឺតនៃវិស័យមួយចំនួន។ ឥណទាន គ្រឹះស្ថានធនាគារទៅកាន់វិស័យសណ្ឋាគារនិងភោជនីយដ្ឋានកើនឡើង ០,៦% ខណៈដែលការជួញដូរ ដុំកើន ៤,៨% ការទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួនកើន ៦,៤% ការជួញដូរអចលនទ្រព្យកើន ១៦,៩% និងសំណង់កើន ១៣,៩%។ នេះដោយយោងតាមការចេញផ្សាយរបស់ធនាគារជាតិនៃកម្ពុជា ស្ដីពីវឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារឆ្នាំ២០២៣ និងទស្សនវិស័យឆ្នាំ២០២៤។
ក្នុងស្ថានភាពនេះ បទប្បញ្ញត្តិប្រុងប្រយ័ត្នមួយចំនួនត្រូវបានអនុគ្រោះ ដើម្បីផ្តល់លទ្ធភាពបន្ថែមដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក្នុងការជួយទ្រទ្រង់វិស័យដែលត្រូវការ ហិរញ្ញប្បទានដើម្បីរក្សានិរន្តរភាព និងពង្រីកការវិនិយោគ។ ការពន្យារពេលអនុវត្តការបង្កើនអត្រាប្រាក់ បម្រុងកាតព្វកិច្ចជាដុល្លារអាមេរិកនិងបទប្បញ្ញត្តិផ្សេងៗ បានផ្តល់លទ្ធភាពឱ្យគ្រឹះស្ថានធនាគារនិង ហិរញ្ញវត្ថុមានសន្ទនីយភាពបន្ថែមប្រមាណ ១,២ ប៊ីលានដុល្លារអាមេរិក ដើម្បីផ្តល់ឥណទានទៅ វិស័យអាទិភាព។ ក្រៅពីនេះ ប្រព័ន្ធធនាគារបាននិងកំពុងរួមចំណែកក្នុងការលើកកម្ពស់បរិយាបន្ន ហិរញ្ញវត្ថុស្រ្តី និងការផ្តល់ហិរញ្ញប្បទានប្រកបដោយចីរភាព ដើម្បីពង្រឹងការចូលរួមរបស់ស្ត្រីក្នុង សកម្មភាពសេដ្ឋកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។
គួរបញ្ជាក់ថា សេដ្ឋកិច្ចពិភពលោកនៅឆ្នាំ២០២៣ ត្រូវបានមូលនិធិរូបិយវត្ថុអន្តរជាតិព្យាករថាមានកំណើន ៣% ទាបជាងឆ្នាំមុន (៣,៥%) ដោយសារការបន្តអនុវត្តនយោបាយរូបិយវត្ថុរឹតត្បិត ដែលបានដាក់ សម្ពាធលើការប្រើប្រាស់និងវិនិយោគ ស្របពេលដែលភាពតានតឹងភូមិសាស្ត្រនយោបាយ បានជះឥទ្ធិពល អវិជ្ជមានដល់កំណើនផលិតកម្ម និងពាណិជ្ជកម្មអន្តរជាតិ។ ដោយឡែក នៅកម្ពុជា កំណើនសេដ្ឋកិច្ចត្រូវបានប៉ាន់ស្មានថាបន្តងើបឡើងក្នុងអត្រា ៥,៥% ខ្ពស់ជាង ឆ្នាំមុនបន្តិច (៥,២%) ដែលគាំទ្រជាចម្បងដោយកំណើនវិស័យទេសចរណ៍និងផលិតផលកម្មន្តសាល មិនមែនកាត់ដេរ បើទោះបីជាវិស័យកាត់ដេរ សំណង់ អចលនទ្រព្យ និងកសិកម្មមានកំណើនទាប ក៏ដោយ។
រូបភាព៖ karma post