|

លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី២ របស់គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.»


នាព្រឹកថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី២ របស់ គ.ប.ក. ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើបទប្បញ្ញត្តិក្រោមច្បាប់ស្តីពីការប្រកួតប្រជែង។ ក្នុងកិច្ចប្រជុំលើកទី២នេះ បានពិភាក្សាលើរបៀបវារៈចំនួន៣ ដែលរួមមាន៖ (១.) សេចក្តីព្រាងការកែសម្រួលបទបញ្ជាផ្ទៃក្នុងស្តីពីរបៀបរបបការងាររបស់ គ.ប.ក. (២.) សេចក្តីព្រាងសេចក្តីសម្រេចស្តីពីលក្ខខណ្ឌនិងនីតិវិធីនៃការស្នើសុំការអនុញ្ញាតលើកលែងក្រោមច្បាប់ស្តីពីការប្រកួតប្រជែង និង (៣.) សេចក្តីព្រាងសេចក្តីសម្រេចស្តីពីលក្ខខណ្ឌនិងនីតិវិធីនៃគោលការណ៍អនុគ្រោះក្រោមច្បាប់ស្តីពីការប្រកួតប្រជែង។

កិច្ចប្រជុំលើកទី២ របស់ គ.ប.ក. នេះ គឺមានគោលបំណងផ្តល់ឱកាសដល់សមាជិក គ.ប.ក. ទាំងអស់ផ្តល់ធាតុចូលសំខាន់ៗលើឯកសាររៀបរាប់ខាងលើ ដើម្បីធានាឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយនិងសមស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន ព្រមទាំងផ្តល់ឱកាសជូនលេខាធិការដ្ឋាននៃ គ.ប.ក. ឆ្លើយតបនឹងការផ្តល់សេចក្តីពន្យល់ ជូនដល់សមាជិក គ.ប.ក. ទាំងអស់ពាក់ព័ន្ធនឹងការរៀបចំនិងកសាងនូវឯកសារទាំងនេះ ក្នុងកំឡុងពេលកិច្ចប្រជុំតែម្តង។ ជាលទ្ធផល អង្គប្រជុំបានពិនិត្យ ពិភាក្សា ផ្លាស់ប្តូរធាតុចូល និងឯកភាពជារួមលើខ្លឹមសារនៃសេចក្តីព្រាងការកែសម្រួលបទបញ្ជាផ្ទៃក្នុងស្តីពីរបៀបរបបការងាររបស់ គ.ប.ក. ដែលនឹងត្រូវដាក់ជូនអង្គប្រជុំសម្រេចនាកិច្ចប្រជុំសាមញ្ញលើកទី៣។