លឹម ហុកអៀង និស្សិតខ្មែរមួយរូបតស៊ូរហូតទទួលបានពានរង្វាន់ Star of the year ប្រចាំសាកលវិទ្យាល័យសៀងហៃប្រទេសចិន
ឆ្លងកាត់ការតស៊ូ ខិតខំប្រឹងប្រែង ការសម្ភាស និងការវាយតម្លៃពីសំណាក់គណៈកម្មការសាកលវិទ្យាល័យជាច្រើនដំណាក់កាល យុវនិស្សិតកម្ពុជា លឹម ហុក អៀង បានទទួលជោគជ័យក្នុងក្នុងការប្រលងជ្រើសរើស Star of the Year ប្រចាំឆ្នាំ២០២៤ ក្នុងចំណោមនិស្សិតបរទេសជាច្រើន ដែលកំពុងសិក្សានៅសាកលវិទ្យាល័យសៀងហៃ ក្នុងប្រទេសចិន។
និស្សិតឆ្នាំទី៤ ផ្នែកនគររូបនីយកម្មរូបនេះ បានបង្ហាញនូវអារម្មណ៍រំភើប និងមានមោទនភាពចំពោះពានរង្វាន់ Star of the year award for social participation ដែលខ្លួនទទួលបាននាពេលនេះ ដែលពានរង្វាន់នេះ ឆ្លុះបញ្ចាំងពីការចូលរួមក្នុងសកម្មភាព និងកិច្ចការសង្គមរបស់និស្សិត ក្នុងអំឡុងពេលសិក្សា។ ហុងអៀង បានឱ្យដឹងថា «ខ្ញុំមានបទពិសោធន៍ចូលរួមក្នុងការងារសង្គមជាច្រើនមុនពេលទទួលបានអាហារូបករណ៍មកសិក្សានៅប្រទេសចិន ដោយសារខ្ញុំជាសមាជិកមួយរូបនៃសហភាពសហព័ន្ធយុវជនកម្ពុជា។ ភាពជាសមាជិកនេះ បានបណ្ដុះទម្លាប់ចូលរួមក្នុងការងារសង្គម ក្នុងនាមជាយុវជនដែលជាទំពាំងស្នងឫស្សី។»
ហុកអៀង បានបញ្ជាក់ថា ខ្លួនជានិស្សិតអាហារូបករណ៍រាជរដ្ឋាភិបាលចិន ដែលទទួលបានតាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជាកាលពីឆ្នាំ២០២០។ នៅក្នុងឆ្នាំ២០២៣ ហុកអៀង ធ្លាប់បានចូលរួមក្នុងការដាក់ពាក្យប្រលងជ្រើសរើស Star of the Year ម្ដងរួចមកហើយ តែមិនទទួលបានជោគជ័យ តែតាមរយៈការខិតខំប្រឹងប្រែង និងមិនបោះបង់គោលដៅ ទើបធ្វើឱ្យខ្លួនទទួលបានជោគជ័យនៅក្នុងឆ្នាំនេះ។
គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំសាកលវិទ្យាល័យសៀងហៃ នៃប្រទេសចិន តែងមានកម្មវិធីប្រលងជ្រើសរើស Star of the year ដែលក្នុងនោះមានពានរង្វាន់ចំនួន៣ គឺ Star of the year award for social participation, Star of the year award academic achievement, និង Star of the year of art and athletes achievement សម្រាប់ផ្ដល់ជូននិស្សិតបរទេសដែលមានសកម្មភាពលេចធ្លោប្រចាំឆ្នាំ៕