|

ក្រសួងធនធានរ៉ែ និងថាមពល៖ «ការបង្ក្រាបទីតាំងអាជីវកម្មរ៉ែអនាធិបតេយ្យ ប្រៀបដូចជាការវែកចក»


យោងតាមក្រសួងធនធានរ៉ែ និងថាមពល បានឱ្យដឹងថាក្នុងតំបន់ភូមិសំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំនេះ គឺជាតំបន់អាជីវកម្មរ៉ែមាសបែបលក្ខណៈគ្រួសារតាំងពីអំឡុងឆ្នាំ១៩៩០ ដែលមានប្រជាជនមូលដ្ឋានប្រកបរបរជីកយក និងរែងមាសដោយដៃតាមលក្ខណៈគ្រួសារ។ ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះ មានការប្រែប្រួលពីលក្ខណៈគ្រួសារដែលធ្វើដោយដៃ និងឧបករណ៍សាមញ្ញទៅជាគ្រឿងចក្រ រំសេវជាតិផ្ទុះ និងសារធាតុគីមី ដោយកន្លែងខ្លះមានជីករូងជាអណ្ដូងរ៉ែក្រោមដី។

ជុំវិញបញ្ហាប្រឈមនេះ ក្រសួងបានសហការជាមួយអាជ្ញាធរដែនដី បានចុះអប់រំផ្សាយជាច្រើនដង និងចាត់វិធានការតាមផ្លូវច្បាប់ជាបន្តបន្ទាប់ ប៉ុន្តែការបង្ក្រាបទីតាំងអាជីវកម្មរ៉ែអនាធិបតេយ្យនៅតំបន់ទាំងនេះនាពេលកន្លងមក ប្រៀបដូចជាការវែកចកដូច្នោះដែរ ដែលសកម្មភាពទាំងនេះ កំពុងបង្កឱ្យមានការបាត់បង់ទ្រព្យសម្បត្តិ និងចំណូលជាតិ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន បង្កជាហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពរបស់អ្នកធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យខ្លួនឯង ព្រមទាំងប្រជាពលរដ្ឋនៅក្នុង និងក្រៅមូលដ្ឋាន។

ឆ្លើយតបទៅនឹងសកម្មភាពនេះ ក្រសួងធនធានរ៉ែ និងថាមពល បានប្ដេជ្ញាបញ្ចប់នូវសកម្មភាពរ៉ែអនាធិបតេយ្យ និងជំរុញឱ្យមានការធ្វើអាជីវកម្មរ៉ែដោយស្រាប់ និងអំពាវនាវឱ្យកបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើអាជីវកម្មរ៉ែមាសអនាធិបតេយ្យ បញ្ឈប់នូវរាល់សកម្មភាពខុសច្បាប់ទាំងនេះ ហើយចូលរួមទប់ស្កាត់ដោយធ្វើការជូនដំណឹងមកក្រសួងអំពីសកម្មភាពរ៉ែអនាធិបតេយ្យទាំងឡាយ។

រូបភាព៖ ភ្នំពេញប៉ុស្តិ៍