|

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ «ឆ្នាំ២០២៤នេះ សម្តេចនឹងមិនឱ្យរើសមន្រ្តីថ្មីនោះទេ»


នេះជាការបញ្ជាក់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សា ប្រមាណ ២៥០០នាក់ នៅទ្វីបអឺរ៉ុប ដែលធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានលើកឡើងថា ឆ្នាំ២០២៤នេះ សម្តេចនឹងមិនឱ្យរើសមន្រ្តីថ្មីនោះទេ ហើយមួយវិញទៀត កងកម្លាំងប្រដាប់អាវុធ ទាំងទាហាន និងប៉ូលិស បើមានប្រើប្រាស់គ្រឿងញៀន ត្រូវតែបណ្តេញចេញពីក្របខណ្ឌ។ សម្តេចធិបតី ក៏មិនជឿថា មន្រ្តីរាជរដ្ឋាភិបាល ល្អទាំងអស់នោះទេ ដូច្នេះហើយ បានត្រូវមានអភិក្រមទាំង៥ ហើយការដែលដកអភិបាលក្រុងកែប ដោយសារតែការរំលោភអំណាច គឺជាការអនុវត្តអភិក្រមទី៥។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យជនរួមជាតិ រួមគ្នាកសាងសមិទ្ធផលជាតិ និងសុខសន្តិភាព កុំឱ្យមានសង្គ្រាមកើតឡើងជាថ្មី និងបានបញ្ជាក់ថា ទិវាសន្តិភាព គឺសម្រាប់ប្រជាពលរដ្ឋខ្មែរទាំងឡាយណា ដែលស្រលាញ់សន្តិភាព និងស្អប់សង្គ្រាម ហើយត្រកូល ហ៊ុន ក៏ជាអ្នកស្រលាញ់សន្តិភាព និងស្អប់សង្គ្រាមដែរ។

គួរបញ្ជាក់ថា ពិធីសំណេះសំណាលរវាង សម្ដេចធិបតី នាយករដ្ឋមន្ត្រី និងពលរដ្ឋនាថ្ងៃនេះ គោលបំណងសំខាន់ក្នុងការជួបជុំ គឺដើម្បីសាកសួរសុខទុក្ខ និងផ្តល់នូវការសំណេះសំណាលប្រកបដោយស្មារតីខ្មែរតែមួយ ជាពិសេសក៏បានឆ្លៀតឱកាសក្នុងការធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពសុខសន្តិភាព ការអភិវឌ្ឍ និងសេចក្តីសុខសាន្តរបស់កម្ពុជា៕

ប្រភព៖ Samdech Hun Sen of Cambodia