លទ្ធផលនៃការបោះឆ្នោតរបស់តៃវ៉ាន់ បានទាញប្រតិកម្មដ៏គួរកត់សម្គាល់ពីមហាអំណាចធំៗលើពិភពលោក!


ប្រទេសចិនបាននិយាយថា “ការបង្រួបបង្រួម” ជាមួយតៃវ៉ាន់នៅតែ “ជៀសមិនរួច” បន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោតលោក William Lai Ching-te បានឈ្នះការបោះឆ្នោតដ៏សំខាន់កាលពីថ្ងៃសៅរ៍ នៅលើកោះដែលទីក្រុងប៉េកាំងអះអាងថាជារបស់ខ្លួន។

លោក Lai មកពីគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) បានទទួលជ័យជម្នះបើទោះជាមានការព្រមានពីប្រទេសចិនមិនឲ្យបោះឆ្នោតឲ្យលោកក៏ដោយ។ លោកបានយកសំឡេងឆ្នោត ៤០,១ ភាគរយនេះ បើយោងតាមលទ្ធផលពីគណៈកម្មាធិការរៀបចំការបោះឆ្នោតកណ្តាល។

លោក Lai បាននិយាយថា “ខ្ញុំចង់អរគុណប្រជាជនតៃវ៉ាន់សម្រាប់ការបើកជំពូកថ្មីមួយនៅក្នុងលទ្ធិប្រជាធិបតេយ្យរបស់យើង” ។ «យើងកំពុងប្រាប់សហគមន៍អន្តរជាតិថារវាងលទ្ធិប្រជាធិបតេយ្យ និងអំណាចផ្តាច់ការយើងនឹងឈរនៅខាងប្រជាធិបតេយ្យ»។

ដោយឡែក នៅក្នុងដំណើរការបោះឆ្នោត ប្រទេសចិនបានថ្កោលទោសលោក Lai ថាជាមនុស្សគ្រោះថ្នាក់ ហើយបាននិយាយថា គាត់នឹងក្លាយជាការគំរាមកំហែងដល់សន្តិភាពនៅក្នុងតំបន់ ប្រសិនបើគាត់ឈ្នះ ហើយបានហៅការបោះឆ្នោតថាជាជម្រើសរវាង “សន្តិភាព និងសង្រ្គាម” ហើយចិន «ប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះសកម្មភាពបំបែកខ្លួនដែលមានគោលបំណងដើម្បី ‘ឯករាជ្យភាពតៃវ៉ាន់’ ព្រមទាំងការជ្រៀតជ្រែកពីបរទេស»។

ជាមួយគ្នានេះ ប្រធានាធិបតី Joe Biden បាននិយាយថា សហរដ្ឋអាមេរិកមិនគាំទ្រឯករាជ្យភាពរបស់កោះតៃវ៉ាន់នោះទេ។ រដ្ឋបាល Biden មានការភ័យខ្លាចថា ការបោះឆ្នោត អន្តរកាល និងរដ្ឋបាលថ្មីនឹងធ្វើឱ្យជម្លោះកាន់តែកើនឡើងជាមួយទីក្រុងប៉េកាំង។

ឯអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីវិញ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទីក្រុងមូស្គូបានបន្តចាត់ទុកកោះតៃវ៉ាន់ជាផ្នែកសំខាន់មួយនៃប្រទេសចិន។ទីក្រុងមូស្គូបានបង្ហាញម្តងហើយម្តងទៀតនូវការគាំទ្ររបស់ខ្លួនចំពោះគោលនយោបាយ “ចិនតែមួយ” របស់ទីក្រុងប៉េកាំងលើបញ្ហាតៃវ៉ាន់។

យ៉ាងណាមិញ ចំពោះសហភាពអឺរ៉ុបគឺនៅតែព្រួយបារម្ភអំពីភាពតានតឹងដែលកំពុងកើនឡើងនៅក្នុងច្រកសមុទ្រតៃវ៉ាន់ និងប្រឆាំងនឹងការប៉ុនប៉ងឯកតោភាគីណាមួយដើម្បីផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន” ។ សហភាពអឺរ៉ុបគូសបញ្ជាក់ថា សន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់គឺជាគន្លឹះសម្រាប់សន្តិសុខ និងវិបុលភាពក្នុងតំបន់ និងពិភពលោក»។

ស្រដៀងគ្នានេះដែរ អង់គ្លេស និងជប៉ុន បានអបអរសាទរចំពោះលោក Lai ហើយបាននិយាយថា លោកសង្ឃឹមថាតៃវ៉ាន់ និងចិននឹងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធីតាមរយៈការសន្ទនាក្នុងន័យស្ថាបនា ដោយគ្មានការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងឬការបង្ខិតបង្ខំ”។

ប្រភព៖ Aljazeera