|

គណៈកម្មការរៀបចំបាល់ទាត់ជាតិ៖ លីគកំពូលកម្ពុជា នឹងកាន់តែមានភាពទាក់ទាញ និងប្រកួតប្រជែងខ្ពស់


គណៈកម្មការរៀបចំបាល់ទាត់ជាតិរំពឹងថា ការប្រកួតបាល់ទាត់នៅក្នុងលីគកំពូលកម្ពុជា មិត្តហ្វូនខេមបូឌាលីគ ដែលនឹងចាប់ផ្ដើមឡើងនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ខាងមុខនេះ នឹងមានភាពទាក់ទាញ និងប្រកួតប្រជែងខ្ពស់ ក្រោយកែប្រែហេដ្ឋារចនាសម្ព័ន្ធមួយចំនួន។

នារដូវកាលថ្មីនេះ សមាជិកនៅក្នុងលីគកំពូលកម្ពុជាបានពង្រឹងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងក្លិបរបស់ខ្លួន តាមរយៈការនាំចូលកីឡាករបរទេសមកចូលរួមក្រុម កែលម្អកីឡាដ្ឋាន និងពង្រឹងស្ដង់ដារនៃការប្រកួតជាដើម។ ទាំងនេះជាផ្នែកមួយអាចបង្កើនភាពទាក់ទាញ ក៏ដូចជាពង្រីកប្រជាប្រិយភាពរបស់ក្លិបនិយាយដោយឡែក និងប្រជាប្រិយភាពរបស់លីគនិយាយជារួម។

យ៉ាងណាមិញ វិធានការក្នុងការទប់ស្កាត់ជំងឺកូវីដ​-១៩ គឺនៅរក្សាដដែលដោយគោរពតាមគោលការណ៍របស់ក្រសួងសុខាភិបាល ការរក្សាគម្លាត និងការអនុញ្ញាតឱ្យអ្នកចូលរួមទស្សនាផ្ទាល់តែ១០ភាគរយនៃទំហំផ្ទុករបស់កីឡាដ្ឋានតែប៉ុណ្ណោះ។ ក្រៅពីនេះ ការប្រកួតនឹងត្រូវបានផ្សាយផ្ទាល់នៅលើគេហទំព័រផ្លូវការរបស់ CNCC ក៏ដូចជាដៃគូផ្សព្វផ្សាយផ្សេងៗដូចជា BTV ទទក និងកម្ពុជាថ្មីជាដើម។  

ថ្វីដ្បិតតែទស្សនិកជនមិនបានចូលរួមទស្សនាផ្ទាល់ក៏ពិតមែន តែគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជានៅតែអំពាវនាវ និងសង្ឃឹមថា អ្នកស្រឡាញ់វិស័យបាល់ទាត់នៅតែបន្តគាំទ្រតាមរយៈការផ្សាយផ្ទាល់ ដែលជាកម្លាំងជំរុញទឹកចិត្តដល់កីឡាករ និងក្រុមទាំងមូលក្នុងការខិតខំប្រឹងប្រែងប្រកួតយកជើងឯក៕

ដោយ៖ ម៉ាន់ ហ៊ុយលាង

កែសម្រួលដោយ៖ ង៉ាយ ណៃ