|

នាយករងនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី៖ វៀតណាមគួរតែយកចិត្តទុកដាក់លើការបញ្ចេញមតិដោយសេរី ជាជាងព្រួយបារម្ភថាកម្ពុជារងការប្រមាថ


អាជ្ញាធរវៀតណាម បានដាក់ទោសអ្នកលេងតិកតុកម្នាក់ ឈ្មោះ Hua Quoc Anh ដោយបានពិន័យជាប្រាក់ ចំនួន ៧.៥ លានដុង ប្រហែល ៣០០ ដុល្លារអាមេរិក ពាក់ព័ន្ធនឹងការថតវីដេអូនៅប្រាសាទអង្គរវត្តជាមួយនឹងសម្លៀក បំពាក់មិនសមរម្យ។

TikTok មានប្រជាប្រិយភាពខ្លាំងនៅក្នុងប្រទេសវៀតណាម ដែលជារដ្ឋឯកបក្ស ដែលគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយសង្គមយ៉ាងតឹងរ៉ឹង។ នេះ មិនមែនជាលើកទីមួយទេ ដែលការផាកពិន័យត្រូវបានធ្វើឡើងចំពោះខ្លឹមសារអនឡាញទាំងឡាយ ដែលបំពាននឹងច្បាប់នៅក្នុងប្រទេសវៀតណាម ជាពិសេសការចាប់ពិរុទ្ធលើអ៊ីនធឺណិតជាធម្មតា ទាក់ទងនឹងបញ្ហាក្នុងស្រុកដ៏រសើប ដូចជានយោបាយ ឬសិទ្ធិមនុស្សជាដើម។

នាយករងនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី លោក Phil Robertson បានប្រាប់ Nikkei Asia ដោយនិយាយថា នេះពិតជាគួរឱ្យអស់សំណើចណាស់” ហើយវៀតណាមគួរតែយកចិត្តទុកដាក់លើសិទ្ធក្នុងការនិយាយដោយសេរី ជាជាងព្រួយបារម្ភអំពីការធ្វើឱ្យកម្ពុជារងការប្រមាថ។

លោក Robertson បានបន្ថែមថា “គ្មាននរណាម្នាក់ជឿថាខេត្តសៀមរាបជារបស់ប្រទេសថៃទេ” ដូច្នេះជំហានដ៏សមស្របគឺការសើចចំអកចំពោះភាពល្ងង់ខ្លៅរបស់អ្នកផលិតមាតិកាតិកតុករូបនោះ ជាជាងធ្វើការការផ្តន្ទាទោសព្រហ្មទណ្ឌ។

នៅក្នុងវីដេអូរបស់Quoc Anh គឺមានរូបភាពទង់ជាតិនៃប្រទេសថៃ និង ព្រះឆាយាលក្ខណ៍ព្រះមហាក្សត្រថៃ ដោយមានសំឡេងនិយាយថា ៖ « សួស្ដី ជាភាសាថៃ ! » ដែលបានបង្ហោះនៅលើគណនីតិកតុកឯកជនរបស់ ខ្លួន ដែលមានអ្នកតាមដាន ជាង ៧០០,០០០ នាក់ ។

វីដេអូរបស់នាងត្រូវបានចាត់ទុកថា “ជាការក្លែងបន្លំដោយចេតនា” ដែលធ្វើឱ្យអ្នកលេងបណ្ដាញាង្គម ជាពិសេសប្រជាជនកម្ពុជា បញ្ចេញប្រតិកម្មខ្លាំងៗលើរឿងនេះ។

ពាក់ព័ន្ធនឹងករណីខាងលើ នាយកដ្ឋានព័ត៌មានទីក្រុងហូជីមិញ ក៏បានណែនាំឱ្យ Quoc Anh គួរតែ “សិក្សាឱ្យបានស៊ីជម្រៅ” ពីឧប្បត្តិហេតុដែល “មិនគោរពវប្បធម៌ និងអធិបតេយ្យភាពជាតិរបស់ប្រទេសជិតខាង”។

ប្រភព៖ Nikkei Asia