|

អ្នកណាខ្លះធ្លាប់សើច និងស្រក់ទឹកភ្នែកដោយសាររឿងកុន? តស់! មកដឹងពីបទពិសោធន៍និពន្ធ និងដឹកនាំរបស់ផលិតករឆ្នើម លី រដ្ឋា វិញម្ដង!


បច្ចុប្បន្ន ខ្សែភាពយន្តខ្មែរទទួលបានប្រជាប្រិយភាព និងសម្ទុះគាំទ្រច្រើនជាងមុន។ មួយចំណែកនៃការវិវត្តនេះ គឺដោយសារមានសាច់រឿងល្អៗ ក្រោមការដឹកនាំ និងតាក់តែងសាច់រឿងដ៏ប៉ិនប្រសប់របស់អ្នកនិពន្ធ។ យ៉ាងណាមិញ នៅពីក្រោយសមិទ្ធផលនីមួយៗ អ្នកដឹកនាំរឿងមួយចំនួនជួបផលលំបាកក្នុងការផ្តួចផ្តើមគំនិតថ្មីៗ និងផ្គត់ផ្គង់សម្រាប់ដំណើរផលិតកម្មនោះ ជាពិសេសសម្រាប់ផលិតករឯករាជ្យ។

ជាអ្នកដឹកនាំរឿង និងជាអ្នកនិពន្ធឯករាជ្យមួយរូប លោក លី រដ្ឋា ចែករំលែកបទពិសោធន៍ខ្លួនក្នុងការចាប់ផ្តើមឈរជើងលើវិស័យផលិតរឿងខ្លី និងរឿងកុន។ លោក លី រដ្ឋា បានបង្កើតក្រុមថត និងដឹកនាំដោយលោកផ្ទាល់ បន្ទាប់ពីមានបទពិសោធន៍ក្នុងការកាត់តរឿងភាគមួយចំនួនក្នុងស្ថានីយ៍ទូរទស្សន៍ដែលលោកធ្លាប់បម្រើការពីមុនមក។ “តាមពិតគឺខ្ញុំបានធ្វើការតាមផលិតកម្ម និងក្រុមហ៊ុនច្រើន ហើយយល់ដឹង និងទទួលបានបទពិសោធន៍ពីការងារហ្នឹងក៏ច្រើន ទើបខ្ញុំសម្រេចចិត្តចាប់ផ្តើមការងារមួយនេះនៅឆ្នាំ ២០២៣” លោកបានចែករំលែក។

ក្នុងនាមជាអ្នកដឹកនាំឯករាជ្យមួយរូប លោកមានជំនាញទាំងលើការនិពន្ធ កាត់ត ថត និងសម្តែងផ្ទាល់។ ក្រៅពីនេះ លោកក៏ត្រូវចាត់ចែងរកក្រុមការងារ តួថត ព្រមទាំងការចំណាយហិរញ្ញវត្ថុផ្សេងៗ ដើម្បីឲ្យដំណើរការផលិតកម្មរបស់លោករលូន។ “ខ្ញុំជួបប្រទះទាំងការបាត់បង់ចំណូល ត្រូវចំណាយច្រើនក្នុងការផលិត ចាយពេលវេលាច្រើន និងពេលខ្លះមានការរិះគន់ពីអ្នកនៅជុំវិញខ្លួនថែមទៀត”។ ទោះជាយ៉ាងណាក៏ដោយ ចំណែកទាំងអស់នេះក៏ជាចលករដល់ការអភិវឌ្ឍន៍ និងគុណភាពវីដេអូផងដែរ។ នេះបើតាមការបញ្ជាក់របស់លោក លី រដ្ឋា។

យ៉ាងណាមិញ ដោយសារតែក្តីស្រឡាញ់ និងទំនោរទៅលើវិស័យនេះ លោកបានបន្តលំនឹងក្រុមរបស់លោកបង្កើតវីដេអូខ្លីៗ ដែលជាវីដេអូកំប្លែងនៅលើបណ្តាញសង្គមឌីជីថល សម្រាប់ជាចំណីភ្នែក និងកំដរការអផ្សុកដល់ទស្សនិកជន។ មួយស្នាដៃមួយ ក្នុងចំណោមស្នាដៃជាច្រើនរបស់ផលិតករសម្បុរស្រអែម រូបនេះ គឺរឿងបែបខ្មោចកំប្លែងក្រោមចំណងជើង “រឿង ខ្សែចងក” ដែលលោកបានបញ្ចូលនូវអត្តសញ្ញាណខ្មែរ ដូចជាបញ្ចូលភ្លេងពិណ្យពាទ្យបុរាណខ្មែរ។

គួររំលឹកផងដែរថា ស្នាដៃចុងក្រោយរបស់លោកគឺជាប្រភេទរឿងកំប្លែងអប់រំ មានរួមបញ្ចូលចម្រៀងរបស់អធិរាជសម្លេងមាសលោកតា ស៊ីន ស៊ីសាមុត ក្រោមចំណងជើង “រឿង កំពូលកូន” ដែលបានចាក់បញ្ចាំងនៅក្នុងរោងកុន៕

អត្ថបទដោយ៖ កឹម សុម៉ាលី