|

ក្រសួងអប់រំ ចាត់ទុកគ្រូបង្រៀនជាដៃគូសម្រាប់កែលម្អគោលនយោបាយ!


ថ្លែងប្រសាសន៍នៅក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តស្តង់ដាសាលាមធ្យមសិក្សាចំណេះទូទៅសាធារណៈគំរូ និង អង្គវិបស្សនាគម្រោង USESDP-2 STEP UP នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ឯក ឧត្តម បណ្ឌិត សភាចារ្យ ហង់ ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លើកឡើង ពីអនុសាសន៍របស់ ម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានដាក់ចេញវិធានការគន្លឹះចំនួន៤ ក្នុងគោលដៅពង្រឹងគុណភាពគ្រឹះស្ថានសិក្សា រដ្ឋចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សា រួមមាន៖ ទី១).ការពង្រឹង អភិបាលកិច្ចសាលារៀន, ទី២).ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា, និងសកម្មភាព ក្រៅម៉ោងសិក្សាឱ្យស្រប ទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង, វិន័យ, សីល ធម៌ និងឥរិយាបថ របស់សិស្ស, ទី៣).ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈ កម្មវិធីអាហារូបត្ថម្ភដល់កុមារ និង ការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន,ទី៤). ការជំរុញ និងលើកទឹក ចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំស្របតាមពាក្យ ស្លោក «ភាពជាដៃគូរដ្ឋ និង សហគមន៍ ដើម្បីការអប់រំ។

បន្ថែមពីលើនេះ ក្រសួងអប់រំ ក៏បានកំណត់អាទិភាពចំនួន ៤ បន្ថែមទៀត គឺទី៥).ការអប់រំឌីជីថល, ទី៦).ការបង្កើតមជ្ឈមណ្ឌលឧត្តមភាពនៅគ្រឹះស្ថានឧត្តមសិក្សា, ទី៧). ការកសាងប្រព័ន្ធនិងការ អភិវឌ្ឍសមត្ថភាព, និង ទី៨) ការអភិវឌ្ឍការអប់រំកាយនិងកីឡា។ ក្រសួងបានយកចិត្តទុកដាក់លើគ្រូបង្រៀន ដោយចាត់ទុកថាគ្រូបង្រៀននៅកម្ពុជានឹង ត្រូវទទួលបានការជឿទុកចិត្តនិងការទទួលស្គាល់ថាជា “អ្នកផលិតចំណេះដឹង ពិតប្រាកដនៅកម្រិតសាលារៀន និងជាដៃគូសម្រាប់កែលម្អគោលនយោបាយ”។

ជាមួយគ្នានេះ ក្រសួងបានយកចិត្តទុកដាក់លើការពង្រឹងអភិបាលកិច្ចសាលារៀន ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅ ម៉ោងសិក្សា ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស ភាពជាដៃគូរដ្ឋ និងសហគមន៍ដើម្បីលើកកម្ពស់ការអប់រំ និងការពិនិត្យឡើងវិញលើស្តង់ដាសាលារៀន ដែលបានដាក់ចេញនាពេលកន្លងមកជាដើម។ លើសពីនេះ ក្រសួងក៏នឹងបង្កើតក្រុមការងារវាយតម្លៃសាលារៀន ដើម្បីចុះវាយតម្លៃសាលារៀន ជា២ ដំណាក់កាលផងដែរ។

គួរបញ្ជាក់ថា ថ្ងៃនេះក្រសួងអប់រំយុវជន និងកីឡា តាមរយៈគម្រោង USESDP 2 និងគម្រោង STEP UP បាន រៀបចំប្រកាសដាក់ឲ្យអនុវត្តស្តង់ដាសាលាមធ្យមសិក្សាចំណេះទូទៅសាធារណៈគំរូ និងអង្គវិបស្សនានេះឡើង ក្នុងគោលបំណងសំខាន់បីគឺ៖ ១)ការប្រកាសដាក់ឱ្យអនុវត្តស្តង់ដាសាលាមធ្យមសិក្សាចំណេះ ទូទៅសាធារណៈគំរូ និងយន្តការអនុវត្ត ២)ការពិនិត្យឡើងវិញនូវវឌ្ឍនភាព និងទិសដៅអនុវត្តបន្តរបស់ គម្រោង USESDP 2 និងគម្រោង STEP UP ៣)ការបញ្ចូលវិធីសាស្ត្របង្រៀនសាលាជំនាន់ថ្មីទៅក្នុង សាលារៀនគំរូ។

ប្រភព៖ MoEYS