|

ហេតុអ្វីការពង្រឹង គុណភាពអប់រំនៅកម្រិតឧត្តមសិក្សាផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក្លាយជាមុខព្រួញរបស់ក្រសួងអប់រំ?


ការពង្រឹងគុណភាពអប់រំនៅកម្រិតឧត្តមសិក្សាផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា គឺជាយុទ្ធសាស្ត្រ ដ៏សំខាន់នៃការអភិវឌ្ឍធនធានមនុស្ស ដើម្បីសម្រេចនូវគោលដៅនៃការអភិវឌ្ឍប្រទេស ប្រែ ក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលកម្រិត ខ្ពស់ នៅឆ្នាំ ២០៥០។ នេះជាការគូសបញ្ជាក់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុនឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកជាផ្លូវ ការនៃសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា។

ឯកឧត្តមបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តគំនិតផ្តួចផ្តើមជាច្រើនក្នុងការ ពង្រីកវិសាលភាព នៃការទទួលបានការអប់រំនៅកម្រិតឧត្ដមសិក្សាការពង្រឹងគុណភាពបណ្តុះបណ្តាល និងស្រាវជ្រាវការបង្កើតមជ្ឈមណ្ឌលឧត្តមភាពនៅគ្រឹះស្ថានឧត្ដមសិក្សាការពង្រឹង អភិបាលកិច្ចគ្រឹះស្ថានឧត្តមសិក្សាការអភិវឌ្ឍនវានុវត្តន៍ និងការជំរុញភាពជាដៃគូរវាងរដ្ឋ និង ឯកជននៅក្នុងថ្នាលអភិវឌ្ឍធនធានមនុស្សកម្ពុជា ដែលជាអាទិភាពទី១ នៅក្នុងយុទ្ធសាស្ត្រ បញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមបានបន្តថា ទិសដៅអាទិភាពកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា ឆ្នាំ ២០២៣-២០២៨ ក្រសួងអប់រំយុវជន និងកីឡាបានដាក់ចេញនូវគោលបំណងនៃការអប់រំ ដូចជា ៖ (១).បណ្ដុះមនសិកាសេ្នហាជាតិមានស្មារតីទទួលខុសត្រូវស្មោះត្រង់ និងមោទនភាពជាតិ តាមរយៈ ការលើកកម្ពស់ការប្រកាន់នូវគំនិតគុណតម្លៃបំណងប្រាថ្នារួមគ្នា ដើម្បីបង្កើតបាននូវសាមគី្គភាព ជាតិ និងអត្តសញ្ញាណជាតិ (២). ផ្តល់ការអភិវឌ្ឍគ្រប់ជ្រុងជ្រោយដល់អ្នកសិក្សា ដើម្បីទទួលបាន តុល្យភាពរវាងការអភិវឌ្ឍ កាយសម្បទា បញ្ញា អារម្មណ៍ សោភណ្ឌភាព និងស្មារតី (៣). ផលិត ធនធានមនុស្សដែលមានចំណេះដឹងបំណិន និងសមត្ថភាព ដែលស្របទៅតាមតម្រូវការទីផ្សារ ការងារសម្រាប់សេដ្ឋកិច្ច ដែលអាចប្រកួតប្រជែងនៅថ្នាក់តំបន់ និងសកលលោក (៤). រៀបចំ ការសិក្សាពេញមួយជីវិតដើម្បីឱ្យពួកគេអាចចូលរួមក្នុងពិភពលោក ដែលមានទំនាក់ទំនង ជាមួយគ្នា និងពឹងអាស្រ័យគ្នាទៅវិញទៅមកអាចធ្វើសកម្មភាពប្រកប ដោយប្រសិទ្ធភាពការ ទទួលខុសត្រូវនៅថ្នាក់មូលដ្ឋានថ្នាក់ជាតិថ្នាក់តំបន់ និងសកលលោក ដើម្បីបង្កើតនូវពិភពលោកមួយឱ្យកាន់តែមានសុខសន្តិភាព និងប្រកបដោយចីរភាព។

ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីរំពឹងថា សាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការផលិតមូលធនមនុស្សស្របតាមតម្រូវការទីផ្សារការងារជាក់ស្តែង និងការរំពឹងទុករបស់និស្សិតមាតាបិតា និងរាជរដ្ឋាភិបាល ដើម្បីចូលរួមចំណែកអភិវឌ្ឍកម្ពុជាប្រកបដោយគុណភាព ដែលអាចផ្លាស់ប្តូរជោគវាសនានិស្សិត និងធ្វើឱ្យក្តីស្រមៃនិស្សិតគ្រប់រូបក្លាយជាការពិត៕


ប្រភព៖ MoEYS