ហេតុផលសំខាន់មួយ ដែលនឹងធ្វើឱ្យ ពោតក្រហម ដំឡូងមី ស្រូវ មានតម្រូវការទីផ្សារកាន់តែខ្ពស់!


ក្រសួងពាណិជ្ជកម្ម បានចុះអនុស្សារណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ស្តីពី កិច្ចសហប្រតិបត្តិការជំរុញការប្រមូលទិញផលិតផលកសិផលសម្រាប់ផលិតចំណីសត្វ និងកិច្ចសហប្រតិបត្តិការដើម្បីលើកកម្ពស់សុវត្ថិភាពម្ហូបអាហារ ពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មសាច់សត្វ និងផលិតផលផ្សំពីសាច់រវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ស៊ី.ភី ខេមបូឌា (C.P. Cambodia)។

ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ខាងលើនេះបានបង្ហាញពីកិច្ចសហការគ្នារវាងវិស័យរដ្ឋាភិបាល និងផ្នែកឯកជន ដែលបានចូលរួមអនុវត្តនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ពិសេសកម្មវិធីគោលនយោបាយអាទិភាពទី៥ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលពាក់ព័ន្ធនឹងការស្វែងរកយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅធ្វើឱ្យមានស្ថិរភាពថ្លៃលក់រាយផលិតផលកសិកម្មនៅលើទីផ្សារក្នុងរយៈពេលមធ្យម ក្នុងគោលដៅបង្កើនផលិតភាពរបស់កសិករ និងកាត់បន្ថយហានិភ័យនានា ដែលអាចធ្វើឱ្យកសិផលជន់ជោរនៅលើទីផ្សារនិងធា្លក់ថ្លៃនៅរដូវកាលប្រមូលផលស្របគ្នា។

ថ្លែងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់នេះ លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា “ការចូលរួមប្រមូលទិញពោតក្រហម ដំឡូងមី កន្ទក់ និងកញ្ជុងអង្ករ ដែលសុទ្ធសឹងជាធាតុចូលកសិកម្មសក្តានុពលនៅក្នុងប្រទេសកម្ពុជារបស់ក្រុមហ៊ុនស៊ី.ភី គឺជាការចូលរួមដ៏មានសារៈសំខាន់ក្នុងការកាត់បន្ថយសម្ពាធនៃការផ្គត់ផ្គង់កសិផលនៅលើទីផ្សារ ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការពង្រឹងភាពប្រកួតប្រជែង និងការលើកកម្ពស់ផលិតភាពដែលអនុស្សរណៈនៃការយោគយល់គ្នាចំនួន ៣ នេះ នឹងអនុញ្ញាតឱ្យមានការប្រមូលទិញពោតក្រហម ប្រមាណ ២៥ ម៉ឺនតោន ក្នុងមួយឆ្នាំ ដំឡូងមីប្រមាណ ១៥ ម៉ឺនតោន ក្នុងមួយឆ្នាំ ស្រូវប្រមាណ ២ ម៉ឺនតោន ក្នុងមួយឆ្នាំ កន្ទក់ ប្រមាណ ៥ម៉ឺនតោន ក្នុងមួយឆ្នាំ និងកញ្ចុងអង្ករប្រមាណ ១ម៉ឺនតោន ក្នុងមួយឆ្នាំផងដែរ។”

លោកជំទាវរដ្ឋមន្ត្រីបានបន្ថែមថា “ការជំរុញផលិតកម្មចំណីសត្វ នឹងជួយជំរុញផលិតភាពនិងកាត់បន្ថយថ្លៃដើមផលិតកម្មក្នុងស្រុក មិនត្រឹមតែបង្កើនសមត្ថភាពផ្គត់ផ្គង់របស់ផលិតករក្នុងស្រុកក្នុងតម្លៃប្រកួតប្រជែងប៉ុណ្ណោះទេ ផលិតករថែមទាំងអាចទទួលបានប្រាក់ចំណេញមួយកម្រិតបន្ថែមទៀតលើការចំណាយលើធាតុចូលកសិកម្ម។ ការវិនិយោគ ទាំងនេះបានបង្កើតការងារ និងពង្រឹងឱ្យបានរឹងមាំនូវខ្សែច្រវាក់តម្លៃនៅគ្រប់ដំណាក់កាល ប្រកបដោយចីរភាព បរិយាបន្ន និងមានគុណតម្លៃខ្ពស់ គិតចាប់តាំងពីការប្រមូលទិញធាតុចូលក្នុងតម្លៃប្រកួតប្រជែង ការពង្រីកតម្រូវការទីផ្សារវត្ថុធាតុដើមនៃផលិតផលកសិកម្ម ការបង្កើតនិងការកែច្នៃផលិតផលថ្មីជាដើម។”

លើសពីការជំរុញផលិតកម្មចំណីសត្វ ដែលផលិតក្នុងស្រុក នឹងជំរុញផលិតភាពនិងកាត់បន្ថយថ្លៃដើមផលិតកម្មក្នុងស្រុក ដែលមិនត្រឹមតែបង្កើនសមត្ថភាពផ្គត់ផ្គង់របស់ផលិតករក្នុងស្រុកក្នុងតម្លៃប្រកួតប្រជែងប៉ុណ្ណោះទេ ផលិតករអាចទទួលបានប្រាក់ចំណេញមួយកម្រិតបន្ថែមទៀតនៅពេលដែលតម្លៃធាតុចូលកសិកម្ម ជាពិសេសចំណាយលើចំណីសត្វមានតម្លៃសមរម្យ ដែលនេះជាកត្តាមួយអាចជួយសម្រាលដល់ការកើនឡើងថ្លៃចំណីសត្វ៕