អ្នកស្ម័គ្រចិត្តចំនួន៣២៣៦នាក់ បានទទួលការចាក់វ៉ាក់សាំងរួចហើយ


ក្រសួងសុខាភិបាលប្រកាសថា គិតត្រឹមថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ មានអ្នកស្ម័គ្រចិត្តសរុប៣៩៦២នាក់ដោយមិនរាប់បញ្ចូលទាហាន មកចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ស៊ីណូហ្វាម ដែលជាជំនួយរបស់ប្រទេសចិន។ ក្នុងនោះមាន៣២៣៦នាក់ បានទទួលការចាក់វ៉ាក់សាំងនេះរួចរាល់ហើយ ខណៈមួយចំនួនទៀតមិនទាន់ត្រូវបានអុញ្ញាតឱ្យចាក់នៅឡើយ ដោយសារបញ្ហាសុខភាព។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល ចេញផ្សាយថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១។

អ្នកស្ម័គ្រចិត្តចំនួន៣២៣៦នាក់ ក្នុងនោះមានស្រី១០៤០នាក់ ត្រូវបានគេរាយការណ៍ឱ្យដឹងថា បានទទួលការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ រួចហើយ នៅតាមបណ្ដាមន្ទីរពេទ្យនានា ដែលរៀបចំឡើងដោយក្រសួងសុខាភិបាល។ ចំណែកឯអ្នកស្ម័គ្រចិត្ត៧២៦នាក់ផ្សេងទៀត មិនទាន់ត្រូវបានអនុញ្ញាតឱ្យចាក់វ៉ាក់សាំងនេះនៅឡើយ ដោយសារមានបញ្ហាសុខភាព។ ក្រសួងសុខាភិបាលបានបញ្ជាក់យ៉ាងដូច្នេះ។

គួរបញ្ជាក់ថា កម្មវិធីចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ស៊ីណូហ្វាម ដែលជាជំនួយរបស់ប្រទេសចិន បានចាប់ផ្ដើមតាំងពីថ្ងៃទី១០​ ខែកុម្ភៈមកម៉្លេះ ដោយមានការស្ម័គ្រចិត្តពីកូនប្រុសទាំងបីរបស់សម្ដេចហ៊ុន សែន រដ្ឋមន្ត្រីវ័យក្មេងដែលមានអាយុមិនលើស៥៩ឆ្នាំនិងមានលក្ខខណ្ឌសមស្របមួយចំនួន និងក្រុមអ្នកសារព័ត៌មានដែលត្រូវបានគេចាត់ទុកថាជាអ្នកដែលប្រឈមខ្ពស់នឹងការឆ្លងជំងឺកូវីដ-១៩។ បើតាមក្រសួងសុខាភិបាល ការចាក់វ៉ាក់សាំងនេះ ធ្វើឡើងក្នុងគោលការណ៍ស្ម័គ្រចិត្ត និងគ្មានការបង្ខិតបង្ខំនោះទេ៕

រូបភាព៖ Calmette Hospital

ដោយ៖ ង៉ាយ ណៃ