នារសៀលថ្ងៃសុក្រ ទី៨ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកដំបូងរបស់ គ.ប.ក. ដែលមានការអញ្ជើញចូលរួមពីឯកឧត្ដមអនុប្រធានអចិន្ត្រៃយ៍ ឯកឧត្ដម លោកជំទាវ ជាអនុប្រធាន និងសមាជិក គ.ប.ក. ដែលអញ្ជើញមកពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ។
កិច្ចប្រជុំលើកដំបូងរបស់ គ.ប.ក. នេះ មានគោលបំណងផ្តល់ឱកាសដល់ឯកឧត្ដម លោកជំទាវ ជាអនុប្រធាន និងសមាជិក គ.ប.ក. បានជួបពិភាក្សាការងារ មានមតិសំណេះសំណាល និងណែនាំខ្លួន។ នៅក្នុងអាណត្តិថ្មីនេះ ដើម្បីបន្តនូវបេសកកម្មជំរុញ និងលើកកម្ពស់គោលនយោបាយនិងច្បាប់ស្តីពីការប្រកួតប្រជែងនៅកម្ពុជា។ កិច្ចប្រជុំលើកដំបូងនេះ បានផ្តោតសំខាន់លើរបៀបវារៈចំនួន ៣ រួមមាន៖
១) ការអានសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលស្តីពីការតែងតាំងសមាសភាពនៃ គ.ប.ក. ចុះថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣
២) មតិសំណេះសំណាលនិងការណែនាំខ្លួនដោយសមាជិក សមាជិការបស់ គ.ប.ក.
៣) ការធ្វើបទបង្ហាញចំនួន ៤ ដោយ ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. និងជាសមាជិក គ.ប.ក. លើ៖ ក) របាយការណ៍លទ្ធផលការងាររបស់ គ.ប.ក. និងលេខាធិការដ្ឋាននៃ គ.ប.ក. ដែលសម្រេចបាននាពេលកន្លងមក ខ) អនុក្រឹត្យស្ដីពីការ រៀបចំនិងការប្រព្រឹត្តទៅរបស់ គ.ប.ក. គ) បទបញ្ជាផ្ទៃក្នុងស្តីពីរបៀបរបបការងាររបស់ គ.ប.ក. និង ឃ) ផែនការសកម្មភាពរបស់ គ.ប.ក. ។
ជាលទ្ធផល អង្គប្រជុំបានពិនិត្យ និងពិភាក្សាជារួមលើខ្លឹមសារនៃបទបង្ហាញទាំង ៤ ខាងលើ ព្រមទាំងកំណត់ផែនការសកម្មភាពការងារសម្រាប់ឆ្នាំ២០២៤ របស់ គ.ប.ក. និងអគ្គនាយកដ្ឋាន ក.ប.ប. ដែលជាលេខាធិការដ្ឋាន។ ទន្ទឹមនេះ អង្គប្រជុំក៏បានសម្រេច៖
១). ស្នើឱ្យលេខាធិការដ្ឋាន គ.ប.ក. ធ្វើការសិក្សាបន្ថែមលើការកែសម្រួលនូវប្រការពាក់ព័ន្ធមួយចំនួនក្រោមបទបញ្ជាផ្ទៃក្នុងស្តីពីរបៀបរបបការងាររបស់ គ.ប.ក. ដើម្បីជំរុញនូវដំណើរការកិច្ចប្រជុំរបស់ គ.ប.ក. ឱ្យកាន់តែមានប្រសិទ្ធភាពនិងប្រសិទ្ធផល
២). កំណត់កិច្ចប្រជុំបន្ទាប់នៅក្នុងសប្តាហ៍ទី៤ ខែមករា ឆ្នាំ២០២៤។