ម្ចាស់ទូកទេសចរណ៍៖ សេវាកម្មល្អ ជាផ្នែកមួយសំខាន់ជំរុញឱ្យភ្ញៀវមកលេងខេត្តកំពតកាន់តែច្រើន
នៅមិនឆ្ងាយប៉ុន្មានពីទីរួមខេត្តកំពត គេឃើញមានទូកទេសចរណ៍លម្អទៅដោយភ្លើងពណ៌ឆើតឆាយ សំចតនៅតាមដងព្រែកនៃខេត្តកំពត រងចាំបម្រើសេវាកម្មជូនអ្នកទេសចរដែលមកលេងកម្សាន្តនៅក្រុងចំណាស់មួយនេះ។ ខណៈព្រះអាទិត្យរៀបនឹងលេចផុតទៅ អ្នកបម្រើសេវាកម្មជួលទូកក៏បានចាប់ផ្ដើមការងាររបស់ខ្លួនទៅតាមទម្លាប់ដូចសព្វមួយដង។
ក្នុងចំណោមទូកទេសចរណ៍ទាំងនោះ គេឃើញមានទូកទេសចរណ៍មួយដែលហាក់លេចធ្លោជាងទូកឯទៀត ដោយសារការរៀបចំបដិសណ្ឋារកិច្ច និងសេវាកម្ម មានលក្ខណៈត្រឹមត្រូវទៅតាមស្ដង់ដារអាចទទួលយកបាន។
ស្ថិតក្នុងសម្លៀកបំពាក់សាមញ្ញ អាវកបើកសាច់ក្រណាត់ ពណ៌ស ខ្មៅ ដោយមានប៊ិកស៊កជាប់ជាមួយហោប៉ៅអាវ ព្រមជាមួយនឹងខោក្រណាត់ខ្មៅជើងធំនោះផង លោក កាលី ម្ចាស់ទូកទេសចរណ៍នោះ បានរៀបរាប់ប្រាប់ថា៖ «មិនមែនខ្ញុំមិនខ្វល់ពីការរកភ្ញៀវនោះទេ ប៉ុន្តែខ្ញុំខ្វល់ពីសុខទុក្ខភ្ញៀវ និងខ្វល់ពីសណ្ដាប់ធ្នាប់របស់អាជីវកម្មខ្ញុំជាង។»
កន្លងមក ធ្លាប់មានប្រជាពលរដ្ឋដែលជាភ្ញៀវទេសចរណ៍មួយចំនួនធំ បានបញ្ចេញមតិរិះគន់ចំពោះតម្លៃថ្លៃ ហួសហេតុនៃគ្រឿងសមុទ្រ សេវាកម្មរបស់អាជីវករ ក៏ដូចជាចំណាត់ការចំពោះសន្តិសុខ ក្នុងពេលស្រុកប្រារព្ធ ពិធីបុណ្យជាតិម្ដងៗ។ លោក កាលី បញ្ជាក់ដូច្នេះ។
លោកបន្តថា៖ «តម្លៃរបស់ទូក និងម្ហូបអាហារនៅលើទូក “The Gold” គឺសុទ្ធតែជាតម្លៃមួយដែលសមរម្យ ព្រោះខ្ញុំចង់ទាក់ចិត្តភ្ញៀវទេសចរមិនមែនត្រឹមតែមួយថ្ងៃ ប៉ុន្តែចង់ឱ្យពួកគេចងចាំ និងបន្តជ្រើសរើសកន្លែងនេះជាគោលដៅទេសចរណ៍នៅក្នុងគម្រោងដំណើរកម្សាន្តបន្ទាប់របស់ពួកគេ។»
ម្ចាស់ទូករូបនេះ តែងញញឹម និងបង្ហាញនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ទៅកាន់ភ្ញៀវទេសចរគ្រប់ៗរូបនៅលើទូករបស់លោក។ បន្ថែមពីនេះ ក្រោយពីបម្រើសេវាកម្មជូនភ្ញៀវទៅមើលថ្ងៃលិចរួចរាល់ លោកប្រញាប់ប្រញាល់រត់ទៅកាន់កំពង់ចម្លង ដើម្បីចាំជួយចម្លងចាស់ៗ និងក្មេងៗដែលជាភ្ញៀវរបស់គាត់។
« ខ្ញុំចង់ឃើញក្រុងកំពត ប្រែក្លាយទៅជាទីក្រុងអ៊ូអរមួយ ដែលមានភ្ញៀវទេសចរច្រើន ហើយខ្ញុំមិនត្រឹមតែចង់អោយអាជីវកម្មទូករបស់ខ្ញុំទទួលបានជោគជ័យទេ ។ ប៉ុន្តែ ខ្ញុំក៏ចង់ឃើញអាជីវករផ្សេងៗអាចដំណើរការបានផងដែរ ហើយដើម្បីឱ្យទីក្រុងយើងអ៊ូអរបាន គឺត្រូវចាប់ផ្ដើម ពីការផ្ដល់សេវាកម្ម និងបដិសណ្ឋារកិច្ចល្អដល់ភ្ញៀវទេសចរគ្រប់រូបដែលមកលេងកម្សាន្តនៅទីនេះ។»
គួរបញ្ជាក់ផងដែរថា ក្នុងអំឡុងថ្ងៃបុណ្យចូលឆ្នាំចិនកន្លងទៅ ខេត្តកំពតជាខេត្តដែលមានភ្ញៀវទេសចរទៅលេងកម្សាន្តច្រើនបំផុតលំដាប់ទីបីបន្ទាប់ពីរាជធានី និងខេត្តសៀមរាប។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងទេសចរណ៍៕
ដោយ៖ សាន ស្រីនិច
កែសម្រួល៖ ង៉ាយ ណៃ