២០២៣ ជាឆ្នាំដែលមានសិស្សជាប់និទ្ទេស A ច្រើនបំផុតបន្ទាប់ពីឆ្នាំ២០២១ ក្នុងរយៈពេល៩ឆ្នាំ នៃកំណែទម្រង់


ក្រសួងអប់រំយុវជន និងកីឡា នឹងប្រកាសលទ្ធផលប្រលងបាក់ឌុបរបស់សិស្សានុសិស្ស នៅរសៀលថ្ងៃទី២៣នេះ។យោងតាមតួលេខរបស់ក្រសួងបានបង្ហាញថាការប្រលងមធ្យមសិក្សាទុតិយភូមិ ឬហៅបាក់ឌុប ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៦ វិច្ឆិកា ២០២៣នេះ មានបេក្ខជនប្រលងជាប់សរុប ៩៨ ៤៦០ នាក់ ដែលស្មើនឹង៧២.៨៩ % នៃបេក្ខជនប្រលងសរុប។ ក្នុងនោះ សិស្សដែលប្រលងជាប់និទ្ទេស A មានចំនួន ១,៦៧៣ នាក់ និទ្ទេស B ចំនួន៦,៩៦៤ នាក់ និទ្ទេស C ចំនួន១៨,៣០៨ នាក់ និទ្ទេស D ចំនួន៣៤,២៤៦ នាក់ និងនិទ្ទេស E ចំនួន៣៧,២៦៩ នាក់។

ចំនួនបេក្ខជនដែលប្រលងជាប់និទ្ទេស A នៅក្នុងឆ្នាំនេះ ជាចំនួនដ៏ច្រើន ខណៈនៅឆ្នាំ២០១៤ បេក្ខជនជាប់និទ្ទេស A មាន ចំនួន ១១នាក់ ឆ្នាំ២០១៥ បេក្ខជនជាប់និទ្ទេស A មានចំនួន ១០៨នាក់ ឆ្នាំ២០១៦ បេក្ខជនជាប់ និទ្ទេស A មានចំនួន ៤០៥នាក់ ឆ្នាំ២០១៧ បេក្ខជន ប្រឡងជាប់និទ្ទេស A មាន ចំនួន ៤២៤ នាក់ ឆ្នាំ២០១៨ បេក្ខជនប្រឡងជាប់និទ្ទេស A ២៩០នាក់ ឆ្នាំ២០១៩ បេក្ខជនប្រឡងជាប់និទ្ទេស A ចំនួន ៤៤៣នាក់ ឆ្នាំ២០២១ បេក្ខជនប្រលងជាប់និទ្ទេស A មានចំនួន ១,៧៥៣នាក់ និងបេក្ខជនទទួលបាននិទ្ទេស A នៅក្នុងឆ្នាំ២០២២ មានចំនួន ១,០៤៩នាក់។

គួរបញ្ជាក់ថា ឆ្នាំ២០២៣ គឺជាឆ្នាំទី៩ហើយ ដែលឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានធ្វើកំណែទម្រង់នៅក្រសួងអប់រំ យុវជន និងកីឡា ដែលជំរុញឱ្យសិស្សានុសិស្សខិតខំប្រឹងប្រែងសិក្សា សម្រេចបានជោគជ័យដោយសមត្ថភាពប្រាកដ ស្របទៅនឹងទិសស្លោក «អ្នកចេះគឺជាប់»៕