ប៉ូលសេដ្ឋកិច្ចដ៏មានសក្តានុពលថ្មីមួយទៀតរបស់កម្ពុជា បានចាប់ផ្ដើមហើយ!
អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ត្រូវបានបើកឱ្យដំណើរការនៅថ្ងៃទី១៦ តុលា ២០២៣ ដែលមានទីតាំងស្ថិតនៅក្នុងឃុំតាយែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដោយគ្របដណ្តប់លើផ្ទៃដីប្រមាណ ៧០០ហិកតា មានចម្ងាយប្រមាណ ៤០គីឡូម៉ែត្រ ពីប្រាសាទអង្គរវត្ត និង៥១គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប ព្រមទាំងរចនាឡើងពីការបញ្ចូលគ្នានូវ “វប្បធម៌ ធម្មជាតិ និងភាពឆ្លាតវៃ”។ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ មានលំដាប់ថ្នាក់នៃការហោះហើរប្រភេទ4E ដែលអាចផ្តល់លទ្ធភាពឱ្យយន្តហោះធុនធំ Boeing747 និង Airbus A340 ធ្វើការចុះចតបាន ដោយនឹងអាចមានលទ្ធភាពទទួលអ្នកដំណើរចំនួន ៧លាននាក់ក្នុងមួយឆ្នាំសម្រាប់ផែនការរយៈពេលខ្លី និង២០លាននាក់ក្នុងមួយឆ្នាំសម្រាប់ផែនការរយៈពេលវែង។
កាលានុវត្តភាពថ្មីនេះ នឹងក្លាយជាសក្តានុពលស្រូបទាញដ៏ខ្លាំងក្លា និងសំខាន់សម្រាប់វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប និយាយដោយឡែក ព្រមទាំងវិស័យទេសចរណ៍ទូទាំងប្រទេស និយាយជារួម។ ការណ៍នេះ នឹងអាចទាក់ទាញដល់វិនិយោគិន ក៏ដូចជាផ្តល់ប្រយោជន៍សេដ្ឋកិច្ចមូលដ្ឋានដល់ប្រជាពលរដ្ឋ។
គួរបញ្ជាក់ថា ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport) នៅក្នុងខេត្តសៀមរាប បានប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។
ប្រភព៖ អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល