ជាឋានសួគ៌ទេសចរណ៍ពិតមែន ប៉ុន្តែករណីបាញ់ប្រហារនៅទីសាធារណៈក្នុងប្រទេសថៃ កើតឡើងកាន់តែញឹកញាប់ និងគួរឱ្យបារម្ភ


ក្នុងចំណោមបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ ប្រទេសថៃបានក្លាយជាគោលដៅរបស់អ្នកទេសចរភាគច្រើន និងជាប្រទេសមួយ ដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេបំផុតនៅក្នុងតំបន់ ដោយសារតែចំណុចពិសេសៗមួយចំនួនដូចជា នយោបាយលើកលែងទិដ្ឋាការ ម្ហូបអាហារ ទេសចរវេជ្ជសាស្ត្រ ការកម្សាន្តពេលរាត្រី ហើយថ្មីៗនេះ ប្រទេសថៃបានអនុញ្ញាតឲ្យប៉ូលិសចិន មកល្បាតលើដីរបស់ខ្លួន ដើម្បីគឺការដោះស្រាយបញ្ហាសន្តិសុខនិងការធានាគុណភាពនៃសេវាកម្មដែលផ្តល់ឲ្យភ្ញៀវទេសចរ អំឡុងពេលស្នាក់នៅក្នុងប្រទេសថៃផងដែរ។

យ៉ាងណាមិញរឿងមួយដែលគួរកត់សម្គាល់គឺ នារយៈពេលចុងក្រោយនេះនៅក្នុងប្រទេសថៃមានករណីផ្ទុះអាវុធ ការបាញ់ប្រហារនៅតាមទីសាធារណៈជាញឹកញាប់ ដែលធ្វើភ្ញៀវទេសចរព្រួយបារម្ភអំពីសុវត្ថិភាពរបស់ខ្លួន។

ថ្មីៗនេះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ លោក Anutin Charnvirakul បាននិយាយថា លោកកំពុងពិចារណាអំពីការហាមឃាត់ជនស៊ីវិលមិនឲ្យកាន់កាំភ្លើងនៅកន្លែងសាធារណៈ ហើយបានពិគ្រោះជាមួយនាយកដ្ឋានរដ្ឋបាលខេត្ត (DPA) អំពីការធ្វើវិសោធនកម្មច្បាប់នេះ ដើម្បីឲ្យមានប្រសិទ្ធភាព។

លោកបានបញ្ជាក់ថា វិធានការនេះមានគោលបំណងដាក់ការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង និងហាមប្រាមសាធារណជនដែលក្រៅពីមន្ត្រីមិនឱ្យមានសិទ្ធិកាន់កាំភ្លើងនៅកន្លែងសាធារណៈឡើយ។ ការអធិប្បាយនេះ បានធ្វើឡើងបន្ទាប់ពីការបាញ់ប្រហារដ៏សាហាវនាពេលថ្មីៗនេះក្នុងទីក្រុង បាងកក ដោយការបាញ់ប្រហារមួយបានផ្ទុះឡើងដែលបង្កឡើងដោយក្រុមនិស្សិតដែលប៉ះទង្គិចគ្នានៅមុខសាលា Sacred Heart Convent ក្នុងតំបន់ Klong Toey ក្នុងទីក្រុង បាងកក។ ហេតុការណ៍នេះ បណ្ដាលឱ្យគ្រូបង្រៀនម្នាក់បានបាត់បង់ជីវិត។

ទន្ទឹមនឹងនេះ ពីរថ្ងៃក្រោយមក នៅម៉ោងប្រហែល ២ ទៀបភ្លឺ មានការបាញ់ប្រហារមួយទៀត ពាក់ព័ន្ធនឹងក្រុមយុវជនដែលនៅជិតមាត់ផ្លូវ Soi Pattanakarn ៥៣ នៅលើផ្លូវខាងមុខនៃផ្លូវហាយវេ បាងកក-ឈុនបុរី ក្នុងសង្កាត់សួនហ្លួង ដែលសិស្សសាលាគណិតវិទ្យា អាយុ ១៥ ឆ្នាំ ម្នាក់ត្រូវគេវាយសម្លាប់។

បច្ចុប្បន្ននេះ ប្រជាពលរដ្ឋដែលមានកាំភ្លើងស្របច្បាប់អាចយកវាទៅទីសាធារណៈដើម្បីការពារខ្លួន ប្រសិនបើពួកគេទទួលបានលិខិតអនុញ្ញាតចាំបាច់។ ដោយឡែក ការចេញលិខិតអនុញ្ញាតឱ្យនាំចូល និងជួញដូរអាវុធពិត និងចម្លង ត្រូវបានផ្អាកបន្ទាប់ពីការបាញ់ប្រហារកាលពីថ្ងៃទី ៣ ខែតុលា នៅផ្សារទំនើបបាងកក ដែលក្មេងប្រុសអាយុ ១៤ ឆ្នាំម្នាក់ប្រើកាំភ្លើងកែច្នៃបណ្តាលឲ្យស្លាប់មនុស្ស ៣ នាក់ និង៥នាក់ទៀតរងរបួស។

ប្រភព៖ BANGKOK POST, VIETNAM PLUS