ស្គាល់តែបុណ្យនៃសេចក្ដីស្រឡាញ់ ចុះអ្វីទៅជាមូលហេតុនៃការកកើតទិវានេះ?


ទិវាបុណ្យនៃសេចក្ដីស្រឡាញ់ ត្រូវបានប្រារព្ធឡើងនៅរៀងរាល់ថ្ងៃទី ១៤ ខែកុម្ភៈ។ ពិធីបុណ្យនេះត្រូវបានមនុស្សភាគច្រើនស្គាល់ ជាពិសេសបណ្ដាប្រទេសដែលកាន់សាសនាគ្រឹស្ដ។ ប្រជាជនដែលប្រារព្ធពិធីបុណ្យនេះ នាំគ្នាទិញកាដូរ ដែលភាគច្រើនជាបាច់ផ្កាជូនគ្នាទៅវិញទៅមក ដោយពួគគេជឿថា នេះជាវិធីក្នុងការបង្ហាញសេចក្ដីស្រឡាញ់ចំពោះគ្នា។

មិនខុសពីទិវាបុណ្យផ្សេងៗ ទិវាបុណ្យនៃសេចក្ដីស្រឡាញ់នេះ ក៏មានប្រវត្តិ និងមូលហេតុនៃការប្រារព្ធផងដែរ។

យោងតាមប្រភពព័ត៍មាន BBC ប្រភពរបស់បុណ្យនៃសេចក្ដីស្រឡាញ់ បានកើតឡើងដំបូងក្នុងឆ្នាំ ២៧០​ នៃគ.ស នៅឯចក្រភពរ៉ូមុំាង ដែលកាលណោះគ្រប់គ្រងដោយស្ដេច ក្លោឌាសទី ២ (Claudius II)។

ប្រភពព័ត៍មានដដែលបានសរសេររៀបរាប់ពីប្រវត្តិទិវាបុណ្យនៃសេចក្ដីស្រឡាញ់ដែលមានខ្លឹមសាថា៖ វ៉ាលេនថាញ (Valentine) គឺជាឈ្មោះរបស់បុព្វជិតសាសនាគ្រឹស្ដម្នាក់ ដែលមានឈ្មោះពេញថា Saint Valentine ។

កាលណោះចក្រភពរ៉ូមុំាងគឺជាចក្រភពដ៏ខ្លាំងក្លាមួយដែលបានពង្រីកវិសាលភាពទឹកដីរបស់ខ្លួនជាបន្តបន្ទាប់ ម្លោះហើយកងកម្លាំងទាហ៊ានគឺជាកត្តាសំខាន់បំផុតក្នុងការវាយដណ្កើមទឹកដី។ ដោយហេតុនេះ ស្ដេច ខ្លោឌាសទី ២ បានចេញច្បាប់មួយហាមប្រាមមិនអោយមានការរៀបអាពាហ៍ពិពាហ៍ឡើយ ក៏ព្រោះតែប្រជាជនប្រុសៗដែលមានគ្រួសារ មិនដាច់ចិត្តចាកចោលគ្រួសារដើម្បីទៅធ្វើទាហ៊ាន។

ច្បាប់នេះត្រូវបានអនុវត្តន៍យ៉ាងតឹងរឹងបំផុត និងមិនមាននរណាហ៊ានចេញមុខតវ៉ាឡើយ រហូតដល់ពេលមួយដែល ព្រះសង្ឃនៃសាសនាគ្រឹស្ដគឺលោក វ៉ាលេនថាញ លួចលាក់ធ្វើពិធីរៀបការអោយគូរស្នេហ៍ទាំងឡាយណាដែលស្រឡាញ់ស្មោះស្ម័គ្រចំពោះគ្នា។​

មិនយូរប៉ុន្មាន រឿងនេះក៏លេចលឺទៅដល់ស្ដេច ហើយព្រះសង្ឃ វ៉ាលេនថាញ ក៏ត្រូវបានគេចាប់យកទៅឃុំ និងត្រៀមទទួលទោសប្រហារជីវិត។ ក្នុងពេលដែលព្រះសង្ឃ វ៉ាលេនថាញ ជាប់ឃុំនៅក្នុងគុក គូរស្នេហ៍ទាំងឡាយដែល វ៉ាលេនថាញ បានជួយអោយរៀបការ ​បាននាំគ្នាមកជុំគ្នានៅក្រៅបង្អួចគុក និងបោះបាច់ផ្កាចូលទៅខាងក្នុងគុក។

កំឡុងពេលជាប់ឃុំនៅក្នុងគុកនោះដែរ វ៉ាលេនថាញ និងកូនស្រីរបស់ឆ្មាំគុកម្នាក់បានបង្កើតសេចក្ដី ស្រឡាញ់ចំពោះគ្នាយ៉ាងជ្រាលជ្រៅ និងប្រាថ្នាបានរួមរស់ បង្ហាញការស្រឡាញ់ដោយមិនអាចមានអ្វី មកហាមឃាត់។

ប៉ុន្មានថ្ងៃបន្ទាប់ដែលត្រូវនឹងថ្ងៃទី ១៤ កុម្ភៈ ព្រះសង្ឃ វ៉ាលេនថាញ ក៏ដល់ពេលកាត់ទោសប្រហារជីវិត មុខសារធារណៈជន ប៉ុន្តែមុនស្លាប់ លោកបានបន្សល់ទុកនូវសំបុត្រស្នេហាមួយច្បាប់ទៅកាន់មនុស្សជាទី ស្រឡាញ់របស់លោក ដោយសរសេនៅលើស្រោមសំបុត្រថា “Your Valentine” ។

ចាប់តាំងពីថ្ងៃនោះមក នៅរៀងរាល់ថ្ងៃទី ១៤ ខែកុម្ភៈ ប្រជាជនប្រុសស្រី តែងយកផ្កាដែលពួកគេយល់ថាជា ដំណាងនៃសេចក្ដីស្រលាញ់ប្រគល់អោយគ្នា ក៏ដូចជារំលឹកដឹងគុណទៅដល់ព្រះសង្ឃ វ៉ាលេនថាញ នោះឯង។

ប្រភព៖ BBC

អត្ថបទ៖ សាន ស្រីនិច