អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ជាចម្លើយឆ្លើយតបទៅនឹងមន្ទិលថា BRI ជាបំណុល ឬជាប្រយោជន៍សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍


វេទិកាខ្សែក្រវាត់ និងផ្លូវកាលពីខែមុន នៅទីក្រុងប៉េកាំង បានបង្កឱ្យមានការអត្ថាធិប្បាយយ៉ាងច្រើនអំពីភាពជោគជ័យ ភាពបរាជ័យ និងអនាគតរបស់កម្មវិធី ផលចំណេញផ្នែកសេដ្ឋកិច្ច និងនយោបាយពីកម្មវិធីនេះក្នុងរយៈពេល១០ឆ្នាំកន្លងមក និងអ្វីដែលប្រទេសលោកខាងលិចបានខកខាន។ ប្រទេសចិន និងសម្ព័ន្ធមិត្តបាននិយាយដោយមិនរារែកថា BRI បានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រទេសកំពុងអភិវឌ្ឍន៍។ យ៉ាងណាមិញ អ្នកដែលប្រឆាំងនឹងចិន បានលើកឡើងថា BRI បានធ្វើឱ្យបន្ទុកបំណុលកាន់តែធ្ងន់ធ្ងរដល់ប្រទេសដែលចូលរួម ជះឥទ្ធិពលអវិជ្ជមានលើអភិបាលកិច្ច សូចនាករបរិស្ថាន និងសង្គមរបស់ពួកគេ ហើយថែមទាំងបានប្រឆាំងទៅនឹងសណ្តាប់ធ្នាប់ពិភពលោកទៀតផង។

ដោយឡែកថ្មីៗនេះ ការសាងសង់អាកាសយានដ្ឋានថ្មីដ៏គួរឱ្យទាក់ទាញ និងទាន់សម័យ នៅកម្ពុជាដែលចំណាយថវិកាប្រមាណ ១ពាន់លានដុល្លារ និងត្រូវបានបង្កើតឡើងដោយសម្ព័ន្ធក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋមកពីខេត្តយូណានរបស់ប្រទេសចិន ត្រូវបានផ្តល់ហិរញ្ញប្បទានដោយស្ថាប័នហិរញ្ញវត្ថុចិន បានរួមចំណែកដល់ការអភិរក្សរមណីយដ្ឋានអង្គរ ក៏ដូចជាសម្រួលដល់ការចុះចតប្រកបដោយសុវត្ថិភាព។

អាកាសយានដ្ឋានថ្មីដែលមានចម្ងាយប្រហែល ៤០ គីឡូម៉ែត្រពីខេត្តសៀមរាប គឺនៅឆ្ងាយពីប្រាសាទអង្គរវត្តដ៏ល្បីជាងអាកាសយានដ្ឋានចាស់របស់ទីក្រុង ដែលបានបិទកាលពីខែមុននៅពេលដែលអាកាសយានដ្ឋានសៀមរាប-អង្គរបើកដំណើរការ។ ការផ្លាស់ប្តូរនេះនឹងរួមចំណែកដល់ការអភិរក្សរមណីយដ្ឋានអង្គរ ក៏ដូចជាសម្រួលដល់ការចុះចតប្រកបដោយសុវត្ថិភាព។

អាកាសយានដ្ឋានថ្មីនឹងអាចផ្ទុកអ្នកដំណើរបាន ៧ លាននាក់ក្នុងមួយឆ្នាំ កើនឡើងពី ២ លាននាក់នៅព្រលានយន្តហោះចាស់ និងទំនិញកាន់តែច្រើន។ ខណៈពេលដែលសមត្ថភាពទទួលភ្ញៀវកាន់តែច្រើនអាចមានសារៈសំខាន់នាពេលអនាគតសម្រាប់សេដ្ឋកិច្ចដែលពឹងផ្អែកលើវិស័យទេសចរណ៍របស់កម្ពុជា។

ប៉ុន្តែផ្ទុយពីគម្រោង BRI មួយចំនួននៅក្នុងប្រទេសផ្សេងទៀត ពុំមានសញ្ញាណាមួយបង្ហាញថា កម្ពុជានឹងនៅសល់បំណុលដោយសារ BRI ឡើយ បើទោះបីជាចរាចរណ៍នៅសៀមរាប-អង្គរ នៅមិនទាន់អាចព្យាករបានក៏ដោយ។ទន្ទឹមនឹងនេះ ការយល់ឃើញដែលថាគម្រោង BRI បានជំរុញប្រទេសកម្ពុជាចូលទៅក្នុងដៃរបស់ប្រទេសចិនគឺមានលក្ខណៈសាមញ្ញពេក។ អ្នកបង្កើតគោលនយោបាយកម្ពុជាយកចិត្តទុកដាក់ចំពោះប្រទេសចិន ដោយសារសារៈសំខាន់ដ៏ធំធេងរបស់ខ្លួនក្នុងនាមជាដៃគូពាណិជ្ជកម្ម និងវិនិយោគ អ្នកផ្តល់ប្រាក់កម្ចី និងអ្នកម៉ៅការ។

ប៉ុន្តែមេដឹកនាំកម្ពុជាក៏មានការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការពិចារណាផ្នែកនយោបាយ ហើយពួកគេបានយកចិត្តទុកដាក់ចំពោះអ្វីដែលចិនអាចធ្វើបាន ដើម្បីជំរុញសមត្ថភាពរបស់ពួកគេក្នុងការផ្តល់ផលប្រយោជន៍សេដ្ឋកិច្ច។ ខណៈពេលដែលមានការផ្លាស់ប្តូរជាច្រើននៅក្នុង BRI ទៅកាន់គម្រោងតូចៗ សៀមរាប-អង្គរ មិនមែនជាគម្រោងតូចនោះទេ។ វាត្រូវបានកំណត់ឱ្យកាន់តែធំជាមួយនឹងការតភ្ជាប់ និងការអភិវឌ្ឍដែលបានគ្រោងទុក។

តើសៀមរាប-អង្គរនឹងទទួលបានការតភ្ជាប់ពហុមុខងារដែលកម្ពុជាត្រូវការដើម្បីរីកចម្រើនទេ? តើកម្ពុជាអាចសម្រេចបានតាមសក្តានុពលដែលខ្លួនចង់បានដែរឬទេ ក្នុងខណៈពេលដែលទស្សនវិស័យមិនច្បាស់លាស់នៃទេសចរណ៍ចិនក្នុងរយៈពេលក្រោយកូវីដ ដោយសារការធ្លាក់ចុះទំនុកចិត្តអ្នកប្រើប្រាស់ និងការធ្លាក់ចុះនៃសេដ្ឋកិច្ចក្នុងស្រុក។

ទោះជាយ៉ាងណាក៏ដោយ អាកាសយានដ្ឋានថ្មីបង្ហាញពីរបៀបដែលប្រទេសកំពុងអភិវឌ្ឍន៍ចង់បាន ហើយក៏អាចបញ្ជាក់ថា BRI មានអត្ថប្រយោជន៍ច្រើនជាងការជាប់បំណុល។ កម្ពុជា នៅតែចាប់អារម្មណ៍នឹងគម្រោង BRI បន្ថែមទៀត ដូចដែលត្រូវបានបញ្ជាក់យ៉ាងច្បាស់ក្នុងដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅទីក្រុងប៉េកាំង នាពេលថ្មីៗនេះ។ ដរាបណាប្រទេសចិន និងដៃគូប្រទេសកំពុងអភិវឌ្ឍន៍របស់ខ្លួនអាចរៀបចំឱ្យមានអត្ថប្រយោជន៍ទៅវិញទៅមក BRI ប្រាកដជាដំណើរបានយូរតទៅទៀត៕

ប្រភព៖ NIKKEI ASIA